អ្នកផលិតភាពយន្តចិនជ្រើសរើសកម្ពុជាជាទីតាំងថត និងផលិតវីដេអូ AI ផ្សព្វផ្សាយ «សម្រស់​ពិត​របស់​កម្ពុជា» ទៅកាន់ពិភពលោក
អាកាសយានដ្ឋានTIA រៀបចំពិព័រណ៍«ភូមិខ្ញុំ ផលិតផលខ្ញុំ» ជំរុញ​ផ្សព្វ​ផ្សាយ​អត្ត​សញ្ញាណ​កម្ពុជា​ទៅ​កាន់​ពិភពលោក
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កំពុងជំរុញការតភ្ជាប់ជើងហោះហើរឱ្យកាន់តែរលូន និង​ឆាប់រហ័ស
ជំនាញទេសចរណ៍៖ ពីការងារសាមញ្ញទៅជាអាជីពដែលទីផ្សារកំពុងត្រូវការ

វប្បធម៌ និងទេសចរណ៍

អ្នកផលិតភាពយន្តចិនជ្រើសរើសកម្ពុជាជាទីតាំងថត និងផលិតវីដេអូ AI ផ្សព្វផ្សាយ «សម្រស់​ពិត​របស់​កម្ពុជា» ទៅកាន់ពិភពលោក

2026/08/25 02:36:09 pm        342
ទីស្តីការក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រ​វិស័យ​ទេសចរណ៍​ភាព​យន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា បានអនុញ្ញាតជូន អ្នក​ឧកញ៉ា លីម ហ៊ួរនីតូ ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន, លោក Zhang Wenya នាយក​ក្រុម​ហ៊ុន Unicorn Media Consulting Group Cambodia, លោក Gao Weixiang នាយក​ប្រតិបត្តិក្រុមហ៊ុន VINCIS ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ ស្តីពីកិច្ចសហប្រតិបត្តិការផលិតភាពយន្តភាគខ្លី ផ្សព្វផ្សាយទេសចរណ៍ឌីជីថល និង​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីនាំយកសក្តានុពលទេសចរណ៍ និង «សម្រស់​ពិត​របស់​កម្ពុជា» ទៅកាន់ទីផ្សារអន្តរជាតិ។ ជំនួបពិភាក្សាការងារនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងសមាគមយុវជនឌីជីថលកម្ពុជា-ចិន ក្រុមហ៊ុន Unicorn Media Consulting Group Cambodia ក្រុមហ៊ុន VINCIS តំណាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) តួសម្តែងកម្ពុជា-ចិន និងអ្នកផលិតមាតិកាសរុបប្រមាណ ៣០រូប។ ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូចូលជួបពិភាក្សាការងារ ព្រមទាំងបានរាយការណ៍អំពីគម្រោងស្នើសុំកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្លូវការ ក្នុងការផលិតភាពយន្តខ្លីកម្ពុជា-ចិន នៅព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមយុវជនឌីជីថលកម្ពុជា-ចិន និងដៃគូពាក់ព័ន្ធ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានសម្តែងការស្វាគមន៍ និងគាំទ្រចំពោះគម្រោងផលិតភាពយន្តខ្លីកម្ពុជា-ចិន ដែលនឹងបង្ហាញពីកម្ពុជាតាមរយៈសាច់រឿង និងមាតិកាដ៏ទាក់ទាញដល់ទស្សនិកជនអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងទេសចរណ៍គាំទ្រជាគោលការណ៍ចំពោះសំណើសុំការគាំទ្រផ្លូវការ និងការស្នើសុំឱ្យក្រសួងធ្វើជាស្ថាប័នណែនាំ ដោយឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា រាល់ការផលិតភាពយន្តត្រូវអនុវត្តតាមនីតិវិធី និងបទប្បញ្ញត្តិជាធរមាន ជាពិសេសត្រូវទទួលបានការអនុញ្ញាតជាផ្លូវការលើខ្លឹមសារ និងសាច់រឿង (Script) ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មុនពេលដំណើរការថតជាក់ស្តែង។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវីដេអូ AI ដែលផលិតដោយក្រុមហ៊ុន VINCIS ដែលបានបង្ហាញពីតំបន់អង្គរ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តអភិវឌ្ឍវីដេអូ AI ក្នុងទម្រង់និទានកថា (Storytelling) ដោយបញ្ជូលបច្ចេកវិទ្យាទំនើបជាមួយវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ ម្ហូបអាហារ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដើម្បីនាំយក «សម្រស់ពិតរបស់កម្ពុជា» ទៅឱ្យពិភពលោកបានឃើញ និងស្គាល់កាន់តែច្បាស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យផលិតករទស្សនា និងមើលឃើញកម្ពុជាជា «ស្ទូឌីយូធម្មជាតិ» ដ៏សម្បូរបែប ដោយពង្រីកទីតាំងថតឱ្យហួសពីតំបន់អង្គរ (Beyond Angkor) ទៅកាន់តំបន់ឆ្នេរសមុទ្រភាគនិរតី ព្រៃភ្នំ និងទឹកជ្រោះនៅភាគឦសាន តំបន់អេកូទេសចរណ៍ ព្រមទាំងស្ថាបត្យកម្មបេតិកភណ្ឌ និងសំណង់សម័យអាណានិគមនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តកំពតជាដើម។ តំបន់ទាំងនេះ សុទ្ធសឹងតែអាចក្លាយជាផ្ទាំងទស្សនីយភាពធម្មជាតិដ៏មានសក្តានុពលសម្រាប់ការផលិតភាពយន្ត និងមាតិកាអន្តរជាតិ។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញ «ទេសចរណ៍ភាពយន្ត (Film Tourism)» ឱ្យក្លាយជាឧបករណ៍ដ៏មានសក្តានុពលសម្រាប់ផ្សព្វផ្សាយរូបភាព វប្បធម៌ និងគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ ជាក់ស្តែង រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបង្កើត «ក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត» កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ព្រមទាំងបានដាក់ឱ្យអនុវត្តកម្មវិធីលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដែលជាកត្តាគាំទ្រដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ អ្នកផលិតភាពយន្ត និងអ្នកបង្កើតមាតិកាពីទីផ្សារចិនមកកាន់កម្ពុជា។មុនបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់សមាគម ក្រុមហ៊ុន តួសម្តែងកម្ពុជា-ចិន និងអ្នកផលិតមាតិកា ចូលរួមផ្សព្វផ្សាយពីកម្ពុជាក្នុងនាមជា «គោលដៅទេសចរណ៍សុវត្ថិភាព» ព្រមទាំងរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានអវិជ្ជមាន ដែលប៉ះពាល់ដល់កិត្តិនាម និងរូបភាពទេសចរណ៍របស់កម្ពុជា៕

អាកាសយានដ្ឋានTIA រៀបចំពិព័រណ៍«ភូមិខ្ញុំ ផលិតផលខ្ញុំ» ជំរុញ​ផ្សព្វ​ផ្សាយ​អត្ត​សញ្ញាណ​កម្ពុជា​ទៅ​កាន់​ពិភពលោក

2026/08/21 04:44:23 pm        422
អាកាសយានដ្ឋានអន្តរជាតិតេជោ TIA នៅថ្ងៃទី២១ សីហានេះ បានបើកការតាំងពិព័រណ៌ «ភូមិខ្ញុំ ផលិតផលខ្ញុំ» ចំនួន៣ថ្ងៃ បើកឲ្យសាធារណជន អ្នកដំណើរជាតិ អន្តរជាតិទាំងអស់ ចូលទស្សនា និងចូលជាវផលិតផលខ្មែរទាំងអស់នោះដោយសេរី ក៏ដូចជំរុញការផ្សព្វផ្សាយផលិតផលកម្ពុជា ទៅកាន់ពិភពលោក និងទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជា ម្តងហើយមកទស្សនាម្តងទៀត។ តាមកម្មវិធីពិព័រណ៍«ភូមិខ្ញុំ ផលិតផលខ្ញុំ» នៅអាកាសយានដ្ឋានអន្តរជាតិតេជោTIAនោះ គឺមានរយៈ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៩ យប់ នៅស្ថានីយ៍អ្នកដំណើរមកដល់ទី១ និងទី២ ជាន់ផ្ទាល់ដីនេះ ដោយមានការតាំងបង្ហាញផលិតផលខ្មែរជាច្រើនប្រភេទ រួមមានម្ហូបអាហារ ផ្លែឈើស្រស់ វត្ថុអនុស្សាវរីយ៍ និងផលិតផលក្នុងស្រុកជាច្រើនមុខទៀត ហើយក៏មានការសម្ដែងសិល្បៈវប្បធម៌ខ្មែរដោយសេរីផងដែរ បំណងរួមគ្នាគាំទ្រសហគ្រិន និងម្ចាស់សិប្បកម្មខ្មែរ ព្រមទាំងលើកស្ទួយផលិតផលក្នុងស្រុក និងស្នាដៃខ្មែរ ក៏ដូចជំរុញផ្សព្វផ្សាយផលិតផលខ្មែរទាំងអស់កាន់ពិភពលោក តាមរយៈការបើកឲ្យអ្នកដំណើរអន្តរជាតិមកពីតាមប្រទេសនានាចូលទស្សនា។ បើតាមអ្នកដំណើរអន្តរជាតិ នាថ្លែងប្រាប់BTV ថា ការតាំងពិព័រណ៍ ភូមិខ្ញុំ ផលិតផលខ្ញុំ គឺមានសំខាន់ៗ ក្នុងការបង្ហាញឲ្យអ្នកដំណើរអន្តរជាតិនានា ស្គាល់ពីអត្តសញ្ញាណផលិតផលខ្មែរ និងនាំគ្នាប្រើប្រាស់ថវិកាចុងក្រោយដែលសល់ពីការដើរកម្សាន្តនៅកម្ពុជា ធ្វើការទិញផលិតផលខ្មែរទាំងនោះទៅប្រើប្រាស់ និងធ្វើជាវត្ថុអនុស្សាវរីយចែកជូនមិត្តភក្តិ បងប្អូនសាច់ញ្ញាតិ និងធ្វើឲ្យគេចង់ចាំពីកម្ពុជា ហើយនឹងនាំគ្នាមកទស្សនាកម្ពុជាម្តងទៀត។ បណ្តាម្ចាស់សិប្បកម្មក្នុងស្រុកបានថ្លែងថា ការតាំងបង្ហាញលក់ផលិតផលខ្មែរនេះ គឺមានអ្នកដំណើរអន្តរជាតិចេញចូលអាកាសយដ្ឋានអន្តរជាតិតេជោ ចូលទស្សនា និងមានការគាំទ្រជាវទិញជាហូរហែរ ហើយរំពឹងថា ភ្ញៀវដែលបានជាវភេសជ្ជៈ និងជាវវត្ថុអនុស្សាវរីយ៍ខ្មែរនេះ នឹងចងចាំល្អពីកម្ពុជា មានការនឹករលឹកកម្ពុជា និងមកទស្សនាកម្ពុជាម្តងទៀត។ បណ្តាម្ចាស់សិប្បកម្ម ក៏បានអរគុណដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលរៀបចំកម្មវិធីពិព័រណ៍ ភូមិខ្ញុំ ផលិតផលខ្ញុំ និងបានផ្តល់ឱកាសឲ្យម្ចាស់សិប្បកម្មទាំងអស់បានបង្កើនផ្សព្វផ្សាយផលិតផលរបស់ខ្លួន និងជំរុញការនាំចេញផលិតផលរបស់ខ្លួននៅនឹងកន្លែងផង ហើយនឹងឈានទៅដល់ការបង្កើនផលិតដើម្បីនាំចេញទៅក្រៅប្រទេសផង៕ អត្ថបទ ស៊ុម សុខជា

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កំពុងជំរុញការតភ្ជាប់ជើងហោះហើរឱ្យកាន់តែរលូន និង​ឆាប់រហ័ស

2026/08/20 02:56:13 pm        508
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្រុមហ៊ុន​អាកាស​ចរណ៍ អ៊ែរ ខេមបូឌា កំពុងសហការយ៉ាងជិតស្និទ្ធជាមួយ អាកាស​យាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ (SAI) និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីជំរុញការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ការ​តភ្ជាប់ និងផ្ទេរជើងហោះហើរ ឱ្យកាន់តែរលូន ងាយស្រួល ឆាប់រហ័ស និងមាន​ប្រសិទ្ធភាព​។ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យ​រដ្ឋ​លេខា​ធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​ (SSCA)​ បានឱ្យដឹងថា កិច្ចខិតខំនេះផ្តោតលើការកាត់បន្ថយនីតិវិធី និងឧបសគ្គ​ដែល​មិន​ចាំ​បាច់​ ដោយជំរុញការតភ្ជាប់អ្នកដំណើរអន្តរជាតិពីបណ្តាញហោះហើរក្នុងតំបន់ និង​សកល​លោក​ ទៅកាន់បណ្តាញហោះហើរក្នុងស្រុកកាន់តែមានប្រសិទ្ធភាព ដើម្បីគាំទ្រ​ដល់​វិស័យ​ទេសចរណ៍​ ពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បី​ជំរុញ​ការ​អភិវឌ្ឍកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍សកល។ឯកឧត្តម បន្តថា តាមរយៈការកាត់បន្ថយឧបសគ្គ ឬចំណុចរាំង​ស្ទះ​ក្នុង​ដំណើរ​ការ​ប្រតិបត្តិ​ការ​ដែល​មិន​ចាំបាច់ អ៊ែរ ខេមបូឌា និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) កំពុងពន្លឿន និង​បង្កើនលក្ខណៈងាយស្រួលដល់ការតភ្ជាប់របស់អ្នកដំណើរអន្តរជាតិ ពីបណ្តាញ​ហោះ​ហើរ​ក្នុង​តំបន់ ​និងសកលលោក ទៅកាន់បណ្តាញហោះហើរក្នុងស្រុក កាន់តែឆាប់រហ័ស និងងាយស្រួល។ឯកឧត្តម មានប្រសាសន៍ថា «ការឆែកអ៊ីន (Check-In) ក្នុងស្រុក​ដែល​មាន​ភាព​បត់​បែន​ខ្ពស់​បំផុត ដោយចំណាយពេល ១៥ នាទី ដើម្បីសម្រួលសម្រាប់ជើងហោះហើរក្នុងស្រុក ដែល​តភ្ជាប់​សៀមរាប ទៅភ្នំពេញ និងព្រះសីហនុ និងការជំរុញក្របខណ្ឌឆ្លងកាត់ដើម្បីកំណត់គោលដៅ ពេល​វេលា​តភ្ជាប់ជើងហោះហើរអប្បបរមា ប្រកប ដោយការប្រកួតប្រជែងខ្ពស់ ចាប់ពី ៥០ ដល់ ៦០ នាទី»។ឯកឧត្តម បន្ថែមទៀតថា ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ ខេមបូឌា ក៏កំពុង​ពន្លឿន​ការ​អនុវត្ត​យុទ្ធ​សាស្ត្រស្នូលទៅលើការធ្វើទំនើបកម្ម និងពិពិធកម្មកងយន្តហោះ និង ការពង្រីក​បណ្តាញ​ហោះហើរ។ គ្រឹះដ៏សំខាន់នៃចក្ខុវិស័យនេះ គឺកិច្ចព្រមព្រៀងទិញយន្តហោះខ្នាតមធ្យម និង​ប្រភេទយន្តហោះសម្រាប់ប្រតិបត្តិការហោះហើរក្នុងតំបន់ដ៏មានសារៈសំខាន់ ដែលបង្ហាញ ពី​ជំហរ​ដ៏​មាន​ប្រៀប​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ក្នុង​ការ​បង្កើន​ការ​តភ្ជាប់​ជើង​ហោះ​ហើរ​ចម្ងាយ​ឆ្ងាយ ​និងខ្សែហោះហើរមេតាមរយៈកិច្ចព្រមព្រៀងទិញយន្តហោះ Boeing ដែល​បាន​ចុះ​ហត្ថ​លេខា​នៅ​ឯ​ពិព័រណ៍​អាកាស​ចរណ៍​សិង្ហបុរី​ដើម្បី​នាំ​មក​នូវ​យន្ត​ហោះ​ទំនើប​ចុង​ក្រោយ​បង្អស់​ចាប់​ពី​ឆ្នាំ​២​០៣១ តទៅ។ព្រម​ទាំង ការពង្រឹងការតភ្ជាប់ជើងហោះហើរក្នុងតំបន់ តាមរយៈកិច្ចព្រមព្រៀងទិញដុំ (Bulk Purchase) ជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ ខេមបូឌា ជាមួយក្រុមហ៊ុន COMAC សម្រាប់យន្តហោះក្នុងតំបន់ C909 រហូតដល់ ២០ គ្រឿង ដែល​បាន​ក្លាយ​ជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍ ដំបូងគេបង្អស់បានបញ្ជាទិញទ្រង់ទ្រាយធំសម្រាប់ប្រភេទយន្តហោះនេះ។ ការ​ប្រតិបត្តិ​ការ​ដឹកជញ្ជូននឹងចាប់ផ្តើមនៅឆមាសទី២ ឆ្នាំ២០២៦។ក្នុង​ឆ្នាំ​២០២៥កន្លងទៅ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ SAI ទទួលបានអ្នកដំណើរ ១.៤៧ លាននាក់ កើនឡើង ៥.៣% ធៀបនឹងឆ្នាំ២០២៤។ សម្រាប់ឆមាសទី១ ឆ្នាំ២០២៦ មាន​អ្នកដំណើរចំនួន ៧១៤,១៣៣នាក់៕ អត្ថបទ៖ ធូ វិរ

ជំនាញទេសចរណ៍៖ ពីការងារសាមញ្ញទៅជាអាជីពដែលទីផ្សារកំពុងត្រូវការ

2026/08/20 12:30:01 pm        528
ការរធ្វើម្ហូប រៀបចំបន្ទប់សណ្ឋាគារ បម្រើអាហារ ឬទទួលភ្ញៀវ អាចមើលទៅជាការងារសាមញ្ញ ប៉ុន្តែ​ការបំពេញការងារទាំងនេះប្រកបដោយវិជ្ជាជីវៈ ត្រូវការជំនាញ បទពិសោធន៍ និង​ការ​បណ្តុះ​បណ្តាល​តាម​ស្តង់ដារ ខណៈតម្រូវការអ្នកជំនាញក្នុងវិស័យទេសចរណ៍ និង​បដិ​សណ្ឋារកិច្ច​កំពុង​កើន​ឡើង ​គ្រាដែលរាជរដ្ឋាភិបាលកាន់តែមានការយកចិត្តទុកដាក់ខ្ពស់លើការងារទាំងនេះ។ លោក ស៊ឹម សុចិន្តា ប្រធានមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច នៃ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេក​​ទេសកម្ពុជា (NPIC) បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ការងារក្នុង​វិស័យ​នេះ​មិ​​នគួរពឹងផ្អែកតែលើការរៀនតាមបទពិសោធន៍នៅផ្ទះនោះទេ ប៉ុន្តែ​ត្រូវ​ការ​ការ​បណ្តុះ​បណ្តាល​ដែល​មាន​កម្ម​វិធីសិក្សាច្បាស់លាស់ គ្រូមានគុណវុឌ្ឍិ និងការវាយតម្លៃសមត្ថភាព ដើម្បី​ឲ្យ​អ្នក​សិក្សា​អាច​បំពេញការងារតាមតម្រូវការរបស់ទីផ្សារ។ លោកបានបញ្ជាក់ថា វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច មានមុខជំនាញជាច្រើន រួមមាន៖ ការ​គ្រប់​គ្រងសេវាកម្មទេសចរណ៍ សណ្ឋាគារការិយាល័យជួរមុខ ភោជនីយដ្ឋាន និងម្ហូបអាហារ សេវា​កម្ម​កម្សាន្ត ព្រមទាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាម្ហូបអាហារ។ លោកបានបន្តថា អ្នក​ដែល​មាន​សមត្ថភាព និងអាចបង្ហាញលទ្ធផលការងារបានល្អ មានឱកាស​ទទួល​បាន​ប្រាក់​ចំណូល​កាន់​តែ​ប្រសើរ ខណៈប្រាក់ខែជាក់ស្តែងអាស្រ័យលើសមត្ថភាព តម្រូវការទីផ្សារ និងការ​ចរចា​ជាមួយ​និយោជក​។ សម្រាប់អ្នកដែលចង់ចូលទីផ្សារការងារឆាប់ អាចជ្រើសរើស​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​រយៈ​ពេល​ខ្លី ខណៈការសិក្សារយៈពេលវែងអាចផ្តល់សមត្ថភាពបន្ថែមលើការវិភាគ ការ​គ្រប់​គ្រង ​ការរៀបចំផែនការ និងការសម្រេចចិត្ត។ បន្ថែមពីនេះ លោកប្រធានមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច បានសង្កត់ធ្ងន់ថា ការរីកចម្រើននៃវិស័យទេសចរណ៍ក៏អាចជួយជំរុញវិស័យផ្សេងៗទៀត ដូចជា កសិកម្ម ការកែច្នៃម្ហូបអាហារ និងសេវាកម្ម ដោយបង្កើតតម្រូវការសម្រាប់ផលិតផលក្នុងស្រុក និងបង្កើតឱកាសការងារបន្ថែម។ ដូច្នេះ ជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចមិនត្រឹមតែជាជំនាញសម្រាប់រកការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែអាចក្លាយជាមូលដ្ឋានសម្រាប់ការកសាងអាជីពរយៈពេលវែង និងចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងវិស័យពាក់ព័ន្ធជាច្រើន។ សូមបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ជាគ្រឹះស្ថាន ធីវ៉េត (TVET) មួយដែលឈានមុខគេក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការបណ្តុះបណ្តាលប្រកបដោយគុណភាព និងស្តង់ដា ដែលផ្តល់នូវឱកាសការងារខ្ពស់ក្រោយពេលបញ្ចប់ការសិក្សា។ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជានេះ​ មានមហាវិទ្យាល័យទាំង៨ នឹងផ្តល់នូវមុខជំនាញប្រកបដោយសក្ដានុពលក្នុងទីផ្សារការងារ ក្នុងនោះក៏មាន ​មហាវិទ្យាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងវិទ្យាសាស្ត្រសង្គម,មហាវិទ្យាល័យអគ្គិសនី, មហាវិទ្យាល័យអេឡិចត្រូនិក និងទូរគមនាគមន៍, មហាវិទ្យាល័យមេកានិក,មហាវិទ្យាល័យមេកានិករថយន្ត, មហាវិទ្យាល័យសំណង់ស៊ីវិល និងស្ថាបត្យកម្ម, មហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រ និងមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច​​​៕​ អត្ថបទ៖ ឈិត បូរ៉ាវី

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ «ប្រាសាទព្រះវិហារក្រោមគ្រាប់ផ្លោង» ស្លាកស្នាម​នៃសកម្មភាព​ឈ្លានពាន​ប្រដាប់​អាវុធរបស់យោធាថៃ​លើបេតិកភណ្ឌពិភពលោក

2026/08/18 12:49:17 pm        426
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុកថា ប្រាសាទព្រះវិហារ បានឈរជាសាក្សីនៃអរិយធម៌ខ្មែរអស់រយៈពេលជិតមួយសហស្សវត្សរ៍ និងត្រូវបានពិភពលោកទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌដែលមានតម្លៃលេចធ្លោជាសកល។ ប៉ុន្តែ នៅក្នុងសង្គ្រាមឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃនៅឆ្នាំ២០២៥ សំណង់ដែលបានឆ្លងកាត់ពេលវេលារាប់សតវត្សរ៍មួយនេះ មិនអាចគេចផុតពីគ្រាប់ផ្លោង និងផលវិបាកនៃប្រតិបត្តិការយោធាបានឡើយ។ ឯកឧត្តមបន្តថា ការខូចខាតនៅប្រាសាទព្រះវិហារ មិនមែនគ្រាន់តែជាការអះអាងរបស់កម្ពុជានោះទេ។ របាយការណ៍របស់អង្គភាពជំនាញបានកត់ត្រាអំពីភាពធ្ងន់ធ្ងរនៃការខូចខាត៖ ធាតុស្ថាបត្យកម្មត្រូវបានបំផ្លាញ ឬផ្លាស់ទីយ៉ាងធ្ងន់ធ្ងរដោយការបាញ់ផ្ទាល់ ចម្លាក់លម្អ និងសិលាចារឹកត្រូវបានខូចខាត ឬបាត់បង់ ហើយឥទ្ធិពលនៃការផ្ទុះបានប៉ះពាល់ទាំងលើតួប្រាសាទ និងជ្រោះថ្មជុំវិញ ដែលបង្កការគំរាមកំហែងដល់បូរណភាព ភាពពិតប្រាកដ និងតម្លៃលេចធ្លោជាសកលរបស់សម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ។ ឯកឧត្តមថ្លែងថា៖«នេះជាការពិតដែលមិនអាចលុបបំបាត់ដោយវោហាសាស្ត្រណាមួយបានទេ។ នៅពេលថ្មប្រាសាទបាក់បែក ចម្លាក់ត្រូវខូចខាត សិលាចារឹកបាត់បង់ និងសំណល់គ្រាប់យុទ្ធភណ្ឌនៅតែត្រូវបានរកឃើញក្នុងតំបន់បេតិកភណ្ឌ ភស្តុតាងនៅលើដីនិយាយខ្លាំងជាងការអះអាងណាមួយ»។ ឯកឧត្តមបានបញ្ជាក់ថា តួលេខដែលប្រាប់រឿងរ៉ាវនៃការខូចខាតទំហំនៃការខូចខាត និងផលវិបាកនៃជម្លោះត្រូវបានបង្ហាញកាន់តែច្បាស់តាមរយៈប្រតិបត្តិការសង្គ្រោះបន្ទាន់ដែលកម្ពុជាបានអនុវត្តដោយមានកិច្ចសហការជាមួយដៃគូអន្តរជាតិ។ ផ្ទៃដីប្រមាណ ៤០ ហិកតា ក្នុងតំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ត្រូវបានបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម។ ក្នុងប្រតិបត្តិការនោះ គេបានរកឃើញ និងបោសសម្អាត គ្រាប់បែកចង្កោមចំនួន ៩៧ គ្រាប់ គ្រាប់មិនទាន់ផ្ទុះចំនួន ៨៤ គ្រាប់ និងបំណែកគ្រាប់កាំភ្លើងធំចំនួន ១៧ ៩៣៧ បំណែក។ ទន្ទឹមនឹងនេះ តួប្រាសាទទាំងមូលត្រូវបានចងក្រងឯកសារអំពីស្ថានភាពរបស់វា។ ការពង្រឹងស្ថិរភាពរចនាសម្ព័ន្ធត្រូវបានអនុវត្តនៅ ២០ ទីតាំងសំខាន់ៗ ហើយថ្ម និងបំណែកស្ថាបត្យកម្មមានចម្លាក់ ជាង ៦០ ០០០ បំណែក ត្រូវបានកំណត់អត្តសញ្ញាណ និងប្រមូលរក្សាទុក។ តួលេខទាំងនេះមិនមែនជាស្ថិតិស្ងួតៗនោះទេ។ នៅពីក្រោយបំណែកថ្មនីមួយៗ គឺជាផ្នែកមួយនៃស្ថាបត្យកម្ម សិល្បៈ ប្រវត្តិសាស្ត្រ និងការចងចាំរបស់មនុស្សជាតិ។ ថ្មដែលបាក់អាចត្រូវបានប្រមូល។ សំណង់ដែលខូចអាចត្រូវបានពង្រឹង។ ប៉ុន្តែតម្លៃប្រវត្តិសាស្ត្រដែលត្រូវបានបំផ្លាញ មិនអាចផលិតឡើងវិញដូចវត្ថុថ្មីក្នុងរោងចក្របានឡើយ។ ឯកឧត្តមបន្ថែមថា បេតិកភណ្ឌមិនមែនជាគោលដៅនៃសង្គ្រាម៖ ប្រាសាទព្រះវិហារមិនមែនគ្រាន់តែជាប្រាសាទរបស់កម្ពុជាទេ។ ការចុះបញ្ជីប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មានន័យថា តម្លៃរបស់វាឆ្លងផុតព្រំដែនជាតិ និងជាកេរដំណែលដែលមានសារៈសំខាន់ចំពោះមនុស្សជាតិទាំងមូល។ ហេតុនេះ ការខូចខាតដល់ប្រាសាទព្រះវិហារ មិនមែនជាការបាត់បង់របស់កម្ពុជាតែម្នាក់ឯងទេ ប៉ុន្តែជាការបាត់បង់ចំពោះបេតិកភណ្ឌរួមរបស់មនុស្សជាតិ។ ឯកឧត្តមរដ្ឋមន្រ្ដីបន្តថា ការការពារសម្បត្តិវប្បធម៌នៅក្នុងពេលមានជម្លោះប្រដាប់អាវុធ មិនមែនជាជម្រើសនយោបាយទេ។ វាជាកាតព្វកិច្ចដែលត្រូវបានទទួលស្គាល់នៅក្រោមច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍នៃច្បាប់មនុស្សធម៌អន្តរជាតិដែលទាមទារឱ្យភាគីជម្លោះគោរព និងការពារសម្បត្តិវប្បធម៌ពីផលប៉ះពាល់នៃប្រតិបត្តិការយោធា។ សម្បត្តិវប្បធម៌ដែលមានតម្លៃពិសេសសម្រាប់មនុស្សជាតិ ត្រូវការការប្រុងប្រយ័ត្ន និងការការពារខ្ពស់។ ដូច្នេះ នៅពេលតំបន់បេតិកភណ្ឌពិភពលោកត្រូវរងការខូចខាតដោយប្រតិបត្តិការយោធា សំណួរមិនមែនមានត្រឹមថា «អ្វីខ្លះបានបាក់បែក?» ប៉ុណ្ណោះទេ។ សំណួរដែលសហគមន៍អន្តរជាតិត្រូវសួរផងដែរគឺ៖ តើហេតុអ្វីបានជាបេតិកភណ្ឌពិភពលោកមួយនេះត្រូវបានទុកឱ្យប្រឈមនឹងគ្រាប់ផ្លោង? តើវិធានការប្រុងប្រយ័ត្នដែលច្បាប់អន្តរជាតិតម្រូវត្រូវបានអនុវត្តដែរឬទេ? ហើយតើអ្នកណាត្រូវទទួលខុសត្រូវចំពោះការខូចខាតដែលបានកើតឡើង? ឯកឧត្តមបន្ថែមថា បញ្ហានេះក៏មានវិសាលភាពលើសពីប្រាសាទព្រះវិហារ៖ កម្ពុជាបានទាញការយកចិត្តទុកដាក់របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកទៅលើសកម្មភាពឯកតោភាគីរបស់អាជ្ញាធរស៊ីវិល និងយោធាថៃនៅក្នុងទឹកដីកម្ពុជាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានប៉ះពាល់មិនត្រឹមតែប្រាសាទព្រះវិហារ ប៉ុន្តែថែមទាំង ប្រាសាទខ្នារ ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងរូបសំណាកព្រះវិស្ណុនៅខាងកើតប្រាសាទព្រះវិហារ ផងដែរ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា សកម្មភាពទាំងនេះរួមមានការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ និងសំណល់បុរាណវិទ្យា ការបង្កការខូចខាតធ្ងន់ធ្ងរដល់ទីតាំងបេតិកភណ្ឌ និងការចុះបញ្ជីប្រាសាទកម្ពុជាមួយចំនួនក្នុងបញ្ជីបុរាណដ្ឋានជាតិរបស់ថៃ។ កម្ពុជាបានព្រមានថា សកម្មភាពទាំងនេះមើលទៅមានបំណងផ្លាស់ប្តូរស្ថានភាពដែលមានស្រាប់នៅលើដី បង្កើតស្ថានភាព fait accompli និងធ្វើឱ្យចុះខ្សោយដល់ការគ្រប់គ្រង ការអភិរក្ស និងការថែរក្សាទីតាំងវប្បធម៌ទាំងនេះរបស់កម្ពុជាដែលមានជាយូរមកហើយ។ បេតិកភណ្ឌមិនអាចត្រូវបានប្រើជាឧបករណ៍សម្រាប់បង្កើតការអះអាងទឹកដី ហើយការគ្រប់គ្រងដោយកម្លាំងមិនអាចបង្កើតសិទ្ធិស្របច្បាប់លើបេតិកភណ្ឌរបស់រដ្ឋមួយផ្សេងទៀតបានឡើយ។ ឯកឧត្តមរដ្ឋមន្រ្ដីសង្គត់ធ្ងន់ថា ភស្តុតាងមិនអាចត្រូវបានលុបបំបាត់ដោយវោហាសាស្ត្រ៖ ការបកស្រាយ និងហេតុផលដែលយោធាថៃបានលើកឡើងដើម្បីការពារប្រតិបត្តិការរបស់ខ្លួន មិនអាចលុបបំបាត់ភស្តុតាងជាក់ស្តែងនៅលើដីបានឡើយ។ បំណែកស្ថាបត្យកម្មដែលបាក់បែក ស្នាមខូចខាតដោយការផ្ទុះ សំណល់គ្រាប់យុទ្ធភណ្ឌ និងការងារសង្គ្រោះបន្ទាន់ដ៏ធំធេងនៅតំបន់ប្រាសាទ គឺជាភស្តុតាងរូបវន្តដែលត្រូវឆ្លើយតបដោយការពិត និងការទទួលខុសត្រូវ មិនមែនដោយការបដិសេធ ឬការបកស្រាយដើម្បីគេចវេះពីផលវិបាកនៃសកម្មភាពយោធានោះទេ។ គ្រាប់ផ្លោងមិនអាចត្រូវបានបម្លែងទៅជាវោហាសាស្ត្រ។ ថ្មដែលបាក់បែកមិនអាចត្រូវបានបដិសេធដោយសេចក្តីថ្លែងការណ៍។ ហើយសំណល់គ្រាប់យុទ្ធភណ្ឌដែលត្រូវបានរកឃើញនៅលើដី មិនអាចរលាយបាត់ដោយការបដិសេធនោះឡើយ។ ការទទួលខុសត្រូវចំពោះបេតិកភណ្ឌពិភពលោកត្រូវចាប់ផ្តើមពីការទទួលស្គាល់ការពិត និងការធានាថា សកម្មភាពដែលបង្កហានិភ័យដល់បេតិកភណ្ឌនោះនឹងមិនកើតឡើងម្តងទៀត។ ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងថា ថ្មអាចជួសជុលបាន តែប្រវត្តិសាស្ត្រដែលបាត់បង់មិនអាចបង្កើតឡើងវិញ៖កម្ពុជាបានចាត់វិធានការសង្គ្រោះបន្ទាន់តាមរយៈអាជ្ញាធរជាតិព្រះវិហារ ដោយសហការជាមួយដៃគូអន្តរជាតិ។ ការបោសសម្អាតសំណល់ជាតិផ្ទុះ ការកត់ត្រាស្ថានភាពតួប្រាសាទ ការពង្រឹងរចនាសម្ព័ន្ធ និងការប្រមូលបំណែកស្ថាបត្យកម្មរាប់ម៉ឺនបំណែក បង្ហាញពីការប្តេជ្ញាចិត្តក្នុងការរក្សាតម្លៃលេចធ្លោជាសកលរបស់ប្រាសាទ ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាកក៏ដោយ។ ប៉ុន្តែ ពិភពលោកមិនគួររង់ចាំឱ្យប្រាសាទត្រូវរងគ្រាប់ផ្លោង រួចទើបប្រមូលបំណែកថ្មឡើងវិញទេ។ ពិភពលោកមិនគួររង់ចាំឱ្យចម្លាក់ត្រូវខូចខាត រួចទើបនិយាយពីការអភិរក្សទេ។ ពិភពលោកក៏មិនគួររង់ចាំឱ្យបេតិកភណ្ឌដែលមិនអាចជំនួសបានត្រូវបាត់បង់ រួចទើបរំឭកពីកាតព្វកិច្ចការពារបេតិកភណ្ឌនោះដែរ។ ការស្ដារ និងជួសជុលថ្មឡើងវិញមិនគ្រប់គ្រាន់ទេ ប្រសិនបើមូលហេតុដែលធ្វើឱ្យថ្មទាំងនោះបាក់បែកមិនត្រូវបានទប់ស្កាត់។ នេះហើយជាមូលហេតុដែលកម្ពុជាបានអំពាវនាវឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបន្តគាំទ្រការស្ដារ និងការអភិរក្សរយៈពេលវែងនៃប្រាសាទព្រះវិហារ បន្តតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពអភិរក្ស និងជំរុញឱ្យមានលក្ខខណ្ឌដែលធានាការចូលទៅកាន់តំបន់ដោយសុវត្ថិភាព និងគ្មានការរំខាន សម្រាប់អ្នកជំនាញអភិរក្ស ក្រុមឆ្លើយតបបន្ទាន់ និងសហគមន៍មូលដ្ឋាន។ ប្រាសាទព្រះវិហារបានឈរឆ្លងកាត់ពេលវេលារាប់សតវត្សរ៍។ វាបានរស់រានមានជីវិតឆ្លងកាត់ការផ្លាស់ប្តូរនៃអាណាចក្រ ព្រំដែន និងប្រវត្តិសាស្ត្រ។ វាមិនគួរត្រូវបានទុកឱ្យក្លាយជាសាក្សីស្ងៀមស្ងាត់នៃការខូចខាតដោយសកម្មភាពឈ្លានពានប្រដាប់អាវុធនៅសតវត្សទី២១ នេះឡើយ។ ប្រាសាទព្រះវិហារមិនត្រូវការការអាណិតអាសូរបន្ទាប់ពីការបំផ្លាញទេ។ វាត្រូវការការការពារមុនពេលការបំផ្លាញកើតឡើង។ ការពារប្រាសាទព្រះវិហារ មិនមែនគ្រាន់តែជាការពារអតីតកាលរបស់កម្ពុជាទេ។ វាគឺជាការការពារកេរដំណែលរួមរបស់មនុស្សជាតិ ការពារគោលការណ៍នៃច្បាប់ និងការពារសិទ្ធិរបស់មនុស្សជំនាន់ក្រោយក្នុងការទទួលបានបេតិកភណ្ឌដែលមនុស្សជំនាន់នេះមានកាតព្វកិច្ចប្រគល់ជូនពួកគេដោយសន្តិភាព។ ថ្មអាចត្រូវបានជួសជុល។ ប៉ុន្តែប្រវត្តិសាស្ត្រដែលត្រូវបានបំផ្លាញមិនអាចផលិតឡើងវិញបានឡើយ។ ហើយបេតិកភណ្ឌពិភពលោកមិនគួរត្រូវបានទុកឱ្យក្លាយជាជនរងគ្រោះនៃសង្គ្រាមម្តងទៀតទេ៕

ក្រសួងវប្បធម៌ រំឭកសាធារណជន សិល្បករ សិល្បការិនី​ទាំងអស់​ចំពោះ​ការចូលរួម​ថែ​រក្សា​វប្បធម៌​ប្រពៃណី​ទំនៀម​ទម្លាប់ដ៏ផូរផង់របស់ខ្មែរ និងការការពារតម្លៃស្ត្រីក្នុងសង្គម

2026/08/17 01:58:11 pm        489
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរំឭក និងជម្រាបជូនបន្ថែមដល់សាធារណជនទូទៅ ជាពិសេសសិល្បករ សិល្បការិនី អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈវប្បធម៌ទាំងអស់ អំពីភាពចាំបាច់ក្នុងការចូលរួមថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ និងការការពារតម្លៃស្ត្រីក្នុងសង្គមយើង។ក្រសួងវប្បធម៌បានលើកឡើងថា ទោះជាសកម្មភាពមួយភាគធំតាមបណ្តាញសង្គម បានបង្ហាញនូវភាពចាស់ទុំ ប្រកបដោយគោលដៅផ្តល់ព័ត៌មាន ផ្សព្វផ្សាយ អប់រំ ផ្តល់ចំណេះដឹង និងបានចូលរួមយ៉ាងសកម្មដល់កិច្ចការពារតម្លៃមរតកដូនតាខ្មែរទាំងរូបី និងអរូបី ប៉ុន្តែយើងនៅតែសង្កេតឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួននៅតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរមកលើតម្លៃវប្បធម៌សង្គម និងតម្លៃស្ត្រីខ្មែរ។ក្នុងន័យនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរំឭកអំពីសេចក្តីណែនាំនានា ក្នុងន័យពង្រឹងនិងតម្រង់ទិសអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ជាពិសេសតួនាទីដ៏ចាំបាច់របស់សិល្បករ សិល្បការិនី និងអ្នកប្រកបអាជីពក្នុងវិស័យសិល្បៈវប្បធម៌ ក្នុងការចូលរួមការពារវប្បធម៌ ប្រពៃណីជាតិ ពង្រឹងសីលធម៌សង្គមដ៏ល្អរបស់ខ្មែរយើង និងការការពារដល់តម្លៃស្ត្រី។ក្រសួងវប្បធម៌បញ្ជាក់ថា៖«សូម សិល្បករ សិល្បការិនី អ្នកប្រកពអាជីពក្នុងវិស័យសិល្បៈវប្បធម៌ និងសាធារណជនទូទៅទាំងអស់បន្តស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការប្រើប្រាស់បណ្តាញសង្គម ដោយមិនត្រូវប៉ះពាល់ដល់តម្លៃសង្គម តម្លៃវប្បធម៌ ប្រពៃណី តម្លៃស្ត្រី ដើម្បីប្រជាជាតិខ្មែរយើងទាំងមូល»៕ 

សម្រស់កំពូលទាំង ៥ របស់ប្រាសាទអង្គរវត្ត មើលពីជ្រុងនិរតីកំពុងទាក់ទាញទេសចរមកថតរូបភាព

2026/08/17 12:23:51 pm        310
សៀមរាប៖ សម្រស់កំពូលទាំង ៥ របស់ប្រាសាទអង្គរវត្ត លេចត្រដែតផុសពីព្រៃព្រឹក្សា ដែលមានពណ៌បៃតងខ្ចីនារដូវវស្សា កំពុងបង្ហាញសោភ័ណភាពយ៉ាងស្រស់ស្អាត និងបានទាក់ទាញភ្ញៀវទេសចរ មកថតផ្តិតរូបភាពនៅពីខាងក្រៅកសិន្ធុ ទិសនិរតីនៃប្រាសាទអង្គរវត្ត ដើម្បីទុកជាអនុស្សាវរីយ៍ និងផ្សព្វផ្សាយជាដើម។ ភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត មើលពីចំណុចណាក៏ស្រស់ស្អាត និងទាក់ទាញ សូមសាធារណជនគ្រប់រូបមកទស្សនា នៅតំបន់រមណីយដ្ឋានអង្គរ មកថតរូបទុកជាអនុស្សាវរីយ៍កុំខកខានឡើយ ក៏ដូចជាផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក៕  

រដ្ឋមន្ដ្រីទេសចរណ៍ កោតសរសើរឆន្ទៈកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ក្រោយរួមគ្នាជិះកង់ដើម្បីផ្សព្វផ្សាយទេសចរណ៍ភ្នំដា

2026/08/17 10:19:46 am        296
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឆន្ទៈរបស់កីឡាករ-កីឡាការិនី ទាំងជាតិ និងអន្ដរជាតិ ដែលបានរួបរួមគ្នាចូលរួមជិះកង់ ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ពិសេសនៅតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ដ្រ នៃប្រាសាទភ្នំដា។ការកោតសរសើរនេះ បន្ទាប់ពីសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ ភ្នំដា ព្រមជាមួយក្លឹបជិះកង់អូដាកកម្ពុជា និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានសហការគ្នារៀបចំព្រឹត្តិការណ៍ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា» ដោយចេញដំណើរពីវិមានឯករាជ្យ រាជធានីភ្នំពេញ ឆ្ពោះទៅប្រាសាទភ្នំដា ស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ដោយទាក់ទាញកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិចូលរួមលើសការរំពឹងសរុបចំនួន ៨០០នាក់។ឯកឧត្តម ហួត ហាក់ បានចាត់ទុកនេះគឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មីមួយទៀត ដែលមានការចូលរួមសហការ និងគាំទ្រពីក្រសួង-ស្ថាប័នជាច្រើន ក្នុងគោលដៅការផ្សព្វផ្សាយ និងជំរុញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ឲ្យធ្វើដំណើរកម្សាន្ដ នៅតាមរមនីយដ្ឋាន និងតំបន់សក្ដានុពលទេសចរណ៍សំខាន់ៗនានា ពិសេសកំឡុងរដូវកាលបៃតងនេះតែម្ដង។បន្ថែមលើនេះ ឯកឧត្តមបានកោតសរសើរនូវឆន្ទៈរបស់កីឡាករ-កីឡាការិនីទាំង ៨០០នាក់ ក្នុងនោះក៏មានជនបរទេសមកពីច្រើនសញ្ជាតិ ដូចជាបារាំង រុស្ស៊ី អាមេរិក វៀតណាម ចិន អាល្លឺម៉ង់ និងជប៉ុនជាដើម ដែលបានរួមគ្នាបង្ហាញនូវទឹកចិត្តស្នេហាវិស័យកីឡា ក៏ដូចជាទឹកចិត្តប្ដេជ្ញាដើម្បីលើកស្ទួយវិស័យទេសចរណ៍កម្ពុជា តាមរយៈព្រឹត្តិការណ៍ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា ដែលើសពីព្រឹត្តិការណ៍កីឡាធម្មតា តែបានផ្សារភ្ជាប់នឹងការផ្សព្វផ្សាយវិស័យទេសចរណ៍ ការលើកកម្ពស់វប្បធម៌ អរិយធម៌ និងបរិស្ថាន តាមរយៈការដាំកូនក្ងោកចំនួន ៦០០ដើម និងកម្មវិធីមនុស្សធម៌ តាមរយៈការរួមគ្នាផ្ដល់ជូននូវសម្ភារសិក្សាដល់សិស្សានុសិស្សទៀតផង។ជាមួយព្រឹត្តិការណ៍កីឡាផ្សារភ្ជាប់ទេសចរណ៍ និងសប្បុរសធម៌នេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ ភ្នំដា សហការជាមួួយក្លិបអូដាកកម្ពុជា ដោយបានការគាំទ្រពីភាគីពាក់ព័ន្ធជាច្រើន ពិសេសក្រសួងទេសចរណ៍ ពិតជាបានរួមចំណែកជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិកាន់តែច្រើន។ ក្រោយព្រឹត្តិការណ៍ជិះកង់មកកាន់ប្រាសាទភ្នំដានេះ ឯកឧត្តមសង្ឃឹមថានឹងធ្វើឲ្យប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេសបានស្គាល់កាន់តែទូលំទូលាយពីទឹកដីកំណើតដំបូងនៃព្រះរាជាណាចក្រកម្ពុជានេះ ហើយចូលរួមធ្វើដំណើរកម្សាន្ដ ខណៈសហគមន៍មានផលិតផលជាច្រើនរង់ចាំស្វាគមន៍ទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ។គួរដឹងថា នេះជាលើកដំបូងហើយ ដែលសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ ភ្នំដា សហការជាមួយក្លឹបជិះកង់អូដាកកម្ពុជា និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានរៀបចំព្រឹត្តិការណ៍ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា» ដែលមានចម្ងាយទៅមកពីរាជធានីភ្នំពេញ ទៅកាន់ប្រាសាទភ្នំដា ចម្ងាយ ១៧៩គីឡូម៉ែត្រ ក្នុងគោលបំណងបំផុសចលនាកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ផ្សារភ្ជាប់សកម្មសប្បុរសធម៌ និងជួយលើកកម្ពស់ការផ្សព្វផ្សាយតំបន់ទេសចរណ៍ប្រវត្តិសាស្ដ្រ ប្រាសាទភ្នំដា។ក្រោយចេញដំណើរពីរាជធានីភ្នំពេញ ដោយមានការអញ្ជើញសំណេះសំណាល និងជិះកង់ជូនដំណើរពីឯកឧត្តម ហួត ហាក់ ក្បួនកង់បានធ្វើដំណើរដល់គោលដៅដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីអាជ្ញាធរខេត្តតាកែវ ។ បន្ទាប់មកក៏មានការចែកកង់ចំនួន ២០ និងសម្ភារសិក្សាដល់សិស្សានុសិស្សជាង ៤០០នាក់ មកពីសាលាបឋមសិក្សាចំនួន ៤ ព្រមទាំងកម្មវិធីដាំកូនក្ងោកចំនួន ៦០០ដើម ក្រោមវត្តមានឯកឧត្តម វ៉ី សំណាង, ឯកឧត្តម ហេង សុខចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកត្តម ដួង វីរ័ត្ន អនុប្រធានប្រចាំការនៃក្រោមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល ព្រមទាំងមន្ដ្រី និងកីឡាករ-កីឡាការិនីជាតិជាច្រើនផងដែរ៕ 

រដ្ឋមន្រ្តីក្រសួងទេសចរណ៍​៖ «ការអនុវត្តសាកល្បងលើកលែងទិដ្ឋាការជូនពលរដ្ឋចិន ជាចលករ​នៃការ​អនុវត្ត​ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»

2026/08/15 01:16:02 pm        361
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស ហៅថា គ.អ.ច.ទ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារជាក់ស្តែង នៃការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន។ កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីវាយតម្លៃអំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម នៃការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ក្នុងរយៈពេលជិត២ខែកន្លងមកនេះ (១៥ មិថុនា - ១៤ សីហា) ដើម្បីស្វែងរកដំណោះស្រាយសមស្របក្នុងការជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់។ កិច្ចប្រជុំនេះ បាន​អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, តំណាងទីស្តីការគណៈរដ្ឋមន្ត្រី, រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គស្នងការដ្ឋាននគរបាលជាតិ, ក្រសួង ស្ថាប័នពាក់ព័ន្ធ, និងវិស័យឯកជន ដែលមានសហព័ន្ធទេសចរណ៍កម្ពុជា, សមាគមទេសចរណ៍កម្ពុជា, សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា សរុបចំនួន​ ៤២រូប ។យោងរបាយការណ៍របស់គ្រឹះស្ថានអង្គរ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ ថ្ងៃទី១២ ខែសីហា ទេសចរចិនដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានការកើនឡើងប្រមាណ ១៣,២៣% ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ តួលេខនេះ ពិតជាបានបង្ហាញអំពីទំនុកចិត្ត និងភាពជឿជាក់របស់ទេសចរនិងវិនិយោគិនចិន មកលើកម្ពុជាដែលជាគោលដៅទេសចរណ៍សុខសុវត្ថិភាព មានភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅ។ដំណើរការសាកល្បងនៃការលើកលែងទិដ្ឋាការជូនដល់ពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា គឺជាជំហានយុទ្ធសាស្ត្រមួយក្នុងការទាក់ទាញលំហូរភ្ញៀវទេសចរ និងវិនិយោគិនចិនមកកាន់កម្ពុជាឱ្យបានកាន់តែច្រើន។តាមរយៈកិច្ចប្រជុំកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានផ្តល់ការអនុញ្ញាតជាគោលការណ៍ ក្នុងការបង្កើត«បញ្ជរព័ត៌មាន» នៅតាមច្រកទ្វារអន្តរជាតិ ដើម្បីសម្របសម្រួល និងផ្តល់ព័ត៌មានជូនភ្ញៀវទេសចរនៅក្នុងអំឡុងពេលនៃការអនុវត្តគោលនយោបាយសាកល្បង និងប្រើប្រាស់យន្តការ គ.អ.ច.ទ. ដឹកនាំនិងសម្របសម្រួលការងារនេះឱ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព៕ អត្ថបទ៖ ធូ វិរៈ

កម្ពុជាមានផែនការ​អភិវឌ្ឍអាកាសយានដ្ឋានសៀមរាបចាស់​ឱ្យក្លាយ​ជាមជ្ឈមណ្ឌល ទេសចរណ៍ នាពេលរាត្រី

2026/08/13 04:11:21 pm        986
ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង​ក្រុមហ៊ុន​វិនិយោគអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ(AIAI) កំពុង​ជំរុញការអភិវឌ្ឍន៍​គម្រោង​ ​“អច្ឆរិយៈអង្គរ - Miracle Angkor” នៅអាកាសយានដ្ឋានសៀមរាបចាស់ ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នាពេលរាត្រី។​ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA) និង ​លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AIAI នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានជួបពិភាក្សាគ្នា​អំពីវឌ្ឍនភាពប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) និង ការស្តារលំហូរអ្នកដំណើរ និងការពង្រីកបណ្តាញហោះហើរ ព្រមទាំងរាយការណ៍អំពីវឌ្ឍនភាពសំណើគម្រោងការប្រើប្រាស់ទីតាំងអាកាសយានដ្ឋានសៀមរាបចាស់សម្រាប់គម្រោង “អច្ឆរិយៈអង្គរ - Miracle Angkor” ទេសចរណ៍នាពេលអនាគត។ ឯកឧត្តម ស៊ីន ចាន់​សិរីវុត្ថាអ្នក​នាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បានបញ្ជាក់ថា​ គម្រោង “អច្ឆរិយៈអង្គរ - Miracle Angkor” ត្រូវបានវិនិយោគដោយក្រុមហ៊ុន​ AIAI ដែលកំពុងសិក្សាទៅលើទីតាំងអាកាសយានដ្ឋានសៀមចាស់ ដែលមានផ្ទៃដីទំហំជាង ១៩៦.៣២ ហិកតា ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នាពេលរាត្រី។​ គម្រោងនេះ ក៏មាន​មជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ ១៧,០០០ម៉ែត្រការ៉េ, សារមន្ទីរឌីជីថល និងការសម្តែងទេសចរណ៍បៃតងឥតកាបូន ដើម្បីប្រែក្លាយពីទេសចរណ៍ឆ្លងកាត់ (Transit) មកជាទេសចរណ៍ស្នាក់នៅ (Stayover) ដោយបន្ថែមការស្នាក់នៅ ១-២ យប់។ ឯកឧត្តម មានប្រសាសន៍៖ «គោលដៅរួមនៃគម្រោង គឺពង្រឹងការតភ្ជាប់ផ្លូវអាកាស ស្តារកំណើនអ្នកដំណើរ បង្កើនភាពទាក់ទាញរបស់សៀមរាប និងប្រែក្លាយការតភ្ជាប់អាកាសចរណ៍ទៅជាកម្លាំងចលករមួយសម្រាប់ទេសចរណ៍ ការវិនិយោគ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។សូមបញ្ជាក់ សព្វថ្ងៃនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ត្រូវបានបិទលែងឱ្យមានការហោះហើរពាណិជ្ជកម្មទៀតហើយ ចាប់តាំងពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ រាល់ជើងហោះហើរទាំងអស់ត្រូវបានផ្ទេរទៅកាន់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI)៕ អត្ថបទ៖ ធូ វិរៈ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សីតុណ្ហភាពសមុទ្រសកលលោក ឡើងដល់កម្រិតខ្ពស់ជាប់កំណត់ត្រា ខណៈបាតុភូតអែល នីញ៉ូ កាន់តែខ្លាំងក្លា
08/25/2026 09:08 PM
ជនមូស្លីមនៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ប្រារព្ធខួបកំណើតរបស់ព្យាការី Mohammad
08/25/2026 09:08 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា ទីក្រុងតេអេរ៉ង់អាចទប់ទល់បានទណ្ឌកម្ម និងសម្ពាធរបស់សហរដ្ឋអាមេរិក
08/25/2026 08:08 PM
ទឹកជំនន់បានវាយប្រហារមន្ទីរពេទ្យ និងស្រុកធុរកិច្ចនៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា
08/25/2026 08:08 PM
លោក Trump បញ្ជាក់​ថា កំពុងពិចារណាប្តូរឈ្មោះបឹង Ontario ទៅជាបឹងអាមេរិក ខណៈជម្លោះ​ពាណិជ្ជកម្មកាន់តែក្ដៅ
08/25/2026 08:08 PM
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន ជួបជាមួយប្រេសិតអាមេរិក ក្រោយ​មាន​កិច្ចពិភាក្សា នៅទីក្រុងតេអេរ៉ង់
08/25/2026 08:08 PM
រាជរដ្ឋាភិបាលបាននិងកំពុងបន្តវិនិយោគផ្លូវនៅតាមជនបទ ដើម្បីជីវភាពរស់នៅរបស់ប្រជាជន
08/25/2026 07:08 PM
អបអរសាទរ! ផលិតផលកសិផលខ្មែរជាច្រើនមុខទំនិញបានកំពុងបោះជំហានយ៉ាងខ្លាំងលើឆាកអន្តរជាតិ
08/25/2026 07:08 PM
រញ្ជួយដីកម្រិត ៥,៨រ៉ិចទ័រ ធ្វើឱ្យ​​ភាគអាគ្នេយ៍នៃ​កោះ​តៃវ៉ាន់មាន​រំញ័រ​យ៉ាង​ខ្លាំង​
08/25/2026 07:08 PM
សហរដ្ឋអាមេរិកដកប្រទេសស៊ីរីចេញពីបញ្ជីឈ្មោះផ្លូវការ រដ្ឋឧបត្ថម្ភភេរវកម្ម
08/25/2026 07:08 PM