នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម
ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

សន្តិសុខ និង សង្គម

ចំហេះព្រៃបំផ្លាញឃ្លាំងរំសេវ នៅជិតទីក្រុង Volos របស់ប្រទេសក្រិក

2023/07/28 10:20:08 am        263
ក្រិក៖ នាយករដ្ឋមន្ត្រី លោក Kyriakos Mitsotakis កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកក្កដា) បាននិយាយថា ប្រទេសក្រិក ចាំបាច់ត្រូវចាត់វិធានការបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ខណៈដែលចំហេះព្រៃនៅភាគកណ្តាលនៃប្រទេស បានឆាបឆេះ ដោយបង្ខំឲ្យមានការជម្លៀសកាន់តែច្រើន និងការផ្ទុះនៅឃ្លាំងរំសេវ។ទូរទស្សន៍រដ្ឋក្រិក ERT បានរាយការណ៍ថា សំឡេងផ្ទុះយ៉ាងខ្លាំង ត្រូវបានឮចេញពីឃ្លាំងគ្រាប់រំសេវ នៅក្នុងទីក្រុងឆ្នេរសមុទ្រ Nea Aghialos។ រូបភាពពីវីដេអូ បានបង្ហាញឲ្យឃើញពីសំណុំផ្សែង ដែលហុយទ្រលោមឡើងទៅលើមេឃ ខណៈដែលឧទ្ធម្ភាគចក្រជាច្រើនគ្រឿង បានប្រឹងប្រែងទម្លាក់ទឹកពីលើដើម្បីពន្លត់ភ្លើង ហើយអ្នកស្រុក បានជម្លៀសចេញពីតំបន់នោះ។ដោយលើកឡើងពីប្រភពមិនបញ្ចេញឈ្មោះ ទូរទស្សន៍ ERT បានឲ្យដឹងថា ឃ្លាំងគ្រាប់រំសេវជារបស់កងទ័ពអាកាសក្រិក ហើយភ្លាមៗ មិនទាន់មានសេចក្តីរាយការណ៍អំពីការមានរបួសនោះទេ។ គ្រោះអគ្គិភ័យនៅទូទាំងប្រទេស ដែលរីករាលដាលកាន់តែឆាប់រហ័ស និងកាន់តែមានឥទ្ធិពលខ្លាំង ដោយសារកម្លាំងខ្យល់បក់ខ្លាំង និងសីតុណ្ហភាពឡើងខ្ពស់លើសពី ៤០អង្សាសេ បានសម្លាប់មនុស្ស ២នាក់បន្ថែមទៀត នៅកណ្តាលប្រទេសក្រិក កាលពីថ្ងៃពុធ (ទី២៦ ខែកក្កដា) ដោយធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះនេះ កើនឡើងដល់ ៥នាក់ហើយ។ចាប់តាំងពីថ្ងៃពុធមក ក្រុមមន្ត្រីបានបញ្ជាឲ្យជម្លៀសសហគមន៍ជាច្រើននៅក្នុងតំបន់ដែលរងគ្រោះខ្លាំង Magnesia ដែលជាតំបន់ឆ្នេរភាគខាងជើងនៃទីក្រុងអាតែន។ មនុស្សកាន់តែច្រើនត្រូវបានជម្លៀសចេញដោយបង្ខំ កាលពីថ្ងៃព្រហស្បតិ៍ ដោយខ្លះតាមរយៈទូកល្បឿនលឿនឯកជន ហើយធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែ Volos ដែលនៅជិតនោះ ខណៈដែលអណ្តាតភ្លើងបានឆាបឆេះឡើងវិញ៕

រថយន្តរាប់រយគ្រឿងរងការជន់លិចក្រោយទឹកទន្លេហូរប្រៀនច្រាំងនៅទីក្រុង Noida ជិតរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា

2023/07/27 01:04:49 pm        214
ឥណ្ឌា៖  រថយន្តជាង ៣៥០គ្រឿង រងការជន់លិចនៅទីក្រុងពាណិជ្ជកម្ម Noidaស្ថិតនៅជាប់នឹងតំបន់ភាគអាគ្នេយ៍រដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា ក្រោយទឹកទន្លេ Hindonហូរប្រៀបច្រាំងកាលពីថ្ងៃពុធ ។   រូបភាពវីដេអូឃ្លីបរបស់ទូរទស្សន៍ ឃើញប្រជាពលរដ្ឋរស់នៅជិតច្រាំងទន្លេ បានផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព ហើយសាលារៀនក្បែរនោះ បានបិទទ្វារ ។  ប្រជាពលរដ្ឋ ជួបការលំបាកខ្លាំងក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវជន់លិច ដែលនាំឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ពេលដែលភ្លៀងខ្លាំង នៅតែបន្តស្រោចស្រព នៅក្នុងរដ្ឋធានីប្រទេសឥណ្ឌាមួយនេះ ។  លោក Dilip Gautamគឺជាពលរដ្ឋក្នុងស្រុកមួយរូបរស់នៅក្នុងទីក្រុង Noidaនិយាយថា រដ្ឋាភិបាលគួរតែស្វែងរកដំណោះស្រាយចំពោះបញ្ហាជន់លិចនេះ ។ មានសាលារៀននៅក្បែរនោះ ហើយផ្លូវធំទូលាយ ដូច្នេះហើយពួកគេគួរតែស្វែងដំណោះស្រាយលើបញ្ហាមួយនេះ ។  លោកបន្តថា រថយន្តក្រុងដឹកសិស្សសាលា បានខូចតាមផ្លូវ សិស្សសាលាកំពុងប្រឈមបញ្ហានៅទីនោះ ហើយវាគឺជាស្ថានភាពដ៏លំបាកមួយ ពេលដែលទឹកចូលក្នុងម៉ាស៊ីនរថយន្ត ។ រដ្ឋាភិបាលគួរតែគិតគូរពីបញ្ហាមួយនេះ ដែលត្រូវបានប្រឈមដោយពលរដ្ឋសាមញ្ញ ។  សូមបញ្ជាក់ថា ប្រទេសឥណ្ឌាដែលមានប្រជាពលរដ្ឋជាង ១,៣ពាន់លាននាក់នោះ អាស្រ័យនឹងភ្លៀងធ្លាក់ដើម្បី ទ្រទ្រង់ជីវពលរដ្ឋរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ ហើយភាគច្រើននៃពួកគេពឹងផ្អែកទាំងស្រុងលើការធ្វើកសិកម្ម ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងច្រើនហួសហេតុពេក ក៏អាចបណ្តាលឲ្យកើតមានទឹកជំនន់ បំណាក់ដី និងជំងឺអាសន្នរោគផងដែរ ៕

ព្យុះកំណាច Doksuri បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ខណៈហ្វីលីពីនទប់ស្កាត់ទឹកជំនន់ និងបំណាក់ដី

2023/07/27 12:06:56 pm        105
ហ្វីលីពីន៖ អាជ្ញាធរនៅក្នុងប្រទេសនេះ បាននិយាយថា ព្យុះដ៏មានឥទ្ធិពល បាននាំមកនូវទឹកជំនន់ និងបំណាក់ដី ដែលកំពុងរាលដាលមកកាន់ប្រទេសហ្វីលីពីនកាលពីថ្ងៃពុធបណ្តាលឲ្យមនុស្សយ៉ាងហោច៦នាក់ស្លាប់។ យោងតាមក្រុមប្រឹក្សាគ្រប់គ្រងនិងកាត់បន្ថយហានីភ័យគ្រោះមហបន្តរាយជាតិ បានឲ្យដឹងថា ព្យុះកំណាច Doksuri ដែលគេស្គាល់ថា Egay នៅក្នុងប្រទេសហ្វីលីពីន បានបណ្តាលឲ្យមានទឹកជំនន់នៅទូទាំងតំបន់ចំនួន៥ និងមានបំណាក់ដីបង្កឡើងដោយទឹកភ្លៀងជាង១០កន្លែងផ្សេងទៀត។ ទីភ្នាក់ងារនិយាយថា ជនរងគ្រោះម្នាក់ បានស្លាប់នៅតំបន់ Calabarzon ភាគកណ្តាល និង៤នាក់ទៀត នៅក្នុងតំបន់ Cordillera ជាតំបន់ភ្នំ ហើយមនុស្ស២នាក់ផ្សេងទៀតបានរងរបួសនៅកន្លែងៀផ្សេងទៀតក្នុងប្រទេសនេះ។ ការិយាល័យអាកាសធាតុប្រទេសហ្វីលីពិន Pagasa និយាយថា ព្យុះនេះបានបង្កឲ្យមានបំណាក់ដី នៅជិតកោះ Fuga ភាគខាងជើងដាច់ស្រយាល។ យោងតាមមជ្ឈមណ្ឌលព្រមានព្យុះកំណាចរួម បានឲ្យដឹងថា ទោះបីជាព្យុះនេះ បានចុះខ្សោយពីព្យុះកំណាចដ៏មានឥទ្ធិពល ព្យុះ Doksuri បានមកដល់ជាមួយខ្យល់បក់មានល្បឿនប្រមាណ២២០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលស្មើនឹងព្យុះកំណាចអាត្លងទិកប្រភេទទី៤។ ការិយាល័យអាកាសធាតុប្រទេសហ្វីលីពិន Pagasa បានព្រមានថា ស្ថានភាពដែលកំពុងគំរាមកំហែងដល់ជីវិត និងកញ្ជ្រោលឡើងខ្លាំង ត្រូវបានគេរំពឹងមាននៅក្នុងតំបន់មួយចំនួននៃកោះ Luzon ជាកោះមានមនុស្សរស់នៅច្រើនបំផុត និងធំបំផុតរបស់ប្រទេសហ្វីលីពីន ខណៈភ្លៀងធ្លាក់ខ្លាំងបានវាយបក់មកលើប្រទេសនេះ។ អភិបាលខេត្ត Cagayan បានផ្អាកសាលារៀន និងបានបិទការិយាល័យ និងបាននិយាយថា មនុស្សជាង១២.០០០ ត្រូវបានជម្លៀសខ្លួនពីទីក្រុងតំបន់ភ្នំនិងឆ្នេរសមុទ្រ កាលពីល្ងាចថ្ងៃអង្គារ។ ទន្ទឹមនឹងនេះដែរ នៅកោះតៃវ៉ាន់ រលកខ្ពស់ៗ និងភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារនៅភាគខាងកើតកោះតៃវ៉ាន់ នៅថ្អៃព្រហស្បតិ៍នេះ ជាកន្លែងដែលអាជីវកម្ម និងសាលារៀនជាច្រើនកន្លែងត្រូវបានបិទ ហើយការព្រមានពីបំណាក់ដីត្រូវបានចេញ។

ការវាយបករបស់អ៊ុយក្រែនទៅលើរុស្ស៊ី កំពុងដំណើរការទៅមុខ ខណៈអាមេរិក ប្ដេជ្ញាគាំទ្រ

2023/07/27 11:44:45 am        103
អាមេរិក៖ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធទី២៦ កក្កដាថា ការវាយបករបស់អ៊ុយក្រែន ទៅលើកងកម្លាំងរបស់រុស្ស៊ី ពុំបានជាប់គាំងនោះទេ ទោះបីជាពុំមានវឌ្ឍនភាពពេញលេញតាមការចង់បានក៏ដោយ ។   លោក Kirby បានអត្ថាធិប្បាយបែបនេះ នៅពេលត្រូវបានសួរពីស្ថានភាពនៃការវាយបករបស់អ៊ុយក្រែននៅក្នុងសន្និសីទសារព័ត៌មានមួយ។  លោក Kirby បាននិយាយថា លោកប្រធានាធិបតី Zelenskyy ខ្លួនឯង បាននិយាយថា ដំណើរការវាយបកមិនមានល្បឿនលឿនដូចការចង់បានរបស់លោកទេ ហើយក៏មិនអាចរុលទៅមុខ រាល់ថ្ងៃតាមការចង់បានដែរ ។ សហរដ្ឋអាមេរិក នឹងមិនពាក់ព័ន្ធក្នុងរឿងនោះទេ។   អ្នកនាំពាក្យរូបនេះ លើកឡើងថាក្រុងវ៉ាស៊ីនតោន នឹងធ្វើឲ្យប្រាកដថា កងកម្លាំងអ៊ុយក្រែន មានគ្រឿងយុទ្ធោបករណ៍គ្រប់ប្រភេទ និងលទ្ធភាពដែលពួកគេត្រូវការចាំបាច់ក្នុងការវាយរុលទៅមុខ។  សហរដ្ឋអាមេរិក បានផ្ដល់ជំនួយផ្នែកយោធាជាង៤៣ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែន ចាប់តាំងពីការវាយលុករបស់រុស្ស៊ីកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។ ក្រសួងការពារជាតិអាមេរិក បានប្រកាស ផ្ដល់ប្រាក់ចំនួន៤០០លានដុល្លារអាមេរិកបន្ថែមទៀតជាជំនួយបន្ថែមផ្នែកសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន កាលពីដើមសប្ដាហ៍នេះ រួមទាំងមីស៊ីលការពារដែនអាកាស យានប្រយុទ្ធ និងយានដ្រូនខ្នាតតូច ជាច្រើនគ្រឿង៕

សវនាការរបស់លោក Hunter Biden បានបញ្ចប់ក្រោយចៅក្រម ពុំទាន់ត្រៀមទទួលយកកិច្ចព្រមព្រៀងផ្ដល់ចម្លើយពីភាពមានទោស

2023/07/27 11:38:27 am        98
អាមេរិក៖ កិច្ចព្រមព្រៀងផ្ដល់ចម្លើយពីភាពមានទោសរវាង កូនប្រុសលោកប្រធានាធិបតីអាមេរិក Joe Biden គឺលោក Hunter Biden និងក្រសួងយុត្តិធម៌ ពុំសម្រេចបានឡើយ បន្ទាប់ពីការបើកសវនាការតុលាការកាលពីពុធ។ លោក Hunter Biden បានបរាជ័យ ក្នុងការបង់ប្រាក់ ចន្លោះពី ១,១លានដុល្លារ ទៅ១,៥លានដុល្លារអាមេរិក ឲ្យទៅក្រសួងពន្ធដារសហព័ន្ធមុនពេលកាលបរិច្ឆេទ ខាងផ្លូវច្បាប់ផុតកំណត់ និងត្រូវបានតម្រូវឲ្យផ្ដល់ចម្លើយពីភាពមានទោសចំពោះបទចោទប្រកាន់ការគេចវេះមិនបង់ពន្ធចំនួន២ករណី ដោយក្រុមរដ្ឋអាជ្ញាព្រមព្រៀងផ្ដល់ការផ្ដន្ទាទោស។ ប៉ុន្តែមុនពេលការសារភាពដំបូង អាចត្រូវបានទទួល កិច្ចព្រមព្រៀងនេះ បានចាប់ផ្តើមស៊ើបអង្កេត ហើយកិច្ចព្រមព្រៀងដែលត្រូវបានកែប្រែឡើងវិញ បានសម្រេចក្នុងអំឡុងពេលសវនាការ ដែលមិនត្រូវបានទទួលយកដោយចៅក្រមទេ។ចៅក្រមប្រចាំសង្កាត់លោកស្រី ម៉ាយ៉េឡិន ណូរ៉េកា (Maryellen Noreika) បាននិយាយថា លោកស្រី មិនអាចទទួលយកកិច្ចព្រមព្រៀងនៅថ្ងៃនេះបានទេ។លោកស្រី ណូរ៉េកា បាននិយាយថាលោកស្រីមានការព្រួយបារម្ភ អំពីគូភាគីដែលហាក់ដូចជាភ្ជាប់កិច្ចព្រមព្រៀងស្នើសុំបង់ពន្ធដើម្បីដោះស្រាយការចោទប្រកាន់ពីបទឧក្រិដ្ឋពីបទកាន់កាប់អាវុធខុសច្បាប់។ ក្នុងអំឡុងពេលដំណើរការ ក្រុមអាជ្ញាបានបញ្ជាក់ថា ការស៊ើបអង្កេតលើលោក Hunter Biden កំពុងបន្ត។បន្ទាប់ពីការចរចារួច កូនប្រុសរបស់ប្រធានាធិបតីបានយល់ព្រមផ្ដល់ចម្លើយពីភាពមានទោសចំពោះការចោទប្រកាន់ការគេចវេះមិនបង់ពន្ធចំនួនពីរករណី ក្នុងកិច្ចព្រមព្រៀងដែលមានតែការប្រព្រឹត្តទាក់ទងនឹងបទល្មើសពន្ធដារ ការប្រើប្រាស់គ្រឿងញៀន និងការកាន់កាប់អាវុធគ្មានការអនុញ្ញាត។ ភាគីទាំងពីរបានព្រមព្រៀងគ្នាថា កិច្ចព្រមព្រៀងនេះពុំបានការពាររូបលោកពីការចោទប្រកាន់ដែលអាចកើតមាននាពេលអនាគតនោះទេ។ ប៉ុន្តែចៅក្រមមិនពេញចិត្តចំពោះកិច្ចព្រមព្រៀងនេះឡើយ៕

ប្រទេសអូស្ត្រាលីផ្តល់កិច្ចសន្យាការពារជាតិHanwhaរបស់កូរ៉េខាងត្បូងចំនួន៤,៧ពាន់លានដុល្លារ

2023/07/27 11:13:22 am        59
អូស្ត្រាលី៖ ក្រុមហ៊ុនការពារជាតិដ៏ធំបំផុតរបស់កូរ៉េខាងត្បូង Hanwha Aerospace នៅថ្ងៃព្រហស្បតិ៍ (ទី២៧កក្កដា)នេះ បានប្រជែងឈ្នះក្រុមហ៊ុនRheinmetall( រ៉ាញមេតាល់) របស់អាល្លឺម៉ង់ ដើម្បីទទួលបានកិច្ចសន្យារបស់អូស្ត្រាលី ដែលមានតម្លៃរហូតដល់ ៧ពាន់លានដុល្លារអូស្ត្រាលី (៤,៧៤ពាន់លានដុល្លារ)សម្រាប់ផលិតយានយន្តប្រយុទ្ធថ្មើរជើងចំនួន ១២៩គ្រឿង។កិច្ចព្រមព្រៀងដែលរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មការពារជាតិលោក ប៉ាត កុនរ៉ូយ (Pat Conroy) បានពិពណ៌នាថា ជាគម្រោងដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់កងទ័ពអូស្ត្រាលី នឹងមានតម្លៃពី ៥ពាន់លានដុល្លារអូស្ត្រាលី (៣,៤ ពាន់លានដុល្លារ) ទៅ ៧ពាន់លានដុល្លារអូស្ត្រាលី (៤,៧៤ ពាន់លានដុល្លារ)។យានយន្តថ្មីដែលនឹងត្រូវផលិតនៅក្នុងប្រទេសអូស្ត្រាលីនៅឯកន្លែងរបស់ក្រុមហ៊ុន Hanwha ក្នុងរដ្ឋវិចតូ រីយ៉ា (Victoria) នឹងជំនួសរថពាសដែកM113 ដែលបានដាក់ឲ្យប្រើប្រាស់ជាលើកដំបូងក្នុងឆ្នាំ១៩៦៤។ប្រទេសអូស្ត្រាលី បាននិងកំពុងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពការពាររបស់ខ្លួន ដោយលើកឡើងពីការផ្លាស់ប្តូរបរិយាកាសយុទ្ធសាស្ត្រ នៅក្នុងតំបន់ប៉ាស៊ីហ្វិក ដែលចិនកំពុងសម្លឹងមើល ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួននោះ។លោកកុនរ៉ូយបាននិយាយថា រដ្ឋាភិបាលនឹងពន្លឿនដំណើរការនេះ ដើម្បីឲ្យយានប្រយុទ្ធដំបូងអាចដឹកជញ្ជូនបាននៅដើមឆ្នាំ ២០២៧ ពោលគឺលឿនជាងការគ្រោងទុកពីរឆ្នាំ និងយានយន្តចុងក្រោយនៅឆ្នាំ២០២៨៕

ចំហេះព្រៃ នៅក្រិក បានបង្កឲ្យមានរលកកម្ដៅខ្ពស់ ខណៈការឆេះដ៏គ្រោះថ្នាក់ វាយប្រហារតំបន់អឺរ៉ុប និងអាល់ហ្សេរី

2023/07/27 11:07:32 am        114
អឺរ៉ុប៖ចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃដ៏អាក្រក់ ដែលកំពុងឆាបឆេះផ្នែកខ្លះនៃភាគខាងត្បូងតំបន់អឺរ៉ុប និងអាហ្រ្វិកខាងជើង បានកើនដល់យ៉ាងហោចណាស់ ៤០នាក់ កាលពីថ្ងៃពុធ (ទី២៦ ខែកក្កដា) ខណៈមនុស្សរាប់ម៉ឺននាក់ ក្នុងនោះមានទាំងអ្នកស្រុក និងអ្នកទេសចរ ត្រូវបានបង្ខំឲ្យជម្លៀសខ្លួនចេញពីកោះសមុទ្រមេឌីទែរ៉ាណេដ៏ពេញនិយមមួយចំនួនរបស់ប្រទេសក្រិក។យោងតាមសេវាឧតុនិយមជាតិរបស់ក្រិក បានឲ្យដឹងថា ផ្នែកដ៏ធំនៃតំបន់មេឌីទែរ៉ាណេ កំពុងឡើងកម្តៅក្រោមរលកកម្ដៅជាបន្តបន្ទាប់ ដោយសីតុណ្ហភាព ត្រូវបានគេរំពឹងថា ឡើងដល់ ៤៥អង្សាសេ នៅភាគកណ្តាល និងភាគខាងត្បូងរបស់ប្រទេស កាលពីថ្ងៃពុធ។ចំណែកចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃវិញ ភាគច្រើនស្ថិតនៅប្រទេសអាល់ហ្សេរី ជាកន្លែងដែលមនុស្ស ៣៤នាក់ បានបាត់បង់ជីវិត គិតត្រឹមថ្ងៃពុធ ហើយក្នុងចំណោមអ្នកស្លាប់នោះ មានទាហាន ១០នាក់ ដែលត្រូវឆេះព័ទ្ធដោយអណ្តាតភ្លើងក្នុងខេត្តមាត់សមុទ្រ Bejaia របស់ប្រទេសនេះ។ នៅប្រទេសក្រិក បុរសវ័យ ៤១ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងខ្ទមដែលឆេះ នៅតំបន់ដាច់ស្រយាលនៃកោះ Evia។ បន្ទាប់ពីព្យាយាមទម្លាក់ទឹកពីលើអាកាស ដើម្បីទប់ទល់ជាមួយភ្លើង យន្តហោះពន្លត់អគ្គិភ័យមួយគ្រឿង បានធ្លាក់ទៅលើភ្នំមួយនៅកោះ Evia នេះ កាលពីថ្ងៃអង្គារ (ទី២៤ ខែកក្កដា) ដោយបានសម្លាប់អ្នកបើកយន្តហោះទាំង ២នាក់។ ជាមួយគ្នានេះ អាជ្ញាធរក្រិក បានជម្លៀសមនុស្សជាង ២០.០០០នាក់ចេញពីគោលដៅសម្រាកលំហែររដូវក្តៅដ៏ពេញនិយមលើកោះ Rhodes ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយអ្នកទេសចរប្រហែល ៣.០០០នាក់ ត្រូវកាត់បន្ថយថ្ងៃឈប់សម្រាករបស់ពួកគេ ហើយធ្វើដំណើរត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនវិញ។ពាក់ព័ន្ធនឹងចំហេះព្រៃដ៏អាក្រក់ ដែលបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតផ្សេងទៀតនៅអឺរ៉ុបដែរនោះ អ្នកវិទ្យាសាស្ត្រមកពីក្រុមវាយតម្លៃអាកាសធាតុពិភពលោក បាននិយាយនៅសប្តាហ៍នេះថា រលកកម្ដៅដែលបានវាយប្រហារផ្នែកខ្លះនៃទ្វីបអឺរ៉ុប និងអាមេរិកខាងជើង ក្នុងខែនេះ នឹងស្ទើរតែមិនអាចទៅរួចនោះទេ បើមិនមានការជំរុញដោយការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយមនុស្សនោះ៕

កងកម្លាំងអាមេរិក និងអូស្ត្រាលី ចូលរួមក្នុងសមយុទ្ធយោធារួមគ្នា

2023/07/27 10:59:38 am        81
អាមេរិក៖ កងកម្លាំងសហរដ្ឋអាមេរិក បានចូលរួមជាមួយកងកម្លាំងអូស្ត្រាលីដើម្បីចូលរួមសមយុទ្ធ Talisman Sabre( តាលីស្មាន់ សាប៊ើ) ដែលជា សមយុទ្ធរួមដ៏ធំ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ។កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តង ពាក់ព័ន្ធនឹងសមយុទ្ធកងទ័ពជើងទឹក នៅមហាសមុទ្រឥណ្ឌា និងសមយុទ្ធនៅមូលដ្ឋានយោធា នៅទូទាំងប្រទេសអូស្ត្រាលី។វីដេអូដែលទើបចេញថ្មី បានបង្ហាញយន្តហោះOspreyរបស់សហរដ្ឋអាមេរិក បានចុះចតនៅលើនាវារបស់កងទ័ពជើងទឹកអូស្ត្រាលីHMS Adelaide។វីដេអូផ្សេងទៀត បានបង្ហាញពីកងកម្លាំងជាច្រើនបានបញ្ចេញ និងគ្រប់គ្រងយានដ្រូន ក្នុងអំឡុងពេលប្រតិបត្តិការនៅក្នុងរដ្ឋឃ្វីនស្លែនដ៍(Queensland)។

លោក Kim Jong Un បង្ហាញមីស៊ីលដែលត្រូវបានហាមប្រាម និងអាវុធទំនើបក្នុងពេលស្វាគមន៍ដំណើររដ្ឋមន្ត្រីការពារជាតិរុស្ស៊ី

2023/07/27 10:26:24 am        167
កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា មេដឹកនាំ កូរ៉េខាងជើងលោក Kim Jong Un បានជួបរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ហ្សឺហ្គេ សយហ្គូ (Sergei Shoigu) កាលពីថ្ងៃពុធ ដោយផ្ដល់ឲ្យលោកនូវការទស្សនាការតាំងបង្ហាញគ្រឿងយុទ្ធោបករណ៍ការពារជាតិ  ដូចជា មីស៊ីលបាលីស្ទីករបស់ទីក្រុងព្យុងយ៉ាង ដែលត្រូវបានហាមប្រាម ខណៈប្រទេសទាំង២បានប្ដេជ្ញា រឹតបន្តឹងទំនាក់ទំនងកាន់តែរឹងមាំ។ រូបភាពមួយផ្សេងទៀត បានបង្ហាញពីអ្វីដែលក្រុមអ្នកវិភាគបាននិយាយថាទំនងជាយានដ្រូនថ្មី។ របាយការណ៍បាននិយាយថាលោក Shoigu បានប្រគល់លិខិតមួយច្បាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។ លោក Kim បានថ្លែងអំណរគុណចំពោះលោក Putin សម្រាប់ការបញ្ជូនគណៈប្រតិភូយោធាដែលដឹកនាំដោយលោក Shoigu ដោយបន្ថែមថាកិច្ចប្រជុំនេះបានធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ និងប្រពៃណីរវាងកូរ៉េខាងជើង និងរុស្ស៊ី។  គណៈប្រតិភូរុស្ស៊ី និងគណៈប្រតិភូចិន រួមទាំងសមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន លោក លី ហុងចុង (Li Hongzhong) បានទៅដល់ប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះ សម្រាប់ខួបលើកទី៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េ ដែលបានប្រារព្ធនៅក្នុងប្រទេសកូរ៉េខាងជើង ថាជាទិវាជ័យជម្នះ។ក្រុមគណៈប្រតិភូទាំងនេះ គឺជាអ្នកបំពេញទស្សនកិច្ចជាសាធារណៈដ៏លេចធ្លោដំបូងគេទៅកាន់ប្រទេសកូរ៉េខាងជើងចាប់តាំងពីការចាប់ផ្តើមផ្ទុះជំងឺរាតត្បាតសកលមក ហើយមកដល់នៅពេលដែលទីក្រុងព្យុងយ៉ាងសម្លឹងរកការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ ដោយស្វែងរកចំណុចរួមនៅក្នុងការប្រកួតប្រជែងរបស់ពួកគេជាមួយទីក្រុងវ៉ាស៊ីនតោន។  ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា លោក Kim Jong Un បានចែករំលែកជាមួយ Sergei Shoigu នូវយោបល់លើនិន្នាការពិភពលោកនៃការអភិវឌ្ឍន៍សព្វាវុធ និងយុទ្ធសាស្ត្ររបស់ខ្លួន៕

មនុស្សម្នាក់ស្លាប់ដោយសារព្យុះទីហ្វុង Doksuri វាយប្រហារហ្វីលីពីន ព្រមទាំងគំរាមកំហែងដល់ប្រទេសចិន និងកោះតៃវ៉ាន់

2023/07/26 03:49:26 pm        82
យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីព្យុះទីហ្វុង Doksuri បានបោកបក់លើផ្នែកភាគខាងជើងនៃប្រជុំកោះនេះ ធ្វើឱ្យខូចខាតផ្ទះសម្បែង ដាច់ចរន្តអគ្គិសនី ជន់លិចភូមិដែលនៅទាបៗ និងមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនផងដែរ។ព្យុះដ៏មានឥទ្ធិពលនេះ ដែលបាននាំខ្យល់បក់ក្នុងល្បឿន ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង (១០៨ម៉ាយល៍ក្នុងមួយម៉ោង) ខណៈដែលវាបានបោកបក់ចូលប្រទេសហ្វីលីពីននៅថ្ងៃពុធនេះ ហើយត្រូវបានគេរំពឹងថាព្យុះនេះនឹងនៅតែមានសភាពធ្ងន់ធ្ងរ ខណៈដែលវាបន្តដំណើរឆ្ពោះទៅកាន់កោះតៃវ៉ាន់ និងប្រទេសចិននៅចុងសប្តាហ៍នេះ។ទីភ្នាក់ងារគ្រោះមហន្តរាយជាតិហ្វីលីពីនបាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នៅក្នុងខេត្ត Rizal របស់ហ្វីលីពីន ភាគខាងកើតនៃរដ្ឋធានីម៉ានីល ​ដោយសារព្យុះទីហ្វុងនេះ។នៅខេត្ត Cagayan ភាគខាងជើង មនុស្សជាង ១២.០០០នាក់ត្រូវបានជម្លៀសចេញពីភូមិ និងសាលារៀននៅតាមឆ្នេរសមុទ្រដែលមានហានិភ័យខ្ពស់ ហើយកន្លែងធ្វើការត្រូវបានបិទ​ ដើម្បីសុវត្ថិភាពផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការពារជាតិកម្ពុជា អំពាវនាវឱ្យកងទ័ពថៃ កំពុងឈរជើងនៅប្រាសាទតាក្របីអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ និងការទទួសខុសត្រូវ
07/05/2025 10:07 PM
រដ្ឋមន្ត្រីការបរទេសបារាំងស្វាគមន៍ការសម្រេចរបស់ចិន ជុំវិញស្រាកូញាក់ ប៉ុន្តែប្រាប់ថា បញ្ហានៅតែមាន
07/05/2025 05:07 PM
ម៉ាឡេស៊ីដាក់ពន្ធប្រឆាំងការបង្ខូចតម្លៃលើផលិតផលដែក និងដែកថែបរបស់ចិន កូរ៉េខាងត្បូង និងវៀតណាម
07/05/2025 05:07 PM
ក្រុមប្រទេស BRICS នឹងថ្កោលទោសវិធានការពន្ធរបស់លោក Trump
07/05/2025 04:07 PM
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើកទី៧ របស់ គ.រ.ឌ. ពិនិត្យលើស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ (Cyber Attack)
07/05/2025 04:07 PM
EU ត្រូវបានរាយការណ៍ថា គ្រោងស្តុកទុកធនធានរ៉ែសំខាន់ៗ អំឡុងពេលមានហានិភ័យភូមិសាស្ត្រនយោបាយ
07/05/2025 04:07 PM
អ៊ុយក្រែនឲ្យដឹងថា ខ្លួនបានវាយប្រហារអាកាសយានដ្ឋានយោធារុស្ស៊ី
07/05/2025 03:07 PM
ជើងជ្រូក និងស្លាបមាន់ បង្កកជិត ៤តោនត្រូវបានកម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មក់បង្រ្កាប
07/05/2025 03:07 PM
លោក Trump៖ អាមេរិកនឹងចាប់ផ្តើមកិច្ចពិភាក្សាជាមួយចិន ជុំវិញកិច្ចព្រមព្រៀង TikTok សប្តាហ៍ក្រោយ
07/05/2025 02:07 PM
ជប៉ុនត្រៀមសម្រាប់ការរញ្ជួយដីបន្ថែមទៀត ខណៈអាជ្ញាធរច្រានចោលការឃោសនាបំផ្លើសពីថ្ងៃវិនាសកម្ម
07/05/2025 02:07 PM