សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់
ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់

សន្តិសុខ និង សង្គម

ពលរដ្ឋ​ដែល​ធ្លាប់​បាត់បង់​យានយន្ត សូម​ទៅ​ពិនិត្យ​ស្លាក​លេខ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​

2021/06/15 03:13:00 pm        644
ភ្នំពេញ ៖ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ​សូម​ធ្វើការ​អំពាវនាវ បងប្អូន​ប្រជាពលរដ្ឋ ​ដែល​ធ្លាប់​បាត់បង់​យានយន្ត ​សូម​ទៅ​ពិនិត្យ​ស្លាក​លេខ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ។លោក នៅ ទិ​ត្យ នាយផ្នែក​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ​​បាន​ប្រាប់​​ឲ្យ​ដឹងនៅ​ថ្ងៃទី​១៥ខែមិថុនានេះ​ថា ​ជនសង្ស័យ ២​នាក់ ទី​១ . ឈ្មោះ អាន ផ្លូច ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ​ភូមិ​ជើងឯក ​សង្កាត់​ជើងឯក ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ ។ ទី​២ . ឈ្មោះ ស៊ិន សុខភាព ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ (​មាន​សារធាតុ​ញៀន​) ។ រួមទាំង ​វត្ថុតាង​ចាប់​យក​ ៖ ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​សម្រាប់​កាច់​សោក​ម៉ូតូ ​ចំនួន ០២, ​សោ​ខ្សៀ​លេខ​៨ ចំនួន ០២, ប័ណ្ណ​សម្គាល់​យានយន្ត ចំនួន ០៣​សន្លឹក (​ឈ្មោះ ជុំ រតនា ចំនួន ០១​សន្លឹក​, ឈ្មោះ វី សីលា​ចំនួន ០១​សន្លឹក​, ឈ្មោះ ឯម បុល ចំនួន ០១​សន្លឹក​) , ផ្លាកលេខ​ម៉ូតូ ចំនួន ០៣ (​លេខ ភ្នំពេញ 1HT-0027 ចំនួន ០១, លេខ ភ្នំពេញ 1GD-2078 ចំនួន ០១, លេខ ភ្នំពេញ 1IO-1256 ចំនួន​០១), វិទ្យុ​ទាក់ ចំនួន ០១​គ្រឿង​, ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៩ ពាក់​ស្លាកលេខ ភ្នំពេញ 1HL-0625 , សម្ភារៈប្រើប្រាស់​គ្រឿងញៀន ​និង​សោ​ដោះ​ម៉ូតូ​មួយ​ចំនួន ត្រូវ​បាន​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ​បង្ក្រាប​ជាក់ស្តែង​ ករណី​ប៉ុនប៉ង​លួច (​ប្រើ​ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​កាច់​សោក​ម៉ូតូ​) កាលពី​ថ្ងៃទី​១៤ ​ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៦ និង​៤០​នាទី ត្រង់​ចំណុច​ខាងមុខ​ក្រុមហ៊ុន ក្រឡុង ស៊ីម៉ង់ត៍ ផ្លូវ ៥០​ម៉ែត្រ ភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។សមត្ថកិច្ច ប្រាប់​បន្តថា កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៦ និង​៤០​នាទី កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ដង្កោ ​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌដង្កោ ​ដល់​ចំណុច​ផ្លូវ​ចូល ក្រុមហ៊ុន ក្រឡុង​ស៊ីម៉ង់ត៍ ផ្លូវ​បេតុង ៥០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ពាម សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ ក៏​បាន​ឃើញ​ជនសង្ស័យ ០២​នាក់ ទី ១ . ឈ្មោះ អាន ផ្លូច ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង ទី ២. ឈ្មោះ ស៊ិន សុខភាព ភេទ​ប្រុស អាយុ​៣០​ឆ្នាំ កំពុង​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៩ ពាក់​ផ្លាកលេខ​ភ្នំពេញ 1HL-0625 ដោយមាន​ការសង្ស័យ ​សមត្ថកិច្ច​ក៏បាន​ហៅ​ឱ្យ​ឈប់​ធ្វើការ​សួរនាំ ​និង​ត្រួតពិនិត្យ​រក​ឃើញ​វត្ថុតាង​ប្រព្រឹត្ត​បទល្មើស​មួយចំនួន រួមមាន​ ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​សម្រាប់​កាច់​សោ​រក​ម៉ូតូ ចំនួន ២, សោរ​ខ្សៀ​លេខ​៨ ចំនួន ២ លាក់​នៅ​ក្រោម​កែបម៉ូតូ រួច​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ​រួម​និង​វត្ថុតាង ​យកមក​ធ្វើការ​សាក សួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​តាម​នីតិវិធី​ច្បាប់​។ប្រភពព័ត៌មាន ​ដដែល​បាន​បន្ដថា បន្ទាប់មក​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ឈ្មោះ អាន ផ្លូច ទៅ​ឆែក​បន្ទប់​ជួល​របស់គេ​ ស្ថិតនៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក​ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ស្រាប់តែ​រក​ឃើញ​វត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​មួយចំនួនទៀត រួមមាន ៖ ប័ណ្ណ​សម្គាល់​យានយន្ត ចំនួន ០៣​សន្លឹក (​ឈ្មោះ ជុំ រតនា ចំនួន ០១​សន្លឹក​, ឈ្មោះ វី សីលា ចំនួន ០១​សន្លឹក​, ឈ្មោះ ឯម បុល ចំនួន ០១​សន្លឹក​) , ស្លាកលេខ​ម៉ូតូ ចំនួន ០៣ (​លេខ ភ្នំពេញ 1HT-0027 ចំនួន ០១, លេខ ភ្នំពេញ 1GD-2078 ចំនួន ០១, និង លេខ ភ្នំពេញ 1IO-1256 ចំនួន ០១) , វិទ្យុទាក់ទង ​ម៉ាក Motorola GP300 ចំនួន ០១​គ្រឿង , សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន និង​សោដោះ​ម៉ូតូ​មួយចំនួន​។បច្ចុប្បន្ន​ជនសង្ស័យ រួមទាំង​វត្ថុតាង ​សមត្ថកិច្ច​កំពុង​ឃាត់ និង រក្សាទុក​បណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​ផ្លូវ​ច្បាប់ ៕​​អត្ថបទ ៖ តារា​វុទ្ធី​​

អាជ្ញាធរ​ខណ្ឌដូនពេញ ​ចាត់វិធានការ​ក្ដៅ​ចំពោះ​ក្រុម​អាជីវករ​ដាក់​តាំង​​រថយន្តលក់​នៅ​លើ​ចិញ្ចើម​ផ្លូវ

2021/06/15 02:59:05 pm        556
ភ្នំពេញ​៖ នាពេល​កន្លងមក លោក សុខ ពេញ​វុ​ធ ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ តែងតែ​ដឹកនាំ​កម្លាំង​សណ្ដាប់ធ្នាប់​ចុះ​ជាប្រចាំ​រៀបចំ​របៀបរៀបរយ​សន្តិសុខ ​សណ្ដាប់ធ្នាប់ សាធារណៈ បរិស្ថាន ​អនាម័យ ដើម្បី​លើក​សោភ័ណភាព​ទីក្រុង ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​រក្សា​ចិញ្ចើម​ផ្លូវ​ទុក​សម្រាប់​ អ្នកដំណើរ​ថ្មើរជើង​ ឬ​ជន​ពិការភាព ​ធ្វើដំណើរ​ផង​ដែរ​។ជាក់ស្ដែង​ក្រោយពី រដ្ឋបាល​ខណ្ឌដូនពេញ ​ចេញ​សេចក្ដីជូនដំណឹង ​ស្តីពី​ការបញ្ឈប់​ការ​ដាក់​តាំង លក់​រថយន្ត ​នៅ​លើ​ទ្រូងផ្លូវ និង​ចិញ្ចើម​​ផ្លូវ​សាធារណៈ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​បាន​ចាត់​វិធានការ​ក្ដៅ​ចំពោះ​ក្រុម​អាជីវកម្ម​ ដែល​តាំង​រថយន្ត​លក់​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​បាន​ស្ទូច​រថយន្ត​យក​មក​រក្សាទុក​នៅ​សាលាខណ្ឌ​ដូនពេញ​ដើម្បី​ធ្វើការ​ផាក​ពិន័យ​ និង​ធ្វើ​កិច្ចសន្យា​អប់រំ​តាម​នីតិវិធី យើង​សង្កេត​ឃើញថា​ នៅ​តាម​ដងផ្លូវ​សាធារណៈ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​មាន​សភាព​ស្រលះ​ល្អ ​ដើម្បី​រក្សា​ចិញ្ចើម​ផ្លូវ ​ងាយស្រួល​សម្រាប់​អ្នក​ថ្មើរជើង​ ឬ​ជនពិការ​ធ្វើដំណើរ ។បងប្អូន​ប្រជាពលរដ្ឋ ​រស់នៅ​ក្បែរ​ទីតាំង​ដែល​ក្រុម​អាជីវករ​តែងតែ​យក​រថយន្ត​មក​តាំង​លក់​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ ​បាន​សាទរ​ចំណាត់​ការ​របស់​អាជ្ញាធរ​ខណ្ឌដូនពេញ ​ដោយ​លើក​ឡើងថា ​កន្លងមក​ពេល​ធ្វើ​ដំណើរ​ថ្មើរជើង​ ទៅ​ផ្សារ ​ឬ​ទៅ​ណា​ជិតៗ ​គឺ​ដើរ​លើ​គំនូស​ផ្លូវ​សម្រាប់​យានយន្ត​បើកបរ ពុំ​មាន​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង​ឡើយ​ ដោយ​អ្នកលក់​រថយន្ត​យក​រថយន្ត​មក​តាំង​លក់​ពេញ​ផ្លូវ ដូច្នេះ​ពេលនេះ ​អាជ្ញាធរ​ចាត់​វិធាន​ក្ដៅ ​លែង​អោយ​មានការ​ចត​រថយន្ត ឬ យក​រថយន្ត​មក​តាំង​លក់​លើផ្លូវ​បែបនេះ ​គឺជា​វិធានការ​ដ៏​ល្អ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ​និង​សោភ័ណភាព​ទីក្រុង​ផងដែរ​។សូម​រលឹក​ផងដែរថា​ កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌដូនពេញ​ បានចេញ​សេចក្ដីជូនដំណឹង ​ស្តីពី​ការបញ្ឈប់​ការ​ដាក់​តាំង លក់​រថយន្ត ​នៅលើ​ទ្រូងផ្លូវ និង ​ចិញ្ចើម​​ផ្លូវ​សាធារណៈ ​ដោយ​ទុក​ពេល​អោយ​រើចេញ​អោយ​រយះពេល៤​ថ្ងៃ ​រហូតដល់​ថ្ងៃទី​១២​ ខែមិថុនា ​ឆ្នាំ២០២១ ផុត​ឱសាន​វាទ លោក សុខ ពេញវុ​ធ​ អភិបាលនៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី ដឹកនាំ​ដោយ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ ទោ ចេ​វ ហាក់ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ​សាធារណៈ​រថយន្ត​ដែល​តាំង​លក់ ​លើ​ចិញ្ចើម​ផ្លូវ ​និង​រថយន្ត​ដែល​បាន​មក​ចត​ចោល​នៅ​លើ​​ទ្រូងផ្លូវ និង​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ​សាធារណៈ​បណ្ដាល​ឲ្យ​​បាត់បង់​សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ បង្ករ​ការ​កកស្ទះ​ចរាចរណ៍​ និង​សោភ័ណភាព​រាជធានី​ភ្នំពេញផងដែរ​​៕អត្ថបទ​ ៖ កុ​ម្ភៈ

អាជ្ញាធរ​រាជធានី​ រុះរើ​បែរ​ចិញ្ចឹម​ត្រី​ជិត​៨០០ទីតាំង ​និង​ផ្ទះ​បណ្ដែត​ទឹក​ជាង​៦០០​ខ្នង​​រយៈពេល​៣ថ្ងៃ

2021/06/15 12:03:37 pm        546
ភ្នំពេញ ៖ ក្នុង​រយៈពេល​៣ថ្ងៃ នគរបាល​រាជធានី​ភ្នំពេញ ​បាន​រុះរើ​បែរ​ចិញ្ចឹម​ត្រី ជិត​៨០០​បែរ​ និង​ផ្ទះ​បណ្តែត​ទឹក​ដែល​ភាគច្រើន​ជា​របស់​វៀតណាម​ទាំងអស់ ជិត​៦០០​ខ្នង ​ខណៈ​បែរដែល​កំពុង​មាន​ត្រី អាជ្ញាធរ​សម្រេច​ពន្យារ​ពេល​រហូតដល់​ត្រី​បាន​ផលទើប​ឲ្យ​រុះរើ​។របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​BTV​ទទួល​បាន​នៅ​ថ្ងៃទី​១៥ ខែមិថុនា នេះ បាន​ឲ្យ​ដឹងថា ​អភិបាល​រាជធានី​ភ្នំពេញ ​ឯកឧត្តម ឃួ​ង ស្រេង និង​ឧ​ត្ត​ម​សេនីយ៍​ទោ ចេ​វ ហាក់ ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ចរាចរណ៍​ជើង​ទឹក ​និង​ផ្លូវគោក ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ ​និង​អនុវត្ត​វិធានការ​រុះរើ​បែរ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​ទឹក​អនាធិបតេយ្យ​នៅ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ជ្រោយចង្វារ ​ច្បារអំពៅ មានជ័យ ឫស្សី​កែវ និង​ខណ្ឌ​ព្រែក​ព្នៅ ​ដោយការអនុវត្ត​នេះ ​ពុំ​មាន​ការ​ពន្យា​ពេលនោះ​ឡើយ​។របាយការណ៍​ បានបញ្ជាក់​បន្ថែមថា ​នៅ​គ្រា​ដែល​ការអនុវត្ត​វិធានការ​រុះរើ​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១២​ រហូតដល់​ថ្ងៃទី​១៤ ខែមិថុនា ​ដោយមាន​ការប្រើប្រាស់​កម្លាំង​សរុប វិធាន​ការ​សរុប និង​មធ្យោបាយ​សរុប របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ នៅក្នុង​អំឡុង ​នៃ​ការចុះអនុវត្ត​វិធានការ​រុះរើ​ពុំ​ឃើញ​មាន​ការតវ៉ា​ ឬ​ប្រឆាំង​ណាមួយ​ ពី​សំណាក់​អ្នក​ដែល​រស់នៅ​ខុសច្បាប់​នៅលើ​ផ្ទៃ​ទឹក​នោះដែរ ​ផ្ទុយទៅវិញ ​ពួកគេ ​បាន​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំរ​បស់​អាជ្ញាធរ​ នៅ​គ្រាដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ជន​ណា​មិន​អនុវត្ត​តាម​នោះ​។ឧ​ត្ត​ម​សេនីយ៍​ទោ ចេ​វ ហាក់ បានឱ្យដឹងថា «​ចំពោះ​បែរ​ចិញ្ចឹម​ត្រី​ណា ដែល​មាន​ត្រី គឺ​តម្រូវឱ្យ​នាំ​យកមក​ប្រមូលផ្តុំ​តែមួយ​កន្លែង​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ​ដោយ​រង់ចាំ​អនុវត្ត​វិធាន​ការបន្ត ​។ ដោយឡែក​ចំពោះ​បែរ​ចិញ្ចឹម​ត្រី ដែល​គ្មាន​ត្រី​ចិញ្ចឹម​ត្រូវ​រុះរើ​ចោល​ភ្លាមៗ ​ដោយ​មិន​អនុគ្រោះ​នោះ​ឡើយ​»​។រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីសម្រេច​កាលពី​ថ្ងៃទី​០២​ ខែមិថុនា​នវ តម្រូវ​ឱ្យ​អ្នក​រស់នៅ និង​ប្រកប​​រប​រលើ​ផ្ទៃ​ទឹកទន្លេ ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​រុះរើ ឬ​ចល័ត​ផ្ទះ​បណ្តែត​ទឹក​ បែរ​ចិញ្ចឹម​ត្រី និង​សំណង់​មិន​រៀបរយ​ឱ្យអស់ ​ដោយ​ទុក​រយៈពេល​៧​ថ្ងៃ​។ ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ​ការរស់នៅ​និង​ប្រកបមុខរបរ​លើ​ផ្ទៃ​ទឹកទន្លេ​បែប​អនាធិបតេយ្យ​នេះ ​បាន​បង្ក​ឱ្យ​រង​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី ​ចរន្តទឹក​ហូរ ​គោក​រាក់ ​ពិសេស​ការប្រើប្រាស់​ចំណី​ចិញ្ចឹម​ត្រី និង​ការ​បញ្ចេញ​កាកសំណល់ ​ការ​បន្ទោបង់​ពាស វាល​ពាស កាល​ក្នុង​ទន្លេ ធ្វើឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ​ខូចគុណភាព​ទឹក​ បំពុល​បរិស្ថាន ប៉ះពាល់​សោភ័ណភាព​រាជធានី​ភ្នំពេញ ​និង​ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ​ដែល​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផងដែរ​។​ ក្នុងអំឡុងពេល នៃ​ការ​ចុះអនុវត្ត​ឱ្យ​រុះរើ​នោះ​ផង​ទៀត គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត ឬ​បាត់បង់​ណាមួយ​នោះឡើយ ​ហើយ​ក្នុង​ករណី​រឹងរូស​ អាជ្ញាធរ នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​អត្ថបទ​ ៖ បាន ចក់

កម្ពុជារក​ឃើញ​មនុស្ស៤៩៥នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​៦០៤នាក់​ទៀត​បាន​ជា​សះ​ស្បើយ

2021/06/15 04:53:42 am        764
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៤៩៥នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៦០៤នាក់​ទៀត​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ​៤៥១នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ ៤៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស ១៣នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ៣៦១នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៣៣ ៥៧១នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ចំនួន ៦០៤​នាក់ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣៩ ៤៦៤នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

លោក​ជំទាវ ភឿង សកុណា៖ មរណភាព​ទេវនាដ​និម្មិត ឯម ធាយ គឺ​ជាការ​«បាត់​បង់​ដ៏​ធំធេង​មួយ​ក្នុង​វិស័យ​វប្បធម៌»

2021/06/15 04:34:15 am        473
ភ្នំពេញ៖ រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក​ជំទាវ ភឿង សកុណា បាន​លើក​ឡើង​ថា មរណភាព​របស់​​ទេវនាដ​និម្មិត ឯម ធាយ គឺ​ជា​«ការ​បាត់​បង់​ដ៏​ធំ​ធេង»​នៅ​ក្នុង​វិស័យ​វប្បធម៌​ខ្មែរ។រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក​ជំទាវ ភឿង សកុណា បាន​បញ្ជាក់​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ជំទាវ​នៅ​ព្រឹក​ថ្ងៃ​នេះ។លោក​ជំទាវ ភឿង សកុណា បាន​បញ្ជាក់ថា លោក​យាយ​ ឯម ធាយ បាន​បន្សល់​ទុក​នូវ​ស្នាដៃ​សិល្បៈ​ខ្មែរ​មិន​អាច​កាត់​ថ្លៃ​បាន​សម្រាប់​អ្នក​ជំនាន់​ក្រោយ។ទេវនាដ​និម្មិត ឯម ធាយ ដែល​ជា​ព្រឹទ្ធាចារ្យ​សិល្បៈ​ខ្មែរ​មួយ​រូប បាន​ទទួល​មរណភាព​នៅ​​ថ្ងៃ​នេះ​ក្នុង​ជន្មាយុ ៨៦​ឆ្នាំ៕

ស្ត្រី​ចំណាស់​ម្នាក់​ កំពុង​ដើរ​តាម​ផ្លូវ​ត្រូវ​បាន​រថយន្ត​បុក​ស្លាប់​​​ភ្លាមៗ ​នៅ​កន្លែង​កើតហេតុ​

2021/06/14 10:37:09 am        320
​​​​ភ្នំពេញ​៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ បន្ទាប់ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បានកើត​ឡើង​រវាង​រថយន្ត​ដឹក​ស៊ីម៉ងត៍ ដោយ​អ្នកបើកបរ​រថយន្ត​ងងុយដេក បាន​បើក​បុក​ម្នាក់​កំពុង​ដើរ​តាម​ផ្លូវ​បេតុង បណ្ដាល​អោយ​បែក​ក្បាល​ស្លាប់​។​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៣និង​១០នាទី​ រសៀល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ តាម​បណ្ដោយ​ផ្លូវ​បេតុង ក្បែរ​ផ្សារ​ច្រាំងចំរេះ​ ស្ថិតនៅ​សង្កាត់​ច្រាំងចំរេះទី២ ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ​។​​នគរបាល​បាន​អោយដឹងថា សព​មានឈ្មោះ ង៉ែត សុធា​រី ភេទ​ស្រី អាយុ​៥៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៤៣ ED4z ផ្លូវ​លេខ​១២៨ ភូមិ​១ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ និង​ស្រុកកំណើត​នៅ តាខ្មៅ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ចំណែក​តៃកុង​រថយន្ត​មានឈ្មោះ វ័​ណ រតនា អាយុ​២១​ឆ្នាំ ស្នាក់នៅ​ម្ដុំ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​។​តាម​ប្រភព​ព័ត៌មាន ពី​បងប្អូន​ប្រជាពលរដ្ឋ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​មាន​ស្ត្រី​ចំណាស់​ម្នាក់​កំពុង​ដើរ​តាមផ្លូវ​បេតុង ក្បែរ​ផ្សារ​ច្រាំង​ចំ​រះ ស្រាប់​តែ​មាន​បុរស​ម្នាក់​បើករថយន្ត​ដឹក​ស៊ីម៉ងត៍​មួយ​គ្រឿង ពណ៌ត្រេអ៊ី​ ពាក់​ស្លាក​លេខ​ចង្កូត​ស្ដាំ KPS- 0092 ធ្វើដំណើរ​ស្រប​ទិសដៅ​ជាមួយ​អ្នកដោយ​តៃកុង​រថយន្ត​ងងុយដេក ងោក​មួយ​ផាំង ក៏​ជ្រួល​បុក​ស្ត្រី​ចំណាស់​ម្នាក់​កំពុង​ដើរ រួច​អូស​បុក​ជាមួយ​ធុង​ទឹកអំពៅ បណ្ដាល​អោយ​បែក​ក្បាល​ស្លាប់​ភ្លាមៗ​តែម្ដង​។​​ក្រោយពេល​កើត​តៃកុង​រថយន្ត រួម​ទាំង​រថយន្ត ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ទៅ​ប៉ុស្តិ៍​នគរបាល​ដើម្បី​បញ្ជូនទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​ អត្ថបទ៖ គុម្ភៈ

នៅថ្ងៃនេះ​អ្នកជំងឺ​កូ​វីដ​-១៩ ​ចំនួន​៥៧​នាក់​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ខេត្តតាកែវ​

2021/06/14 04:50:31 pm        309
តាកែវ ៖ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១​នេះ មន្ត្រី​ជំនាញ​សុខាភិបាល​ខេត្តតាកែវ​ ​បាន​ប្រកាស​ថា មនុស្ស​ចំនួន​៥៧​នាក់ ​ត្រូវ​បាន​រក​ឃើញ ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ​បន្ទាប់ពី​បាន​យក​សំណាក​ទៅ​វិភាគ​កាលពី​​ម្សិលមិញ​នេះ​។លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ បាន​ថ្លែងប្រាប់​ទូរទស្សន៍​BTV ថា អ្នកជំងឺ​កូ​វីដ​-១៩ ទាំង​៥៧​នាក់ ​ត្រូវបាន​រកឃើញ​ភាគច្រើន​នៅក្នុង​ស្រុក​បាទី​ ស្រុក​សំរោង​ ស្រុក​ទ្រាំង ស្រុក​ត្រាំកក់ ​និង​ក្រុង​ដូន​កែវ​ ។ បច្ចុប្បន្ននេះ​ អ្នកជំងឺ​ទាំងអស់​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​តាម​ទីតាំង​ដែល​អាជ្ញាធរ​បានរៀបចំ​ដោយឡែក​ចំពោះ​អ្នក​ពាក់ព័ន្ធ ​ត្រូវបាន​ណែនាំ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ​សុខាភិបាល​។លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ បាន​បន្តថា ​មន្ត្រី​ជំនាញ​សុខាភិបាល​កំពុង​តែបន្ត​ធ្វើ​សកម្មភាព​យក​សំណាក​ទៅលើ​បងប្អូន​អាជីវករ​ផ្សារ​តាកែវ ​និង​បងប្អូន​កម្មករ​កម្មការិនី​មួយ​ចំនួន​បន្តទៀត​ ដែល​មាន​ការ​ជាប់​ពាក់ព័ន្ធ​ទៅ​អ្នកជំងឺ​កូ​វីត​-១៩ ដើម្បី​ធ្វើ​យ៉ាង​ណា​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​ឆ្លង​រីក​រាលដាល​ទៅ​តំបន់​ផ្សេងទៀត ​ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន​បាន​បន្ត​ណែនាំ​ដល់​អ្នក​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ-​១៩ អោយ​ចូល​ខ្លួន​មក​យក​សំណាក​ទៅ​ពិនិត្យ​រក​ជំងឺ​កូ​វីដ-១៩​ និង​បាន​ណែនាំ​អោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​ ឲ្យ​បាន​ត្រឹមត្រូវ​។គួរ​បញ្ជាក់ថា ​រហូតមក​ដល់ពេលនេះ​ ខេត្តតាកែវ​ មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ​ចំនួន ១៧៧៣ នាក់ ក្នុងនោះ​អ្នកជំងឺ​កូ​វីដ​-១៩​ ចំនួន​ជិត​១​ពាន់​នាក់​ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ ។ ដោយឡែក​ក៏មាន​អ្នកជំងឺ​កូ​វី​-១៩ ចំនួន១២នាក់​ផងដែរ ​ត្រូវបាន​ស្លាប់​បាត់​បង់ជីវិត​៕អត្ថ​ប​ទ ៖ គុជ វិភាគ

ចូល​ខែមិថុនា​នេះ ចំនួន​អ្នកធ្វើ​ច​ត្តា​ឡី​ស័កនៅ​ខេត្តបាត់ដំបង ​កើនឡើង​

2021/06/14 08:48:12 am        472
បាត់ដំបង ៖ ចូល​ខែមិថុនា​នេះ ចំនួន​ពលរដ្ឋ​ធ្វើ​ច​ត្តា​ឡី​ស័ក បាន​មានការ​កើនឡើង​ នៅតាម​មណ្ឌល​នានា ក្នុង​ខេត្តបាត់ដំបង មាន​ទាំង​ពលករ ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ​និង​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​ខណៈ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​ នៅតែ​រកឃើញ​ជា​បន្តបន្ទាប់​។របាយការណ៍​របស់រ​ដ្ឋ​បាល​ខេត្ត ​បាន​បង្ហាញថា បច្ចុប្បន្ន ក្នុង​ខេត្តបាត់ដំបង​ មាន​អ្នកធ្វើ​ច​ត្តា​ឡីស័ក តាម​មណ្ឌល​នានា ចំនួន​ជាង​២​ពាន់​៧០០​នាក់ ​ខណៈ​កាលពី​ថ្ងៃទី​១៣ ​ខែមិថុនា ​មាន​ពលករ​ត្រឡប់ មកពី​ប្រទេស​ថៃ ឆ្លងដែន​តាម​ច្រក​នានា​ជាប់​ខេត្តបាត់ដំបង​ ចំនួន​១៣៥​នាក់ និង​ពលករ​ ដែលជា​អ្នក​រស់ នៅ​ខេត្តបាត់ដំបង​ ចំនួន​៩៣​នាក់​ ត្រូវ​បាន​បញ្ជូន​មកពី​ខេត្ត​ប៉ៃលិន ​បន្ទាយមានជ័យ ​និង​ឧ​ត្ត​រ​មានជ័យ​។លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង ​បាន​ឲ្យ​ដឹងថា​ អ្នកកំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅក្នុង​ខេត្តបាត់ដំបង ​មាន​ទាំង​អ្នករស់​នៅក្នុង​ខេត្ត​ ហើយ​បើ​មាន​អ្នក​នៅ​ខេត្ត​ផ្សេងៗ ចេញ​មកពី​ប្រទេស​ថៃ ​តាម​ច្រក​នានា​ជាប់​ខេត្តបាត់ដំបង ​ត្រឹម​ចំនួន​តិចតួច ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​ខេត្ត​បាត់ដំបង ​តែបើ​ចំនួន​ច្រើន នឹងត្រូវ​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ខេត្ត​របស់​ពួកគេ​។របាយការណ៍ របស់​រដ្ឋបាលខេត្ត ​បានឱ្យដឹង​ទៀតថា ​អាជ្ញាធរខេត្ត ​បានកំណត់​មុខសញ្ញា​អ្នក​ពាក់ ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ ​និង​យក​សំណាក ចំនួន​ជាង​៣​ពាន់​នាក់ ​ដែលជា​លទ្ធផល វិជ្ជមាន​២៧៥​នាក់ ហើយ​ចាប់​តាំងពី​មានការ​ផ្ទុះ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ក្នុង​ខេត្តបាត់ដំបង ​បាន​រកឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​សរុប​៥៣១​នាក់ ​ព្យាបាល​ជាសះស្បើយ ១៩៥​នាក់ ស្លាប់​២​នាក់ និង​កំពុង​សម្រាក​ព្យាបាល ៣៣៤ នាក់​។​​រដ្ឋបាលខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹងថា​ ក្នុងចំណោម​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ទាំង​៥៣១​នាក់ ក្នុងនោះ មាន​ចំនួន​៩​នាក់ បាន​រកឃើញ​កាលពី​ម្សិលមិញ ហើយ​អ្នកជា​សះស្បើយ​ចំនួន​ចំនួន​៣​នាក់​៕​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ​

ផ្តល់​រថយន្ត​ពន្លត់​អគ្គីភ័យ​ទំនើប​២​គ្រឿង​ដល់​ស្នងការ​រាជធានី​ភ្នំពេញ និង​នាយកដ្ឋាន​ពន្លត់​អគ្គីភ័យ

2021/06/14 01:16:08 pm        458
ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រគល់​រថយន្ត​ពន្លត់​អគ្គិភ័យ​បែប​ទំនើប​ចំនួន​១គ្រឿង ដល់​នាយកដ្ឋាន​នគរ​បាល​បង្ការ​ពន្លត់​អគ្គីភ័យ ​និង​សង្គ្រោះ​នៃ​ក្រសួងមហាផ្ទៃ ​និង​មួយ​គ្រឿង​ទៀត​ដល់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដោយ​រថយន្ត​ពន្លត់​អគ្គីភ័យ​នេះ​ អាចជួយ​ពន្លត់​អគ្គីភ័យ​បាន​ខ្ពស់ និង​បាន​ពី​ចម្ងាយ​ផងដែរ​។ថ្លែងប្រាប់​ទូរទស្សន៍​ប៊ី​ធី​វី ឧ​ត្ត​ម​សេនីយ៍​ឯក នេ​ត វន្ថា ប្រធាន​នាយកដ្ឋាន​នគរ​បាលប​ង្កា​រ ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ បាន​ឲ្យ​ដឹងថា ​រថយន្ត​ដែល​បានផ្តល់​ជូន​នាពេលនេះ​ គឺមាន​អត្ថប្រយោជន៍​ច្រើន ជាង រថយន្ត​ដែល​ប្រទេស​កម្ពុជា​យើង​បាន​ប្រើ​ពី​កន្លងទៅ ដោយសារ​រថយន្ត​នេះ​អាច​ផ្ទុក​ទឹក​ក៏បាន​ច្រើន និង​ធ្វើ​ការ​បាញ់ទឹក​ចេញ​ក៏បាន​លឿន​ និង​បាន​ខ្ពស់​ជាដើម​នោះ​។ជាមួយគ្នា​នោះដែរ​ឧ​ត្ត​ម​សេនីយ៍​ឯក ​ក៏បាន​បន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ​អស់​បន្ត​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ ​ដោយ​ក្នុង​គេហដ្ឋាន​នីមួយៗ​គប្បី​មាន​ឧបករណ៍​សង្គ្រោះ​បឋម បើទោះបីជា​មន្ត្រី​ជំនាញ​មាន​ឡាន ​និង​សម្ភារៈ​ទំនើប​ក្តី​ក៏​បងប្អូន​មិន​ត្រូវ​ធ្វេសប្រហែស​នោះឡើយ​៕​អត្ថបទ​ ៖ បាន ចក់

ក្រុមហ៊ុន​GFX​ បញ្ជាក់ថា អ្នកចូលរួម​ដាក់ពាក្យ​ប្ដឹង​ជន​ទី​៣ ​ក្នុង​សំណុំរឿង​បាត់​បង់លុយ​វិនិយោគ មាន​ចំនួន​ជិត​មួយ​ពាន់​នាក់

2021/06/14 12:10:19 pm        726
ភ្នំពេញ ៖ ​ក្រុមហ៊ុន ហ្គោល​អេ​ហ្វ​អិ​កស៍ អ៊ិន​វេស​ម៉ិ​ន (GOLDFX INVESTMENT CO LTD) ​ហៅ​កាត់ GFX បាន​បញ្ជាក់ថា ​មកដល់ពេលនេះ ​មាន​វិនិយោគិន​ជិត​១​ពាន់​នាក់ ​បាន​ចូល​រួម​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ប្តឹង​ទៅ​ជន​ទី​៣​ នៅក្រៅ​ស្រុក​ ក្នុង​សំណុំរឿង​បាត់​បង់លុយ​វិនិយោគ​។ ​ខណៈ​កំពុង​រងចាំ​ចំណាត់​ផ្លូវច្បាប់​ពី​តុលាការ ​ក្រុម​វិនិយោគិន​ផ្សេងទៀត​ ដែល​បដិសេធ​មិន​ចូលរួម​ប្តឹង​ជាមួយ​ក្រុមហ៊ុន​ បាន​កំពុង​រង់ចាំ​អន្តរាគមន៍​ពី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​។លោក ជា រដ្ឋ​សាវុន មេធាវី​នៃ​ក្រុមហ៊ុន GFX នៅ​ថ្ងៃទី​១៤ ខែមិថុនា ​ឆ្នាំ​២០២១​នេះ បាន​មាន​ប្រសាសន៍ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី​ថា សម្រាប់​យន្តការ​តាមច្បាប់​ដែល​បាន​ដាក់​ចេញ​សំរាប់​អតិថិជន​ជួប​បញ្ហា​គណនី​ជួញដូរ​ទាំងអស់​ដែល​ត្រូវការ​ប្រឹក្សា ​យោគយល់ ​និង​ចូល​រួម​ជាមួយ​ក្រុមហ៊ុន ​ក្នុង​គោលបំណង​ផ្ទៀងផ្ទាត់​ ឬ​ទាមទារ​នូវ​អ្វី​ដែល​ជា​ការ​ខាតបង់​របស់​អតិថិជន​ ដែល​សរុប​តួលេខ​ពីថ្ងៃ​មុន​មាន​ប្រមាណ​ពី ៨០០ ​ទៅ​៩០០​នាក់ ​ឬ​ជិត​១​ពាន់​នាក់​។​ លោក ​បាន​បន្តថា ការងារ​នេះ​លោក​នឹង​ធ្វើ​ទៅតាម​នីតិវិធី​ច្បាប់​នៅ​ស្រុក​សិន ​ដែល​នាំ​យក​ពាក្យ​បណ្ដឹង​ទាំងនោះ​ប្រគល់​ជូន​តុលាការ​ក្នុងស្រុក ​បន្ទាប់​ទៀត ​គឺ​រង​ចាំ​ចំណាត់​ការ​ និង​នីតិវិធី​របស់​តុលាការ​។ ដោយឡែក ទាក់ទង​នឹង​ការ​ដាក់ ញត្តិ​របស់​វិនិយោគិន​ផ្សេងទៀត​ទៅកាន់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក​ បាន​បញ្ជាក់ថា​ លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​នេះ​ទេពី​ខាង​ក្រុមហ៊ុន ដោយសារ​លោក​ទទួល​កិច្ចការ​ទាក់ទង​ការ​ប្រឹក្សា​ជាមួយ​អតិថិជន​ដែល​មាន​បំណង​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ក្នុងការ​ដាក់ពាក្យ​បណ្តឹង​ប៉ុណ្ណោះ​។លោក ធូ ពន្លឺ តំណាង​ឲ្យ​ក្រុម​វិនិយោគិន​ដែល​បណ្តាក់​ទុន​វិនិយោគ​តាមរយៈ​ក្រុមហ៊ុន ​GFX ចំនួន​ជាង​៥០០​នាក់ ស្មើនឹង​ទឹកប្រាក់​វិនិយោគ​សរុប​ជាង ៧​លាន​ដុល្លារ​អាម៉េរិក ​បាន​ប្រកាន់​គោលជំហរ​ថា នៅតែ​មិន​ចូលរួម​ប្តឹង​ជាមួយ​ក្រុមហ៊ុន​ទេ​ ព្រោះថា ​ការ​វិនិយោគ​កន្លងមក​គឺ​តាមរយៈ​និង​ជាមួយ​ក្រុមហ៊ុន​នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ​។ លោក ​បាន​ឲ្យ​ដឹង​ទៀតថា គិត​ចាប់​ពី​ថ្ងៃ​តវ៉ា​ទាមទារ​ប្រាក់​ដើម​ត្រឡប់មកវិញ​នៅមុខ​ក្រុមហ៊ុន​កាលពី​ចុងខែ​ឧសភា​កន្លងទៅ ​និង​ការ​ដាក់​លិខិត​ទៅកាន់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដើម្បី​ស្នើសុំ​អន្តរាគមន៍ ​មកដល់ពេលនេះ​ពុំទាន់​មានការ​កោះហៅ​ឬ​ដំណោះស្រាយ​ណាមួយ​ទេ ​ដោយ​ស្ថិត​ក្នុង​ការ​រងចាំ​បន្តទៀត​។ជុំវិញ​ព័ត៌មាន​ខាងលើនេះ ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី បាន​ព្យាយាម​ទំនាក់ទំនង​ទៅកាន់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​និយ័តករ​មូល​ប​ត្រ​កម្ពុជា ​ដើម្បី​សុំ​ការ​បញ្ជាក់​ពី​រឿង​នេះ ​ប៉ុន្តែ​មិនមាន​ការឆ្លើយតប​។សូម​បញ្ជាក់ថា ក្រុមហ៊ុន ហ្គោល​អេ​ហ្វ​អិ​កស៍ អ៊ិន​វេស​ម៉ិ​ន​ (GFX) ​ជា​ក្រុមហ៊ុន​ភ្នាក់​ឈ្មួញ​ជើងសារ​ឧបករណ៍​និស្សន្ទ ​ដែល​ទទួល​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​គណៈកម្មាការ​មូល​ប​ត្រ​កម្ពុជា ​សំដៅ​ទៅលើ​ការ​ជួញដូរ​លើ​កិច្ចសន្យា​លើ​គម្លាត​ថ្លៃ​នៃ​ឧបករណ៍​ហិរញ្ញវត្ថុ​ដើម ​ដែល​ចេញពី​មូលបត្រ​សន្ទស្សន៍​លោហៈធាតុ​មានតម្លៃ​រូបិយប័ណ្ណ​អន្តរជាតិ ​មាស និង​ប្រេង​ឆៅ​ជាដើម​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១០០០ម៉ែត្រ នៅក្រុងតាខ្មៅ ត្រូវបានបើកការដ្ឋានសាងសង់
06/05/2026 06:06 PM
នគរបាល​បង្ក្រាប​កុប​កម្ម​ បង្ខំ​ឲ្យ​​បាតុករ​ចាក​ចេញ​ ក្រោយតវ៉ាបញ្ហា​កង្វះ​សន្លឺក​ឆ្នោត​​
06/05/2026 05:06 PM
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ អេមីរ៉ាតអារ៉ាប់រួម និងអ៊ីរ៉ង់ ត្រូវតែវិលត្រឡប់ទៅរកការសន្ទនាវិញជាមិនខាន
06/05/2026 05:06 PM
អ្នកវិនិយោគចិន គ្រោងពង្រីកសាខាក្រុមហ៊ុន និងបណ្តុះបណ្តាលវិស្វករជំនាញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
06/05/2026 05:06 PM
ប៉ាគីស្ថាន និងអ៊ីរ៉ង់ពិភាក្សាអំពីការបន្ធូរបន្ថយស្ថានការណ៍ ចំពេលមានការកើនឡើងភាពតានតឹងថ្មីក្នុងតំបន់
06/05/2026 05:06 PM
គេហទំព័រក្រសួងរតនាគារ បង្ហាញថា សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើប្រធានាធិបតីគុយបា
06/05/2026 05:06 PM
ហេសបូឡា បញ្ជាក់​​​ថា ខ្លួនបានវាយប្រហារជាច្រើនលើក​ លើកងទ័ពអ៊ីស្រាអែល នៅជិតប្រាសាទ Beaufort
06/05/2026 05:06 PM
ឆ្មាំ​ល្បាត​ឆ្នេរ​កោះ​​តៃវ៉ាន់ និង​ចិន ស្ថិត​ក្នុង​ការ​ប្រឈម​មុខ​គ្នា​​ថ្មី ​នៅ​ផ្នែក​ខាង​លើ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង
06/05/2026 05:06 PM
អ្នកតាំងលំនៅអ៊ីស្រាអែលបំផ្លាញបណ្តាញផ្គត់ផ្គង់ទឹកដែលបម្រើដល់សហគមន៍បេឌូអ៊ីនប៉ាឡេស្ទីន
06/05/2026 05:06 PM
កូរ៉េខាងត្បូងរំពឹងថា ចិននឹងដើរតួនាទី «ស្ថាបនា» ដោយសារទស្សនកិច្ចរបស់លោក Xi នៅកូរ៉េខាងជើង
06/05/2026 04:06 PM