ភ្នំពេញ ៖ ដោយសារបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែមានភាពប្រសើរឡើងនិងស្ថិរភាពនយោបាយ បានធ្វើឲ្យក្រុមហ៊ុនជប៉ុនតូចធំចំនួន២០៧៣ហើយបាន និងកំពុងវិនិយោគនៅកម្ពុជា។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ដែលជាធនាគារធ្វើការទូទាត់សាច់ប្រាក់ ជាមួយក្រុមហ៊ុនវិនិយោគជប៉ុននៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាល្ងាចថ្ងៃទី២៣ សីហាកន្លងមកថា ក្រុមហ៊ុនបែបឯកត្តជនជប៉ុន ចូលមកវិនិយោគនៅកម្ពុជាបានកើនឡើង១០៩ ភាគរយ ដោយចំនួនក្រុមហ៊ុន បានកើនពី៨១០ ដល់ចំនួន១៦៨៩ក្រុមហ៊ុន។ លោកបន្តថា ការកើនក្រុមហ៊ុនទាំងនេះ ដោយសារការបើកផ្សារទំនើបលំដាប់អន្តរជាតិAEON MALL2។
លោក បន្តថា ចំណែកក្រុមហ៊ុនសាជីវកម្មធំៗបានកើនឡើងខ្ពស់ផងដែរ ដោយចំនួនក្រុមហ៊ុនបានកើនពី៣៤៤ ដល់៣៨៤សាជីវកម្ម ស្មើនឹងកំណើន១២ភាគរយ។
លោក អ៊ិន ចាន់នី បានបន្តថា “កំណើននៃការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដោយសារពួកគេមើលឃើញសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ពិសេសការសម្រេចបានកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើររបស់កម្ពុជា”។លោក បន្តថា “សន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ដែលបានទាក់ទាញ និងជាកំលាំងចលករសំខាន់ជំរុញឲ្យមានការវិនិយោគនៅកម្ពុជា”។
បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងថា កំណើននៃការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏សំខាន់នៃបរិយាកាសនយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជា ព្រោះអ្នកវិនិយោគជប៉ុន មុនពួកគេទៅវិនិយោគនៅប្រទេសណាមួយ ពួកគេសិក្សាច្បាស់លាស់ណាស់ ទើបសម្រេចចិត្តចូលវិនិយោគ។
លោក បន្តថា “ជប៉ុនបានកសាងមូលដ្ឋានគ្រឹះ វិនិយោគរយៈពេលវែងនៅកម្ពុជាហើយ យើងគួរទះដៃអបអរសាទរទាំងអស់គ្នា”។លោក បន្តថា “ទោះជាយ៉ាងណាកម្ពុជានៅតែត្រូវការកែលំអរថែមទៀត ហើយការកែលំអរបែបនេះ ត្រូវតែធ្វើជាបន្តបន្ទាប់ ដើម្បីទាក់ទាញការវិនិយោគកាន់តែច្រើន”៕