ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា ផ្លាស់​ប្តូរ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគ
វិស័យឯកជនសាទរចំពោះជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច
រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
អ្នកជំនាញសេដ្ឋកិច្ច៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច នឹង​ជួយ​បើក​ទីផ្សារ​ពីរ​ច្រក​សម្រាប់​កសិករ

សេដ្ឋកិច្ច និង កសិកម្ម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា ផ្លាស់​ប្តូរ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគ

2026/11/18 01:56:25 pm        354
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា (CCIFC) ផ្លាស់ប្តូរអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ និងជំរុញការវិនិយោគនៃប្រទេសទាំងពីរ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅល្ងាចថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី និងជាសក្ខីភាពក្នុងការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នារវាង ក.អ.ក. និងសភា ពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា (CCIFC), ដោយមានឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃ ក.អ.ក. ជាអ្នកតំណាងស្ថាប័ន ក.អ.ក. ផ្លាស់ប្តូរជាមួយលោក Pascal Catry ប្រធាន CCIFC។ ពិធីផ្លាស់ប្តូរឯកសារអនុស្សារណៈលើការយោគយល់គ្នានៅល្ងាចម្សិលមិញនេះ មានការចូលរួមជាសក្ខីភាពផងដែរ ពីសំណាក់ ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកអនុប្រធាន CCIFC, និងលោកនាយកប្រតិបត្តិ នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា CCIFC រួមទាំងមានថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាច្រើនរូប។ ក្នុងពិធីនេះដែរ ក៏ជាការជួបជុំធុរកិច្ច (B2B Sessions) ដើម្បីបើកឱកាសឲ្យក្រុមហ៊ុននានាស្វែងរកដៃគូ និងការផ្សារភ្ជាប់ ទំនាក់ទំនងលើផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ក្នុងគោលដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរឱ្យមានទំហំ ពាណិជ្ជកម្មកាន់តែធំ។ សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៦, បើយោងតាមរបាយការណ៍អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា ការធ្វើពាណិជ្ជកម្មប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុបជាង ៥៦០ លានដុល្លារអាមេរិក កើនឡើងជិត ១៦ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញមានទឹកប្រាក់ជាង ៤៣១ លានដុល្លារ កើនជាង ១២ ភាគរយ និងការនាំចូលពីបារាំង ជាង ១២៩ លានដុល្លារ កើនជាង ២៨ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៦៕ អត្ថបទ៖ សុន រ៉ាឌី

វិស័យឯកជនសាទរចំពោះជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច

2026/11/17 02:09:42 pm        202
ភ្នំពេញ៖ វិស័យ​ឯកជនបាន​បង្ហាញ​ការ​សាទរ​ចំពោះភា​ពជោ​គជ័យ​នៃ​ការ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូ​ហ្វូនី លើកទី២០ នៅកម្ពុជា ដោយចាត់ទុកថា ព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ មិន​ត្រឹម​តែ​បាន​លើក​កម្ពស់កិត្យានុភាព និងមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​បាន​បង្កើតឱកាសថ្មីៗសម្រាប់ការតភ្ជាប់បណ្តាញធុរកិច្ច ការពង្រឹងកិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជ​កម្ម និងការស្វែងរកដៃគូវិនិយោគជាមួយបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងផងដែរ។ អ្នកឧកញ៉ា លឹម ហេង អនុប្រធាន សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​នៃ​អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លោកមើលឃើញថា នេះគឺជាជោគជ័យ​ដ៏​ត្រចះ​ត្រចង់​ ដែលនាំមកនូវមោទនភាព និងលើក​កម្ពស់​កិត្យានុភាព​របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងតួនាទីជាប្រធាន​នៃ​កិច្ច​ប្រជុំ​កំពូលនេះ កម្ពុជាទទួលបានផលប្រយោជន៍យ៉ាងធំធេង ទាំងលើផ្នែកនយោបាយ និង​សេដ្ឋកិច្ច​។ អ្នកឧកញ៉ាបន្ថែមថា នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន​ឯកជន​មួយ​ចំនួន ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ផ្នែក​ពាណិជ្ជ​កម្ម និងសេដ្ឋកិច្ច នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី និង ឯកឧត្តមប្រធានាធិបតីបារាំង ផងដែរ។​ អ្នកឧកញ៉ា មានប្រសាសន៍ថា៖ «ដើម្បីធានាបាននូវនិរន្តរភាពនៃការងារក្រោយកិច្ចប្រជុំកំពូល សភា​ពាណិជ្ជកម្មកម្ពុជាបានបើកការិយាល័យតំណាងរបស់ខ្លួនប្រចាំនៅទីក្រុងប៉ារីស ប្រទេស​បារាំង ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយការិយាល័យធុរកិច្ចរបស់អង្គការហ្វ្រង់កូហ្វូនីនៅកម្ពុជា ក៏ដូចជា ក្រសួងពាណិជ្ជកម្ម និងស្ថាប័នសេដ្ឋកិច្ចពាក់ព័ន្ធនានារវាងប្រទេសទាំងពីរ។ កិច្ច​សហប្រតិបត្តិការនេះ មិនមែនបញ្ចប់ត្រឹមជំនួបក្នុងកិច្ចប្រជុំនោះទេ ប៉ុន្តែ​គឺ​ជា​ការ​បន្ត​ជំរុញ​ការ​អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងធុរជន និងធុរជន (B2B) ជាពិសេស​ជាមួយ​បណ្តា​ប្រទេស​និយាយ​ភាសាបារាំង»។ លោកបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា មើលឃើញថា ការរៀបចំកិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនីនេះ នឹងជួយពង្រឹងទំនាក់ទំនងការទូតរវាងកម្ពុជា និងប្រទេស​សមាជិក​ដែ​ល​ប្រើ​ប្រាស់​ភាសាបារាំងជាង ៩០ ប្រទេស។ ជាពិសេស កម្ពុជានឹងមាន​ឱកាស​ទាក់​ទាញ​ការ​វិនិយោគ​ពី​បរទេស និងភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសកាន់តែច្រើនថែមទៀត។ ការរៀបចំកិច្ចប្រជុំនេះក៏បង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រោម​ការ​ដឹក​នាំ​របស់​សម្តេចបវរធិបតី ក្នុងការលើកកម្ពស់ការទទួលស្គាល់ និងកិត្យានុភាព​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។ លោកបណ្ឌិតមានប្រសាសន៍ថា៖« កិច្ចប្រជុំនេះ ក៏ជួយ​ពង្រីកទីផ្សារនាំចេញ និងពាណិជ្ជកម្ម​អន្តរជាតិ តាមរយៈការបង្កើន​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេ​ស​សមាជិក​ហ្វ្រង់​កូហ្វូនី និងជំរុញវិស័យទេសចរណ៍ តាមរយៈការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា ដើម្បីទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឱ្យ​មក​ទស្សនា​កាន់​តែ​ច្រើន​»។ លើសពីនេះ វិស័យឯកជនកម្ពុជា បានសម្តែងការសាទរ និងគាំទ្រយ៉ាងពេញ​ទំហឹង​ចំពោះ​ការ​បើក​ការិយាល័យ​តំណាង​អង្គការហ្វ្រង់កូហ្វូនីនៅកម្ពុជា។ ការបើកការិយាល័យ​តំណាង​អង្គការ​ហ្វ្រង់​កូហ្វូនី​នៅ​កម្ពុជា មានសារសំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង​ប្រទេសសមាជិកដែលប្រើប្រាស់ភាសាបារាំង ជាពិសេស​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ អប់រំ វប្បធម៌ និងទេសចរណ៍៕

រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

2026/11/08 10:35:54 am        357
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នា​រសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បាន​ដឹក​នាំ​ក្រុម​ការងារនាំយកជំនួយស្បៀងរបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​សរុប​ចំនួនជិត ៣​ពាន់គ្រួសារ នៅក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែល​បាន​យក​ចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងក្រុមការងារ និងអាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ​ដែលបានចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងផ្តល់ជំនួ​យ​ស្បៀង​បាន​ទាន់​ពេលវេលា។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តជួយគាំទ្រប្រជាពលរដ្ឋរងគ្រោះ តាម​រយៈ​ការ​ផ្តល់​ស្បៀង​អាហារ និងចែកស្រូវពូជដល់កសិករដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដោយ​មិន​ទុក​ប្រជា​ពលរដ្ឋណាម្នាក់ចោលឡើយ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អ្នកជំនាញសេដ្ឋកិច្ច៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច នឹង​ជួយ​បើក​ទីផ្សារ​ពីរ​ច្រក​សម្រាប់​កសិករ

2026/11/07 10:16:16 am        270
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចយល់ថា ការរៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និង​ម្រេច​ឆ្នាំ​២០២៦​ ​គឺ​ជាឱកាសសំខាន់ក្នុងការទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស ដើម្បី​ជំរុញ​ការ​កែច្នៃ​ផលិត​ផល​កសិកម្ម និងបង្កើតទីផ្សារប្រកប​ដោយស្ថិរភាពសម្រាប់កសិករ ហើយ កសិករ​អាច​មាន​ទីផ្សារ​ពីរ​ច្រក គឺទីផ្សារនាំចេញ និងទីផ្សារក្នុងស្រុកតាមរយៈការផ្គត់ផ្គង់ដល់រោងចក្រកែច្នៃ។ លោក អាន តារា ប្រធានក្រុមប្រឹក្សាសហព័ន្ធស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម បាន​សហការជាមួយទីភ្នាក់ងារសហប្រតិបត្ដិការ​អាល្លឺម៉ង់(GIZ)​ នឹងរៀបចំ​វេទិកា​ពាណិជ្ជ​កម្ម​ស្វាយ​ចន្ទី ​និងម្រេច ឆ្នាំ២០២៦ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ ​«ពីកម្ពុជាទៅកាន់ពិភពលោក» ដោយ​ផ្តោត​ពិសេស​លើ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជា​មួយ​ទីផ្សារ​អឺរ៉ុប​។ លោក​បានបញ្ជាក់ទៀតថា វេទិកាពាណិជ្ជកម្មនេះ មានការប្រមូលផ្តុំទៅដោយ កសិករ និង​សហគមន៍​ស្វាយ​ចន្ទី និងម្រេច, អ្នកបញ្ជាទិញ, វិនិយោគិន, និងអ្នកជំនាញក្នុងវិស័យនេះ ដើម្បី​ឈ្វេង​យ​ល់ពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា និងជាការផ្គូរផ្គង់រវាងអ្នកផលិត អ្នកកែច្នៃ និង​អ្នក​នាំ​ចេញ​ ជាពិសេសពីតម្រូវការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ លោកអះអា​ងថា៖ «ការធានាស្ថិរភាពនៃការផ្គត់ផ្គង់គឺជាកត្តាសំខាន់សម្រាប់គាំទ្រដល់អ្នកកែច្នៃ និង​អ្នកនាំចេញ ដោយសារការមានវត្ថុធាតុដើមគ្រប់គ្រាន់ និងជាប្រចាំ អាច​ជួយ​ឱ្យ​រោង​ចក្រ​ដំណើរ​ការ​ផលិតកម្មបានជាប់លាប់, បង្កើនសមត្ថភាពកែច្នៃក្នុងស្រុក, និងធានាការ​បំពេញ​តម្រូវ​ការ​ទីផ្សារ​អន្តរជាតិបានទាន់ពេលវេលា»។ ចំណែក អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ការ​រៀប​ចំ​វេទិកា​នេះ ដោយផ្តោតលើដំណាំអាទិភាព ដូចជា ស្វាយចន្ទី និងម្រេច គឺមានសារៈសំខាន់ណាស់ ដើម្បី​ទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅប្រទេស ឱ្យចាប់អារម្មណ៍លើវិស័យទាំងនេះ និង​ជួយស្វែងរកទីផ្សារឱ្យកសិករ ពីព្រោះកសិករត្រូវការទីផ្សារពីរច្រក គឺទីផ្សារ​លក់​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក ដើម្បីផ្គត់ផ្គង់ដល់រោងចក្រកែច្នៃ និងទីផ្សារនាំចេញ។ ការមានទីផ្សារទាំងពីរនេះ នឹង​ជួយ​ឱ្យ​កសិករ​មាន​ជម្រើសទីផ្សារកាន់តែច្រើន និងមិនជាប់គាំងដោយ​សារ​ពឹង​ផ្អែក​លើ​ទីផ្សារ​តែមួយ​។អ្នកឧកញ៉ា មានប្រសាសន៍ថា៖ «កសិករយើងតែងតែសង្ឃឹមថា មាន​រោង​ចក្រ​កែច្នៃ​ស្វាយចន្ទី និង​ម្រេចក្នុងស្រុកកាន់តែច្រើនដែលវាមិនខុសពីជ័រកៅស៊ូនោះទេ ដែលកន្លងមកកម្ពុជានាំចេញ ១០០% តែឥឡូវយើងមានរោងចក្រផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជា ដែល​នាំ​ឱ្យ​កសិករ​ដាំ​កៅស៊ូទាំ​ងអស់គឺមានក្ដីសង្ឃឹមថា មានទីផ្សារពីរច្រក គឺ ទីផ្សារនាំចេញជ័រកៅស៊ូ និង​ទីផ្សារ​លក់​ក្នុង​ស្រុក​ដែល​ផ្គត់ផ្គង់ដោយរោងចក្រផលិតសំបកកង់រថយន្តទាំងអស់នេះ។ ដូច្នេះ ស្វាយចន្ទី និង​ម្រេច​ដូចគ្នា យើងត្រូវការទីផ្សារទាំងពីរ ដែលយើងនឹង​មិន​អាច​ជាប់​គាំង​ដោយ​សារ​ទីផ្សារ​ណា​មួយ​ទេ។​ នេះជាចំណុចសំខាន់ណាស់»។ សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំង ឯក​អគ្គ​រដ្ឋ​ទូត​សាធារណ​រដ្ឋ​សហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាបើក និងសុន្ទរកថាគន្លឹះ ក្នុង​វេទិកាដ៏មានសារៈសំខាន់នេះ»៕

ក្រុមអាជីវករ៖ ការគាំទ្រផលិតផលក្នុងស្រុក គឺ​ជា​កម្លាំង​ចលករ​រុញ​ច្រាន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់​តែ​រឹងមាំ

2026/11/07 09:37:43 am        229
ព្រឹត្តិការណ៍ ពិព័រណ៍ផលិតផលខ្មែរ លើកទី២ កំពុង​តែ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​សាធារណ​ជន។ នៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ក្រុមអាជីវករ កសិករ និងសហគ្រិន​ក្នុង​ស្រុក​ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យបង្កើនការគាំទ្រ និងងាក​មក​ប្រើ​ប្រាស់​ផលិត​ផល​ជាតិ​ឱ្យ​បាន​កាន់​តែខ្លាំងក្លា ដើម្បីចូលរួមចំណែកស្ដារ និងស្ទួយសេដ្ឋកិច្ចជាតិ។លោក ណាត បញ្ញា ប្រធានពាណិជ្ជសញ្ញានៃក្រុមហ៊ុន មីជាតិ បាននិយាយថា រាល់ការ​សម្រេច​ចិត្ត​ជ្រើស​រើសផលិតផលខ្មែររបស់ប្រជាពលរដ្ឋ មិនមែនត្រឹមតែជាការទិញទំនិញនោះទេ ប៉ុន្តែ​គឺ​ជា​ការ​ផ្តល់​កម្លាំងិត្ត និងដង្ហើមសេដ្ឋកិច្ចដល់ការផលិតក្នុងស្រុក។ លោកបន្តថា កាលមាន​ការ​គាំទ្រ​កាន់​តែ​ច្រើន ក្រុមហ៊ុនក្នុងស្រុក នឹងមានលទ្ធភាពកាន់តែខ្លាំងក្នុងការអភិវឌ្ឍគុណភាព ពង្រីក​ខ្សែ​សង្វាក់​ផលិតកម្ម និងជាពិសេសគឺការបង្កើតការងារយ៉ាងច្រើនជូនដល់ប្រជាពលរដ្ឋក្នុងស្រុក។ ដោយឡែក អ្នកស្រី លីម សេងលាង ស្ថាបនិកសិប្បកម្មផលិតសសៃគុយទាវ ក៏បាន​បង្ហាញ​ពី​មោទនភាព និងការប្តេជ្ញាចិត្តខ្ពស់ក្នុងព្រឹត្តិការណ៍នេះដែរ។ អ្នកស្រី បានចែករំលែកទៀតថា រហូត​មក​ដល់​ពេលនេះសិប្បកម្មតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍អនាម័យ គុណភាព និង​សុវត្ថិភាព​ម្ហូប​អាហារ​ជា​ចម្បង ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់។ តាមរយៈ​ព្រឹត្តិការណ៍លើកទី២នេះ អ្នកស្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យ​បន្ត​ជឿ​ជា​ក់ និងជួយគាំទ្រផលិតផលដែលជារបស់កូនខ្មែរ ពីព្រោះថា ការរួមគ្នា​ចាយ​វាយ​លើ​ផលិត​ផល​ក្នុង​ស្រុក គឺជាកាតាលីករដ៏មានឥទ្ធិពល ដែលឱ្យសេដ្ឋកិច្ចរបស់ជាតិបង្វិលនៅក្នុងប្រទេស និង​ជួយឱ្យសហគ្រាសធុនតូច និងមធ្យម អាចរីកចម្រើនទៅមុខបានដោយចីរភាព។        នៅក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកាកន្លងនេះ លោក​ជំទាវបណ្ឌិត ពេជ ចន្នមុន្នី ហ៊ុន ម៉ាណែត ជំទាវទី១ នៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែងថា ការជ្រើសរើសគាំទ្រផលិតផលខ្មែរដែលមានគុណភាពពីសំណាក់ប្រជាពលរដ្ឋ គឺ​ជា​ការ​ចូល​រួម​ពង្រឹងកម្លាំងសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ ម្ចាស់អាជីវកម្ម​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើកា​រ​វេច​ខ្ចប់​ឱ្យ​មានភាពទាក់ទាញ ការបង្ហាញព័ត៌មានផលិតផលឱ្យបានច្បាស់លាស់ ការរក្សាគុណភាព និង​ការ​កំណត់តម្លៃសមរម្យ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង។អ្វីដែលពិសេសបំផុតនោះគឺ ស្មារតី​ស្នេហាជាតិអាចបើកទ្វារឱកាសឱ្យផលិតផលរបស់យើងបាន ក៏ប៉ុន្តែគុណភាព សុវត្ថិភាព សេវាកម្ម និងតម្លៃសមរម្យ ទើបធ្វើ​ឱ្យ​ទ្វារ​ឱកាស​របស់​យើង​នេះ​បន្ត​រយៈ​ពេល​យូរ​អង្វែង​ទៅ​មុខ​បាន​។ សូមបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ​ផលិតផលក្នុងស្រុក» រៀបចំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍​ផលិត​ផលខ្មែរលើកទី២នេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ ក្នុងគោលបំណងជំរុញការប្រើប្រាស់ និងគាំទ្រផលិតផលក្នុងស្រុក ព្រមទាំង​រួម​ចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម ឆ្ពោះទៅខួបទំនាក់ទំនងការទូត លើកទី៦០

2026/11/07 09:09:06 am        288
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយ លោកជំទាវ សៀលខឺ រ៊ើហ្វើ (Silke Röfer) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកសិកម្ម។ ក្រោយបញ្ចប់ជំនួបកាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការរក្សាលំនឹងថ្លៃកសិផល ការកសាងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្រ្តីកសិកម្ម-ឃុំ និងគូសបញ្ជាក់ពីការកាត់បន្ថយថ្លៃដើមផលិតកម្ម ថាមពលក្នុងវិស័យកសិកម្ម និងការប្រែប្រួលអាកាសធាតុ ដែលភាគីអាល្លឺម៉ង់ អាចពិនិត្យលទ្ធភាពចូលរួមគាំទ្រ សំដៅលើកកម្ពស់ជីវភាព បង្កើនប្រាក់ចំណូលប្រជាកសិករ ធានាបានសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ ជាលទ្ធផល ភាគីទាំងពីរបានបង្ហាញគោលជំហររួមគ្នាក្នុងការប្រែក្លាយទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់ ឱ្យកាន់តែរីកចម្រើនជាលំដាប់ ស្របពេលដែលប្រទេសទាំងពីរត្រៀមរៀបចំប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ២០២៧ នាពេលខាងមុខនេះ។ ជំនួបសម្តែងការគួរសមរវាងថ្នាក់ដឹកនាំទាំងពីរខាងលើនេះ បានបង្ហាញសញ្ញាណវិជ្ជមានថ្មីមួយទៀតសម្រាប់ប្រជាកសិករ។ ការងាកមកគាំទ្រលើការកាត់បន្ថយថ្លៃដើមផលិតកម្ម និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នឹងក្លាយជាគ្រឹះដ៏សំខាន់ក្នុងការធានាបាននូវនិរន្តរភាពសេដ្ឋកិច្ចបរិស្ថាន ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកផលប្រយោជន៍ពិតប្រាកដជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕ អត្ថបទ៖ ឈិត បូរ៉ាវី  

កំពង់ធំ​មានសក្តានុពលខ្ពស់ក្នុងការផលិតស្វាយចន្ទី ខណៈរដ្ឋបាលខេត្ត​ជំរុញ​ការ​ប្រែក្លាយ​ទៅ​ជា​ខេត្ត​កសិ-ឧស្សាហកម្ម

2026/11/03 02:50:00 pm        547
ភ្នំពេញ៖ ខេត្តកំពង់ធំមានសក្តានុពលខ្ពស់ក្នុងការដាំដុះស្វាយចន្ទី ដោយ​បច្ចុប្បន្ន​មាន​ផ្ទៃ​ដី​ដាំ​ដុះ​សរុប​ជិត ១៧ម៉ឺនហិកតា និងផ្តល់ទិន្នផលជាមធ្យម ១,៥តោនក្នុងមួយហិកតាក្នុងមួយឆ្នាំ។ ស្រប​ពេល​នេះ រដ្ឋបាលខេត្តកំពុងជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យឈានទៅរកកសិ-ឧស្សាហកម្ម តាម​រយៈការទាក់ទាញវិនិយោគិន និងជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក ដើម្បី​បង្កើន​តម្លៃ​បន្ថែម​ និងពង្រីកទីផ្សារនាំចេញ។ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា បច្ចុប្បន្ននេះ រាជ​រដ្ឋាភិបាល បានដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ខេត្តនេះ ឱ្យប្រែក្លាយ​ពី​ខេត្ត​ដែល​ពឹងផ្អែក​ចម្បង​លើ​វិស័យ​កសិកម្ម ទៅជាខេត្តដែលពឹងផ្អែកបន្ថែមទៀតលើវិស័យ កសិ-ឧស្សាហកម្ម។ ជាក់ស្តែង គម្រោងសួនកសិ-ឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ដែលជាការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនឹងក្លាយជាកាតាលីករយ៉ាងសំខាន់ ក្នុ​ង​ការ​ជំរុញ​គោលដៅអភិវឌ្ឍន៍ខេត្តកំពង់ធំឱ្យក្លាយជាការពិតជាក់ស្តែង។ ឯកឧត្តម​ថ្លែងដូចនេះ ធ្វើឡើងនៅពិធី​សម្ពោធ​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការអគារសិក្សាថ្មី ៥​ខ្នង​(៥៥​បន្ទប់) នៅ​វិទ្យាល័យ​​ទ្រៀល ក្រោមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ឯកឧត្តម បន្តថា កំពង់ធំមានផ្ទៃដីដាំដុះស្វាយចន្ទីមានចំនួនជិត ១៧ម៉ឺនហិកតា (១៦៨,១៥២ហិកតា) ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួនជាង១៦ម៉ឺនហិកតា (១៦១,១៥៦ហិកតា) និងទិន្នផលជាមធ្យម ១,៥តោនក្នុងមួយហិកតា។ ខេត្តនេះ មាន រោងចក្រ និងសិប្បកម្មកែច្នៃស្វាយចន្ទី ១២ កន្លែង មានសមត្ថភាពកែច្នៃ ៧៨តោន/១ថ្ងៃ។ ព្រមទាំង មានឃ្លាំងស្តុក ១១ ឃ្លាំង មានលទ្ធភាពស្តុកចំនួន ១៨,១៩៥ តោន/ឆ្នាំ។ ឯកឧត្តម មានប្រសាសន៍ថា៖ «ផ្សារភ្ជាប់ទៅនឹងសក្តានុពលនៃវិស័យកសិកម្ម ខេត្តកំពង់ធំមានប្រព័ន្ធធារាសាស្ត្រ ចំនួន ១៨១កន្លែង ក្នុងនោះ ប្រព័ន្ធធារាសាស្ត្រខ្នាតធំមាន ៥កន្លែង ខ្នាតមធ្យម ១២៧កន្លែង និងខ្នាតតូច ៤៩កន្លែង សម្រាប់បម្រើឱ្យវិស័យកសិកម្ម»។​ របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បង្ហាញថាក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦ កម្ពុជានាំចញគ្រាប់ស្វាយចស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង ១ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤៦,៩៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥៕ អត្ថបទ៖ ធូ វិរៈ 

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តពង្រឹងការផ្តល់ឥណទានឱ្យចំគោលដៅ ខណៈឥណទាន​មិន​ដំណើរការកើនឡើង

2026/11/02 03:27:50 pm        402
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តពង្រឹងការផ្តល់ឥណទានឱ្យចំតម្រូវការជាក់ស្តែង និងមានការទទួលខុសត្រូវខ្ពស់ និងការធានាដល់ចីរភាពអាជីវកម្ម ជៀសវាងបញ្ហាហានិភ័យនៃបំណុលលើសកម្រិត ខណៈអត្រាឥណទានមិនដំណើរការនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុកំពុងបន្តកើនឡើង។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា កំពុងបង្កើនការប្រុងប្រយ័ត្ន និងរឹតបន្តឹងការផ្តល់ឥណទាន (កម្ចី) ដើម្បីធានាថា ការផ្តល់ឥណទានឆ្លើយតបចំតម្រូវការពិតប្រាកដ មានការទទួលខុសត្រូវខ្ពស់ និងរក្សាបាននូវចីរភាពអាជីវកម្ម។ ការរឹងបណ្តឹងនេះមានគោលបំណងការពារអតិថិជនពីហានិភ័យនៃបំណុលវណ្ឌក (បំណុលលើសកម្រិតសមត្ថភាពសង) ខណៈពេលដែលអត្រាឥណទានមិនដំណើរការ (Non-Performing Loans) នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុបច្ចុប្បន្នកំពុងមានការកើនឡើង។ ជុំវិញការផ្តល់ឥណទាននេះ, លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើងថា នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា ឥណទានដែលមានមិនដំណើរការមានអត្រាកើនឡើងគួរកត់សម្ភាល់។ លោកបន្តថា បញ្ហានេះបើយោងតាមបទពិសោធន៍ និងការងារដែលអនុវត្តកន្លងមកឃើញថា មន្រ្តីឥណទាននៅតាមគ្រឹះធនាគារ និងហិរញ្ញវត្ថុ បាននិងកំពុងបន្តពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម ដើម្បីជំរុញការផ្តល់ឥណទានចំគោលដៅអភិវឌ្ឍន៍ ឬពង្រីកអាជីវកម្មពិតប្រាកដ ជួយបង្កើតប្រាក់ចំណូលមកវិញ ពោលគឺមានការទទួលខុសត្រូវខ្ពស់ និងធានាដល់ចីរភាពអាជីវកម្ម ជៀសវាងបញ្ហាហានិភ័យនៃបំណុលលើសកម្រិត។  ទាក់ទងការផ្តល់ឥណទាននេះដែរ បើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញឱ្យដឹងថា ការផ្តល់ឥណទានរបស់គ្រឹះធនាគារ និងហិរញ្ញវត្ថុ បានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចដូចជា៖ ការផ្តល់ទៅលើវិស័យអចលនទ្រព្យមានជាង ២១ ភាគរយ, អាជីវកម្មលក់រាយជិត ១៧ ភាគរយ, សំណង់ជាង ១០ ភាគរយ, សកម្មភាពគ្រួសារជានិយោជក និងសកម្មភាពផលិតទំនិញ និងផ្គត់ផ្គង់សេវាកម្មជិត ១១ ភាគរយ, កសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាង ៩ ភាគរយ, អាជីវកម្មលក់ដុំជាង ៨ ភាគរយ, កម្មន្តសាលជាង ៤ ភាគរយ, សេវាកម្មស្នាក់នៅនិងម្ហូបអាហារជាង ៤ ភាគរយ, ការដឹកជញ្ជូននិងស្តុកជិត ៣ ភាគរយ និងការផ្តល់ឥណទានទៅលើវិស័យផ្សេងៗមាន ១១ ភាគរយ៕ អត្ថបទ៖ សុន រ៉ាឌី 

វីងសបនិងសាវីម៉ិច ចាប់ដៃគូផ្តាច់មុខ បើកហាងលក់ទំនិញវីងសប នៅតាមស្ថានីយប្រេងឥន្ធនៈសាវីម៉ិច

2026/10/29 12:52:49 pm        307
វីងសប និងសាវីម៉ិច ចាប់ដៃគូផ្តាច់មុខ បើកហាងលក់ទំនិញ វីងសប នៅតាមស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច កិច្ចសហការនេះមានសក្តានុពលពង្រីកហាងលក់ទំនិញ វីងសប រហូតដល់ ២០០ ទីតាំង នៅតាមស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច នៅទូទាំងប្រទេស។ហាងលក់ទំនិញ វីងសប (Wingshop) ដែលដំណើរការដោយក្រុមហ៊ុន វីង អ៊ិនធើ ឡូជីស្ទីក ថេកណឡជី ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនប្រេងឥន្ធនៈ សាវីម៉ិច (SAVIMEX Petroleum) នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហការផ្តាច់មុខក្នុងការបើកហាងលក់ទំនិញ វីងសប នៅតាមស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច, ដោយមានការចុះហត្ថលេខាពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប តំណាងឱ្យវីងសប និងឧកញ៉ា សេង សាវី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនប្រេងឥន្ធនៈ សាវីម៉ិច តំណាងឱ្យសាវីម៉ិច។ ពិធីនេះក៏មានការចូលរួមជាសាក្សីពីលោក Stephane Pariente នាយកគ្រប់គ្រងអាជីវកម្មនៃហាងលក់ទំនិញ វីងសប និងឧកញ៉ា សុខ ហួត នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេងឥន្ធនៈ សាវីម៉ិច ផងដែរ។  លោក Stephane Pariente បានលើកឡើងថា កិច្ចសហការនេះមានសក្តានុពលក្នុងការពង្រីកហាងលក់ទំនិញ វីងសប រហូតដល់ ២០០ ទីតាំង នៅតាមស្ថានីយប្រេងឥន្ធនៈសាវីម៉ិច។ ភាពជាដៃគូនេះជាផ្នែកមួយនៃផែនការរបស់វីងសប ក្នុងការពង្រីកបណ្តាញហាងលក់ទំនិញទំនើប ដើម្បីនាំយកផលិតផល និងសេវាកម្មកាន់តែខិតជិតអតិថិជននៅទូទាំងប្រទេស។ លោក បន្តថា វីងសបមាន មហិច្ឆតាច្បាស់លាស់ គឺកសាងបណ្តាញហាងលក់ទំនិញដ៏រឹងមាំ ទំនើប និងងាយស្រួលទៅដល់ប្រជាជនកម្ពុជា ដោយនាំយកផលិត- ផលប្រកបដោយគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ ឱ្យកាន់តែខិតជិតសហគមន៍កម្ពុជា។ តាមរយៈកិច្ចសហការនេះ អតិថិជននឹងមានភាពងាយស្រួលក្នុងការចាក់ប្រេងឥន្ធនៈ និងទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ អាហារ និងភេសជ្ជៈនៅទីតាំងតែមួយ។ ហាងវីងសបដែលគ្រោងនឹងបើកនៅតាមស្ថានីយសាវីម៉ិច នឹងបម្រើទាំងអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជុំវិញ ដោយផ្តល់ជម្រើសទំនិញកាន់តែសម្បូរបែប និងងាយស្រួលក្នុងការទិញ។លោក Stephane Pariente បានសង្កត់ធ្ងន់ថា ភាពជាដៃគូនេះជាការរួមគ្នារវាងក្រុមហ៊ុនកម្ពុជាពីរ ដែលមានគោលដៅរួមក្នុងការវិនិយោគ បង្កើតឱកាសសម្រាប់ប្រជាជន និងចូលរួមជំរុញការអភិវឌ្ឍវិស័យលក់រាយទំនើបនៅកម្ពុជា។  ឧកញ៉ា សុខ ហួត បានលើកឡើងផងដែរថា ក្រុមហ៊ុនមានចក្ខុវិស័យអភិវឌ្ឍស្ថានីយឱ្យក្លាយជាទីតាំងផ្តល់សេវាចម្រុះ ដែលបំពេញតម្រូវការប្រេងឥន្ធនៈ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាជន ដើម្បីផ្តល់ភាពងាយស្រួលជូនអ្នកធ្វើដំណើរឆ្លងកាត់ និងសហគមន៍រស់នៅជុំវិញ។ ក្រៅពីផ្តល់ភាពងាយស្រួលដល់អតិថិជន កិច្ចសហការនេះក៏បង្កើតឱកាសសម្រាប់ដៃគូស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច ក្នុងការពង្រីកសេវាកម្ម និងបង្កើនប្រភពចំណូលតាមរយៈអាជីវកម្មលក់រាយ។ ការរួមបញ្ចូលបទពិសោធន៍ផ្នែកលក់រាយរបស់វីងសប ជាមួយបណ្តាញស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច នឹងជួយអភិវឌ្ឍស្ថានីយឱ្យក្លាយជាទីតាំងអាចបំពេញតម្រូវការចម្រុះរបស់អតិថិជន។ ឧកញ៉ា សុខ ហួត បានលើកឡើងបន្ថែមថា ការពង្រីកបណ្តាញហាងវីងសបក៏អាចបង្កើតឱកាសបន្ថែមសម្រាប់ផលិតផលខ្មែរ និងអ្នកផ្គត់ផ្គង់ក្នុងស្រុក ព្រមទាំងរួមចំណែកបង្កើតការងារ និងផ្តល់ការបណ្តុះបណ្តាលជំនាញដល់យុវជនកម្ពុជា។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការលើកកម្ពស់សេវាកម្មលក់រាយ គាំទ្រអាជីវកម្មក្នុងស្រុក និងបង្កើតឱកាសសេដ្ឋកិច្ចបន្ថែមសម្រាប់សហគមន៍កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី 

រដ្ឋមន្រ្តីកសិកម្ម ជំរុញឱ្យវិស័យឯកជនបង្កើនការតភ្ជាប់ទីផ្សារ និងកិច្ចសន្យាជាមួយ​សហគមន៍កសិកម្មទំនើប

2026/10/26 11:01:59 am        233
ក្នុងពិធីបិទបញ្ចប់ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ឬហៅកាត់ថា CAFE26 ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញ និងលើកទឹកចិត្តយ៉ាងខ្លាំង ដល់វិស័យឯកជន ធុរកិច្ចជន និងវិនិយោគិនទាំងអស់ ឱ្យបន្តពង្រឹងកិច្ចសហការ និងពង្រីកការចុះកិច្ចសន្យាទិញ-លក់ ជាមួយសហគមន៍កសិកម្មទំនើប ដើម្បីធានាបាននូវការតភ្ជាប់ទីផ្សារប្រកបដោយស្ថិរភាព និងនិរន្តរភាព។ នៅក្នុងឱកាសបិទព្រឹត្តិការណ៍ថ្នាក់ជាតិ ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃកម្មវិធី ដែលបានក្លាយជាស្ពានចម្លងបច្ចេកវិទ្យាដ៏សំខាន់ និងជាវេទិកាជួបជុំ រវាងវិស័យរដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ កសិករផ្ទាល់។ ឯកឧត្តម បានបន្តថា ការចងក្រងកសិករជា សហគមន៍កសិកម្មទំនើប គឺជាយុទ្ធសាស្រ្តគន្លឹះរបស់ រាជរដ្ឋាភិបាល ក្នុងការជួយកាត់បន្ថយថ្លៃផលិត បង្កើនបរិមាណ ផ្គត់ផ្គង់ និងធានាបាននូវគុណភាពស្តង់ដារខ្ពស់ដែលអាច ប្រកួតប្រជែងបាន។ ទន្ទឹមនេះ ឯកឧត្តម ឌិត ទីណា ក៏បានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ឱ្យងាកមកវិនិយោគបន្ថែមលើខ្សែច្រវាក់តម្លៃកសិ-ស្បៀង រាប់ចាប់តាំងពីការកែច្នៃកសិផល ការបង្កើតប្រព័ន្ធភស្តុភារកម្ម ត្រជាក់ រហូតដល់ការតភ្ជាប់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស។ ការធ្វើបែបនេះ មិនត្រឹមតែជួយដោះស្រាយបញ្ហាទីផ្សារជូន កសិករនោះទេ ប៉ុន្តែថែមទាំងជួយឱ្យវិស័យឯកជនមានប្រភពវត្ថធាតុដើមច្បាស់លាស់ គុណភាពល្អ និងចំណេញ សេដ្ឋកិច្ចខ្ពស់ តាមរយៈការធ្វើការងារផ្ទាល់ជាមួយសហគមន៍កសិកម្មទំនើបដែលមានការគ្រប់គ្រងច្បាស់លាស់។ សូមជំរាបជូនថា គិតក្នុង រយៈពេល ៣ថ្ងៃ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ឬហៅកាត់ថា CAFE26 បានទាក់ទាញអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥ ០០០នាក់ ច្រើនជាង CAFE25 ដែលមានអ្នកទស្សនាត្រឹមតែជាង ២៥ ០០០នាក់។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖លើកកម្ពស់ពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគ ក្នុងវិស័យកសិកម្ម។ ជំរុញការកែច្នៃផលិតផលកសិ-ស្បៀងអាហារ ក៏ដូចជាការជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិកម្មនៅកម្ពុជា។ បង្កើតឱកាស និងកៀរគរទុនវិនិយោគថ្មីៗ លើវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃ។ ពង្រីកទីផ្សារសម្រាប់កសិផល និងផលិតផលកសិ-ស្បៀងអាហាររបស់កម្ពុជាទាំងក្នុង និងក្រៅប្រទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថ្ងៃទី២នៃថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក​ ភ្ញៀវទេសចរ ប្រមាណ ២៥ម៉ឺននាក់ បានដើរលេងកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខ
11/24/2026 09:11 PM
ភ្នំពេញនៅតែជាគោលដៅពេញនិយមរបស់ពលរដ្ឋតាមបណ្ដាខេត្តមកលេងក្នុងឱកាសបុណ្យអុំទូក
11/24/2026 06:11 PM
ភ្ញៀវទេសចរកោតសរសើរចំពោះការរៀបចំនៅតំបន់អង្គរ ដែលធ្វើឱ្យអ្នកបានទៅទស្សនារួចហើយ ចង់ទៅកម្សាន្តទៀត
11/24/2026 06:11 PM
ទេសចរជាច្រើន អំពាវនាវដល់សាធារណជននានាទៅកម្សាន្តនៅបាត់ដំបង ដែល​ពិត​ជា​មិនខក​បំណង​នោះឡើយ
11/24/2026 05:11 PM
ប្រជាពលរដ្ឋ៖ ទោះមិនមានពិធីប្រណាំងទូក ក៏ភ្នំពេញ​ឆ្នាំ​នេះ​នៅ​តែ​ផ្ដល់​ភាព​រីករាយ​ដល់​ពួក​គាត់​ដដែល
11/24/2026 05:11 PM
អវកាសយានិកប៉ាគីស្ថាន ក្លាយជាជនបរទេសលើកដំបូងចូលរួមបេសកកម្មនៅទីអវកាសរបស់ចិន
11/24/2026 05:11 PM
កុមារក្នុងតំបន់ឡោមព័ទ្ធហ្កាហ្សា ពិបាកស្វែងរកអាំងស៊ុយលីនសង្រ្គោះជីវិតសម្រាប់ជំងឺទឹកនោមផ្អែម
11/24/2026 05:11 PM
ចំនួនមនុស្សស្លាប់ពីឧបទ្ទេវហេតុលិចទូកនៅនីហ្សេរីយ៉ា កើនឡើងដល់ ៣០នាក់
11/24/2026 05:11 PM
រដ្ឋាភិបាលជប៉ុន៖ ក្រុមហ៊ុន Nvidia ដើរតួយ៉ាងសំខាន់​ នៅក្នុងឧស្សាហកម្ម AI
11/24/2026 05:11 PM
រុស្ស៊ីព្រមានអ៊ុយក្រែនពីផលវិបាកដ៏ឈឺចាប់ ក្រោយការវាយប្រហារនៅលីប៊ី និងសមុទ្របាល់ទិក
11/24/2026 05:11 PM