អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ទទួលយកទារកបោះបង់មករក្សាការពារ និងថែទាំបណ្តោះអាសន្ន ក្រោយឪពុកម្តាយដែលបានបោះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ទាក់ទងនឹងបទល្មើសបោះបង់កូនរបស់ខ្លួន
សមត្ថកិច្ចជំនាញផ្ទុះអាវុធក្នុងប្រតិបត្តិការ បង្រ្កាបមេខ្លោង និង​បក្ខពួក​ជួញ​ដូរ​គ្រឿង​ញៀន​ ​ក្នុង​ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៨នាក់
គិតពីឆ្នាំ២០២៣មក សមត្ថកិច្ច​បង្ក្រាបបទល្មើសគ្រឿង​ញៀនជាង៣ម៉ឺន​ករណី និងឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារ​ធាតុញៀន​គ្រប់ប្រភេទជាង ២៦តោន

សន្តិសុខ និង សង្គម

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ

2026/09/15 06:38:32 pm        163
ភ្នំពេញ ៖ អគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កអោយ រងការខូចខាតសម្ភារៈមួយចំនួនធំ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួស និងរាលដាលដល់ផ្ទះជិតខាងឡើយក្រោយអាជ្ញាធរជួយរាគមន៍បាញ់ទឹកពន្លត់។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ និង៣៥នាទីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ២៨៦ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ តាមប្រភពព័ត៍មានបានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញមានផ្សែងខ្មៅហុយយ៉ាងខ្លាំង និងមានអណ្តាតភ្លើងចាប់ផ្តើមឆាបឆេះចេញពីបន្ទប់ដេកនៅជាន់ទី២ ដោយសារអណ្តាតភ្លើងឆេះសន្ធោសន្ធៅ និងរាលដាលលឿនពេក ទើបប្រញាប់ប្រញាល់រាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានភ្លាមៗដើម្បីជួយអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា ទីតាំងខាងលើ ទើបតែរៀបចំដេគ័រ ផ្នែកខាងក្នុងរួចរាល់ ដែលមាននៅសេសសល់ ក្តារកុងផ្លាកកេ មិនទាន់បានសម្អាត បង្កអោយកើតមានជាផ្សែងហ៊ុយ ពិបាកក្នុងការពន្លត់ ។ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចជំនាញ បន្តយ៉ាងយកចិត្តទុកដាក់ បាញ់ទឹកពន្លត់ ដើម្បីទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋផ្សេងទៀត។មន្រ្តីជំនាញបញ្ជាក់បន្ថែមថាអគ្គិភ័យនេះដែរបានឆាបឆេះផ្ទះថ្មជាន់ទី២ រួមសម្ភារៈទាំងស្រុង សំណាងមិនមានមនុស្សរងរបួសនោះឡើយ ហើយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ទើបពន្លយ់រលត់ជាស្ថាពរ។ក្នុងរួមមានរថយន្តពន្លត់អគ្គិភ័យការិយាល័យបង្ការពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ,រថយន្តជំនួយរបស់ បុរីប៉េងហួត ,រថយន្តទីក្រុងអូឡាំព្យា , រថយន្តទីក្រុងកោះពេជ្រ និងរថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជ ។ ចំពោះមូលហេតុ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី៕ អត្ថបទ ៖ កុម្ភៈ

មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ទទួលយកទារកបោះបង់មករក្សាការពារ និងថែទាំបណ្តោះអាសន្ន ក្រោយឪពុកម្តាយដែលបានបោះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ទាក់ទងនឹងបទល្មើសបោះបង់កូនរបស់ខ្លួន

2026/09/14 04:40:48 pm        94
ក្រោយពីទទួលបានព័ត៌មានអំពីករណីទារកបោះបង់ចោលក្នុងធុងសំរាម ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានបន្តដឹកនាំ តាមដាន និងចាត់មន្ត្រីជំនាញ សហការជាមួយមន្ត្រីសង្គមកិច្ចខណ្ឌ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកវែកមុខឪពុកម្តាយដែលឃោឃៅ និងអសីលធម៌ មកផ្តន្ទាទោសតាមច្បាប់។ បច្ចុប្បន្ន ឪពុកម្តាយតិរច្ឆាននេះត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ដោយឡែក ទារកដែលត្រូវឪពុកម្តាយបោះបង់ចោលនេះត្រូវបានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលយករក្សាការពារ និងថែទាំបណ្តោះអាសន្ន នៅវេលាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ចំពោះឪពុកម្តាយដែលបោះបង់កូននេះអាចត្រូវប្រឈមនឹងបទល្មើស នៃក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩ ដែលមានចែងក្នុងមាត្រា៣២១៖បទបោះបង់អនីតិជន “អំពើរបស់បុគ្គលមានអំណាចថែរក្សា ដែលបោះបង់អនីតិជនអាយុតិចជាង១៥ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ រៀល ទៅ ១០ ០០០ ០០០ រៀល ប្រសិនបើអំពើបោះបង់នោះបណ្តាល ឱ្យអន្តរាយដល់សុខភាព ឬសន្តិសុខរបស់អនីតិជននោះ។”សូមរំលឹកថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេចក្តីណែនាំ លេខ០០៦ ចុះ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ស្តីពីកិច្ចការពារ និងអន្តរាគមន៍ចំពោះទារកនិងកុមារដែលត្រូវគេបោះបង់ចោល ដែលក្រសួងបានគូសបញ្ជាក់អំពីវិធានការបង្ការទប់ស្កាត់ការបោះបង់ និងកិច្ចអន្តរាគមន៍ ព្រមទាំងបទល្មើស ពីការបោះបង់ចោលទារកដូចបានកំណត់នៅក្នុងមាត្រា៣២១៖ បទបោះបង់អនីតិជន និង មាត្រា៣៣០៖ បទញុះញង់ឱ្យបោះបង់ទារកនៃក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩។ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមអំពាវនាវដល់សាធារណជន និងគ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមការពារកុមារ និងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើបានប្រទះឃើញកុមារដែលត្រូវបានបោះបង់ចោល ឬកុមារដែលកំពុងប្រឈមនឹងការរំលោភបំពាន ការធ្វេសប្រហែស ឬគ្រោះថ្នាក់។

សមត្ថកិច្ចជំនាញផ្ទុះអាវុធក្នុងប្រតិបត្តិការ បង្រ្កាបមេខ្លោង និង​បក្ខពួក​ជួញ​ដូរ​គ្រឿង​ញៀន​ ​ក្នុង​ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៨នាក់

2026/09/11 02:01:51 pm        431
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត និងដោយមានការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គ​ស្នង​ការ​រង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដោយ​មាន​ការ​សម្រប​សម្រួល​នីតិ​វិធី​ពី​ឯកឧត្តម ឆាយ សុត្រា ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោក​វរ​សេនីយ៍​ឯក ​កាន់ វណ្ណា ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញ ល្បាត​ឆ្មក់ និងកំណត់មុខសញ្ញាបានច្បាស់លាស់ក្នុងភូមិសាស្រ្តស្មុគស្មាញ ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់​(ស្រី០២នាក់)។ សូមបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការនេះធ្វើឡើងចាប់ពីម៉ោង២១:០០នាទីរសៀល ថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០២៦ រហូតដល់ ម៉ោង០៣:០០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដោយ​មាន​ការ​ផ្ទុះ​អាវុធ និងឃាត់ខ្លួនជនសង្ស័យស្រីប្រុសចំនួន៨នាក់ ។ ក្នុងចំណោមនោះ មានពីរ​នាក់​ប្តី​ប្រពន្ធ​ ជាមេខ្លោងជួញដូរគ្រឿងសកម្មក្នុងខេត្តព្រះសីហនុ ហើយក៏ត្រូវបាន​សមត្ថ​កិច្ច​ជំនាញ​ចាប់​ឃាត់​ខ្លួន​បញ្ជូន​ទៅតុលាការកាលពីឆ្នាំ២០២៤ ផងដែរ ។ បច្ចុប្បន្នជនសង្ស័យទាំង ៨នាក់នេះ ត្រូវបានយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បី​ធ្វើការសាកសួរ និងបន្តនីតិវិធី។ ជាមួយ​គ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម និងសាធារណជនទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ច ប្រសិនបើបានឃើញ ឬ​មានព័ត៌មានពាក់ព័ន្ធនឹងការជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន ឬបទល្មើសផ្សេងៗ សូម​រាយការណ៍ជាបន្ទាន់មកសមត្ថកិច្ច រាល់ព័ត៌មានដែលប្រជាពលរដ្ឋផ្តល់ជូន នឹង​ត្រូវ​បាន​យក​មក​ពិនិត្យ ​និងចាត់វិធានការតាមនីតិវិធី៕

គិតពីឆ្នាំ២០២៣មក សមត្ថកិច្ច​បង្ក្រាបបទល្មើសគ្រឿង​ញៀនជាង៣ម៉ឺន​ករណី និងឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារ​ធាតុញៀន​គ្រប់ប្រភេទជាង ២៦តោន

2026/09/09 07:39:17 pm        557
គិតចាប់ពីឆ្នាំ២០២៣ មកដល់ឆមាសទី១ ឆ្នាំ២០២៦ នេះ កម្លាំងសមត្ថកិច្ចជំនាញនៃក្រសួងមហាផ្ទៃ បានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសសរុប ៣៤.១៤៩ ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងប្រតិបត្តិការទាំងនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៨៧.៣៧២នាក់ ដកហូត និងរឹបអូសសារធាតុញៀនគ្រប់ប្រភេទជាង ២៦តោន។របាយការណ៍បានចាត់ទុកលទ្ធផលប្រតិបត្តិការនេះ ថាជាស្នាដៃកម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់ក្រសួងដល់ឃុំ សង្កាត់ ដែលបានខិតខំស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបប្រកបដោយស្មារតីវិជ្ជាជីវៈ និងការតាំងចិត្តខ្ពស់ ព្រោះប្រតិបត្តិការនេះទាមទារនូវការប្រយុទ្ធប្រឆាំងជាមួយពួកឧក្រិដ្ឋជនកាចសាហាវ និងមានអាវុធ អាចប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា។គួរកត់សម្គាល់ថា ដើម្បីពង្រឹងប្រសិទ្ធភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន កម្មវិធីទូរសព្ទដៃ NoDrug ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីផ្ដល់លទ្ធភាពឱ្យពលរដ្ឋចូលរួមរាយការណ៍ពីបទល្មើសគ្រឿងញៀន។ ជាលទ្ធផល ត្រឹមឆមាសទី១ ឆ្នាំ២០២៦ នេះ មានប្រជាពលរដ្ឋសរុប ៩៨.៥៤០នាក់ បានដំឡើង និងទាញយកកម្មវិធីទូរសព្ទដៃ «NoDrug» មកប្រើប្រាស់ និងបានរាយការណ៍ និងផ្ដល់តម្រុយព័ត៌មានចំនួន ៨.៦៩៨ ករណី។គូសបញ្ជាក់ថា ចាប់តាំងពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវគោលការណ៍ «សម្អាតផ្ទះយើង» របស់សម្ដេច ក្នុងនោះបានអនុវត្តកាតព្វកិច្ចពិនិត្យរកសារធាតុញៀនលើមន្ត្រីទាំង ៣ប្រភេទ ក្នុងនោះ មន្ត្រីមានសារធាតុញៀន ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ។ទន្ទឹមគ្នានោះដែរ ចំពោះមន្ត្រីអនុវត្តការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលខ្វះការទទួលខុសត្រូវ ក៏ត្រូវបានបន្ថយឋានន្តរស័ក្តិ ឬផ្លាស់ប្ដូរមុខតំណែង ខណៈមន្ត្រីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ក៏ត្រូវបានអនុវត្តនីតិវិធីបណ្ដេញចេញ ព្រមទាំងប្រឈមមុខនឹងនីតិវិធីតាមផ្លូវច្បាប់។ វិធានការនេះ បានទទួលការសាទរទាំងពីក្នុងចំណោមមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ទន្ទឹមគ្នានឹងការសាទរពីមហាជន៕

ស្នងការខេត្តកំពតបន្តតាមដានមន្ត្រីនគរបាល២រូបចំពោះរបាយការណ៍មិនប្រក្រតីអំពីគ្រោះថ្នាក់ចរាចរ

2026/09/08 08:12:30 pm        175
កំពត៖ លោកស្នងការនគរបាលខេត្តកំពតកំពុងដំណើរការតាមដានចំពោះអធិការ និងអធិការរងទទួលបន្ទុកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានស្រុកឈូកពាក់ពន្ធ័ភាពមិនប្រក្រតីក្នុងការរាយការណ៍អំពីករណីគ្រោះថ្នាក់ចរាចរមួយដែលបានបណ្តាលឲ្យមនុស្សបាត់បង់ជីវិតនោះ។ ប្រសិនបើរកឃើញមានកំហុស ស្នងការដ្ឋាននគរបាលខេត្តកំពតនឹងអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិដោយគ្មានការលើកលែងឡើយ។ សូមរម្លឹកថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្ត និងម៉ូតូក្នុងទឹកដីស្រុកឈូកបណ្តាលឲ្យមនុស្ស២នាក់បាត់បង់ជីវិត។ ជាមួយហេតុការណ៍នោះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់រថយន្តយកទៅសួរនាំនៅអធិការដ្ឋានស្រុកឈូក។ ក្រោយមកសមត្ថកិច្ចបានដោះលែងជនសង្ស័យដោយធ្វើរបាយការណ៍បញ្ជូនទៅស្នងការដ្ឋានខេត្តកំពតមានខ្លឹមសារថា ឆ្លងតាមការវាស់វែងរបស់ជំនាញគឺអ្នកបើកបរម៉ូតូមានពិសាគ្រឿងស្រវឹង ហើយបានបើកម៉ូតូចូលចំណែកផ្លូវរថយន្តដែលមានទិសដៅផ្ទុយគ្នា។ អធិការដ្ឋានបានសុំគោលការណ៍ពីលោកព្រះរាជអាជ្ញារអមសាលាដំបូង ហើយក៏អនុញ្ញាតឲ្យអ្នកបើករថយន្តត្រឡប់ទៅលំនៅស្ថានសិន។ ក្រោយករណីនេះកើតឡើង ឪពុកសពដែលជាអតីតមន្ត្រីនគរបាលចរាចរណ៍បានអះអាងថាជារឿងអយុត្តិធម៌ព្រោះរថយន្តបានជ្រុលចូលមកបុកនៅផ្នែកផ្លូវរបស់ម៉ូតូ។ តាមរយ:សំណូមពររបស់សាច់ញាតិសពទាំង២ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាឲ្យកម្លាំងជំនាញនៃស្នងការដ្ឋានចុះសហការជាមួយសមត្ថកិច្ចនគរបាលស្រុកឈូកដើម្បីដំណើរការវាស់វែង និងធ្វើកំណត់ហេតុឡើងវិញ។ ផ្អែកតាមលទ្ធផល ស្នងការដ្ឋាននគរបាលខេត្តកំពតបានចេញសេចក្តីប្រកាសមានខ្លឹមសារថា យោងតាមកំណត់ហេតុស្រាវជ្រាវ និងវាស់វែងនៅកន្លែងកើតហេតុរបស់ក្រុមការងារដែលបានចុះស្រាវជ្រាវឃើញថា គ្រោះថ្នាក់ចរាចរនៅស្រុកឈូកនោះពិតជាបានបង្កឡើងដោយរថយន្តព្រូសប្រាកដមែន ដោយរថយន្តបើកចូលគំនូសផ្លូវរបស់ម៉ូតូ២តឹកកន្លះ។ គ្រាកើតហេតុ ភាគីខាងម៉ូតូគឺមានស្រាបៀរមួយចំនួនជាប់តាមខ្លួន។ ពេលនេះ សមត្ថកិច្ចបាននាំខ្លួនអ្នកបើករថយន្តបង្កមកកាន់ស្នងការដ្ឋានដើម្បីបន្តនីតិវិធីបញ្ជូនទៅតុលាការ។ ចំពោះលោកអធិការស្រុកឈូក និងអធិការរងទទួលការងារចរាចរណ៍ក៏នឹងត្រូវស្រាវជ្រាវបន្ថែមពាក់ពន្ធ័ភាពមិនប្រក្រតីដោយខ្ជីខ្ជាក្នុងការរាយការណ៍ដែលមិនយកចិត្តទុកដាក់ចំពោះករណីគ្រោះថ្នាក់នោះ។ ប្រសិនបើរកឃើញមានកំហុស នោះស្នងការដ្ឋាននគរបាលខេត្តកំពតនឹងអនុវត្តវិន័យ ៨៧៣ របស់កងកម្លាំងនគរបាលជាតិដោយគ្មានការលើកលែងជាដាច់ខាត៕

រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅ លើទីតាំងកាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)

2026/09/08 04:24:21 pm        375
ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត តាមបទបញ្ជារាជរដ្ឋាភិបាលលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា, លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) សហការជាមួយអង្គភាពឬស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការបោសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាជាង ៦០០ ទីតាំងនៅទូទាំងប្រទេស ក្នុងនោះចំពោះវិស័យល្បែងពាណិជ្ជកម្ម, លេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បានបន្តសហការយ៉ាងស្អិតល្មួតជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅក្នុងការតាមដានទីតាំងកាស៊ីណូដែលសង្ស័យពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ឯកឧត្ដមសន្ដិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានប្រចាំការ នៃ គ.ប.ឆ.ប. និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បានគូសបញ្ជាក់ថា «គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦, កាស៊ីណូដែលមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបចំនួន ១៨ កាស៊ីណូ ត្រូវបានកំណត់មុខសញ្ញា និងដកហូតអាជ្ញាបណ្ណ ចំណែកឯ ៩ កាស៊ីណូផ្សេងទៀត ត្រូវបានព្យួរអាជ្ញាបណ្ណ និងស្ថិតក្នុងការស្រាវជ្រាវនិងស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកនិងប្រមូលភស្តុតាងដាក់បន្ទុកឱ្យពេញលេញ មុននឹងឈានដល់ការសម្រេចដកហូតអាជ្ញាបណ្ណ»។ កាស៊ីណូដែលត្រូវបានដកហូតអាជ្ញា-បណ្ណចំនួន ១៨ នោះ រួមមាន (១) ខេអឹមអេច ផារាដាយ ថៅវឺ កាស៊ីណូ និងសណ្ឋាគារ, (២) កាស៊ីណូ អ៊ីហ្គល ឃីង, (៣) អរឆីដ អូតែល និងរិច កាស៊ីណូ, (៤) សៀងហៃ រីហ្សត, (៥) ហ្គោលដិនហ្កាឡាក់ស៊ី កាស៊ីណូ, (៦) កាស៊ីណូ ឡឺ ហ្សឹង, (៧) កាស៊ីណូ ហ្គោលដេន ហ្វ័រឈូន រីហ្សត វើលដ៍, (៨) កាស៊ីណូ ខ្ញុំ, (៩) ជីន ប៉ី គ្រុប, (១០) ជីន ប៉ី, (១១) កាស៊ីណូ ហ្សុងហ័រវ៉ី ហ្គោលឌិន សេន អ៊ីនធើនេស៊ិនណល អេនធើធេនម៉ិន, (១២) ជី.ស៊ី កាស៊ីណូ, (១៣) ដា ជីន កាង កាស៊ីណូ & ហូថេល, (១៤) ហ្គាន់ ដាវ, (១៥) កាស៊ីណូ យីង ហ័ង, (១៦) កាស៊ីណូ ជីន​ ប៉ី បួន, (១៧) កាស៊ីណូ ស៊ីន ហៅភីក, និង (១៨) កាស៊ីណូ ជីន យូ មេន តាំង។គួរបញ្ជាក់ផងដែរថា ចំពោះទីតាំងដែលត្រូវបានដកហូត និង ព្យួរអាជ្ញាបណ្ណទាំងអស់, លេខាធិ-ការដ្ឋាន នៃ គ.ប.ឆ.ប. បន្តសហការយ៉ាងពេញទំហឹងជាមួយ គ.ល.ក., មន្ត្រីនគរបាលយុត្តិធម៌, ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត, សាលាដំបូងខេត្ត, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត លើចំណាត់ការឃាត់ទុក បង្កក និងរឹបអូសទ្រព្យសម្បត្តិរបស់ម្ចាស់ទីតាំង និង/ឬ ម្ចាស់ភាគហ៊ុនក្រុមហ៊ុនកាស៊ីណូទាំងអស់ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។បន្ថែមពីនេះ លេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បន្ដបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការនានា និងសំណូមពរសាធារណជនគ្រប់មជ្ឈដ្ឋាន ជាពិសេសស្ថាប័នអន្តរជាតិ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការ នៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងករណីទទួលបានព័ត៌មានសង្ស័យពាក់ព័ន្ធនឹងទីតាំងណាមួយ ជាពិសេសទីតាំងកាស៊ីណូ ដែល​បានលបលួចប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, លេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. នឹងសហការជាមួយ គ.ល.ក. និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ និងស៊ើបអង្កេតស្វែងរកនិងប្រមូលភស្តុតាងឱ្យបានពេញលេញ ឈានដល់ការចុះបង្ក្រាប និងដក-ហូតអាជ្ញាបណ្ណកាស៊ីណូ ព្រមទាំងចាត់វិធានការលើការឃាត់ទុក បង្កក និងរឹបអូសទ្រព្យសម្បត្តិ របស់ម្ចាស់ទីតាំង និង/ឬ ម្ចាស់ភាគហ៊ុនក្រុមហ៊ុនកាស៊ីណូទាំងអស់ ស្របតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាធរមាន។

រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ

2026/09/05 02:30:42 pm        355
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បាន​ធ្វើការ​បណ្តេញ​ជន​បរទេស​ចេញ​ពី​កម្ពុជា​មាន​ចំនួន​ជិត ​៣ម៉ឺននាក់​ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ​ទៀត។ ហើយជិតបរទេសជិត ២ពាន់​នាក់​កំពុង​ស្នាក់​នៅ​កន្លែង​មណ្ឌល​ត្រៀម​បណ្តេញចេញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សុមនា អ្នកនាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​បាន​ថ្លែង​ប្រាប់ ​BTV ថា ជនបរទេសដែលកំពុងស្នាក់នៅកន្លែងមណ្ឌលត្រៀមបណ្តេញចេញសរុបចំនួន ១៩០៩​នាក់ ស្រីចំនួន ១៦០នាក់ មាន៣៦សញ្ជាតិ ក្នុងនោះពាក់​ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ​(Online Scams) មានចំនួនសរុប ៦៧១នាក់ ក្នុងនោះស្រីមាន ១១៥នាក់ មាន​១៥​សញ្ជាតិ​។ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា “គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដល់​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​បាន​ធ្វើ​ការ​បណ្តេញ​ចេញ​ជន​បរទេស​ចេញ​ពី​ព្រះរាជាណាចក្រកម្ពុជាសរុបចំនួន ២៨១៥៧នាក់ ក្នុងនោះមានស្រីចំនួន ៣៤៦០​នាក់​ មាន៧៨សញ្ជាតិ”។ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា អនុវត្ត​តាម​គោល​ការណ៍​របស់​រាជ​រដ្ឋាភិបាល ​ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺខិតខំប្រឹង​ប្រែង​ដើម្បី​សម្អាត​ផ្នែក​មួយ​នៃ​ការ​ងារ​ជន​បរទេសដែល​ល្មើសច្បាប់ ពោល​គឺ​មិន​ថា​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ​​(Online Scams) ការងារឆ្លងដែនខុសច្បាប់ ស្នាក់នៅខុសច្បាប់ គឺ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​បន្ត​ការងារ​នេះ។​ ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធ​ការ​លួច​ស្នាក់​នៅ​ធ្វើ​ការ​ងារ​ខុសច្បាប់ គ្មានលិខិតឆ្លងដែន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុង​ព្រះរាជាណាចក្រកម្ពុជា។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ប្រតិបត្តិការ​បណ្ដេញ​ចេញ​ជន​ជាតិ​បរទេស​ខុស​ច្បាប់​ចេញ​ពី​កម្ពុជា គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការ​ច្បាប់​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លង​មក​សម្តេច​ធិបតី​ធ្លាប់​បាន​បញ្ជាក់​ជំហរ​យ៉ាងច្បាស់ៗថា «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬ​ជន​ខុស​ច្បាប់​ប្រើ​ប្រាស់​ទឹក​ដី​កម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និង​ពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និង​បណ្ដេញ​ចេញ​​ដោយ​គ្មាន​ការ​លើក​លែង​ ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»៕ អត្ថបទ៖ វង្ស សុភាព

គយឃាត់ខ្លួនបុរសម៉ាឡេស៊ីម្នាក់រកឃើញហេរ៉ូអ៊ីន ៨១ កញ្ចប់ ពេលត្រៀមចាកចេញពីកម្ពុជាទៅកោះតៃវ៉ាន់

2026/09/03 04:45:05 pm        195
នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ មន្ត្រីគយនិងរដ្ឋាករ បានធ្វើការត្រួតពិនិត្យអ្នកដំណើរភេទប្រុសម្នាក់ សញ្ជាតិម៉ាឡេស៊ី ដែលធ្វើដំណើរចាកចេញពីកម្ពុជា ទៅកោះតៃវ៉ាន់។ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីគយនិងរដ្ឋាករបានរកឃើញកញ្ចប់សារធាតុសង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន ចំនួន ៨១ កញ្ចប់តូច មានទម្ងន់សុទ្ធសរុប ៥៧០ ក្រាម ដែលត្រូវបានលាក់ទុកក្នុងសម្ភារៈរបស់អ្នកដំណើររូបនេះ។បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយ មន្ត្រីគយនិងរដ្ឋាករបានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាង និងសម្ភារៈពាក់ព័ន្ធជូនអង្គភាពនគរបាលជំនាញប្រឆាំងគ្រឿងញៀនមានសមត្ថកិច្ច ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បំបែកសំណុំរឿងលួចទូរស័ព្ទជាង ២០០គ្រឿង និងអ្នកទទួល​ផលចោរកម្ម

2026/09/02 04:19:27 pm        318
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបំបែកសំណុំរឿងករណីលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម ដោយឃាត់ខ្លួនជនសង្ស័យបាន ៦នាក់និង ចាប់យកវត្ថុតាងទូរស័ព្ទជាច្រើនគ្រឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោយធ្វើសកម្មភាពលួចទូរសព្ទពីហាងជនរងគ្រោះនៅក្នុងភូមិសាស្ត្រស្រុកថ្ពង។ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ឯកឧត្ដម ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងស្វាយរៀង និងឯកឧត្ដម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ៦នាក់ពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម។ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺឱ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ រស់នៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១:៣០នាទី យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ជនរងគ្រោះបានប្រទះឃើញចោរម្នាក់កំពុងធ្វើសកម្មភាពលួចទូរសព្ទនៅខាងក្នុងហាងរបស់ខ្លួន ហើយបានយកទូរសព្ទរត់គេចខ្លួន ដែលជនរងគ្រោះបានត្រួតពិនិត្យមើលក្នុងទូរដាក់ទូរសព្ទ គឺបាត់ទូរសព្ទសរុបចំនួន ២១០គ្រឿង។ ក្រោយពីបានទទួលបណ្តឹងរបស់ជនរងគ្រោះភ្លាម ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានពន្លាតសមត្ថកិច្ចដែនដី សហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់។ មានឈ្មោះ កែម សុជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ទូរសព្ទ និងឈ្មោះ ឈុន ម៉ុនដេ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ទូរសព្ទ ព្រមទាំងចាប់យកវត្ថុតាងរួមមានទូរសព្ទចំនួន ៣៣គ្រឿង ក្នុងនោះទូរសព្ទចំនួន៣០គ្រឿង ជារបស់ជនរងគ្រោះ ស្ថិតនៅចំណុចភូមិ០១ សង្កាត់លេខ០១ ក្រុងព្រះសីហនុ។ ក្រោមវិធានជំនាញរបស់អាវុធហត្ថខេត្តកំពង់ស្ពឺ បាន បន្តសហការ កម្លាំង អាវុធហត្ថ រាជធានី ភ្នំពេញ បន្តឆែកឆេរ២ទីតាំង និងឃាត់ខ្លួន ជនសង្ស័យ បាន២នាក់ទៀត នៅចំណុចហាងលក់ទូរស័ព្ទដៃយីហោ គឹម ហាក់ ស្ថិតនៅផ្លូវ៥៩៩ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជនសង្ស័យ មានឈ្មោះ ជា គឹមហាក់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ទូរសព្ទ មានទីលំនៅផ្លូវ៥៩៩ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងឈ្មោះ គឹម ថេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ទូរស័ព្ទ ទីលំនៅផ្ទះលេខ៣០ ផ្លូវលេខ៥ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ លុះដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំង ជំនាញ អាវុធហត្ថ បាន បន្ត សហការ ឃាត់ខ្លួន ជនសង្ស័យ បានម្នាក់ទៀតឈ្មោះ ទត ថា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅនៅផ្ទះ២៣១ ផ្លូវចុងកោះចិន ស្រុកពញាឮ ខេត្តកណ្តាល និងបានបន្តសហការជាមួយកម្លាំងអាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួន ជនសង្ស័យបាន១នាក់ទៀត មានឈ្មោះ ញឹម សារី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ជាលទ្ធផលក្នុងរង្វង់ប្រតិបត្តិការនេះ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានចូលរួមការសហការយ៉ាងរលូនប្រកបដោយប្រសិទ្ធិភាពពីអាជ្ញាធរមានសមត្ថកិច្ចតាមបណ្តាខេត្តក្រុងពាក់ព័ន្ធ ធ្វើការ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ និងចាប់យកវត្ថុតាងបានរួមមានទូរស័ព្ទ សរុបចំនួន១៩៨គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

[UPDATE] ភ្លើងឆេះលំនៅឋានពលរដ្ឋនៅខណ្ឌជ្រោយចង្វាររលត់ហើយ

2026/09/01 07:34:23 pm        717
ភ្នំពេញ ៖ ករណីអណ្តាតភ្លើងឆាបឆេះលំនៅឋានប្រជាពលរដ្ឋ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចជំនាញអគ្គីភ័យជួយអន្តរាគមន៍បាញ់ទឹករលត់អស់ហើយ ។ហេតុការណ៍ភ្ញាក់ផ្អើលករណីគ្រោះអគ្គីភ័យកើតឡើងនាព្រលប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តពន្លត់អគ្គីភ័យ ដើម្បីជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ ភ្លាមៗ ។ ចំពោះមូលហេតុដែលនាំឲ្យកើតមានគ្រោះអគ្គីភ័យ និង ការខូចខាតសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវត្រួតពិនិត្យជាក់ស្តែង ។ ជាមួយគ្នានេះនគរបាលជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះករណីអគ្គិភ័យ ដែលងាយបង្កកើតមានឡើងខ្លាំងណាស់ ៕អត្ថបទ ៖ តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃពុធ
09/15/2026 06:09 PM
កូរ៉េខាងត្បូង និងកាហ្សាក់ស្ថាន ចុះហត្ថលេខាលើ MoU ស្តីពីថាមពលនុយក្លេអ៊ែរ និង​សិក្សា​លទ្ធភាព​ធ្វើ​អាជីវកម្ម​រ៉ែ
09/15/2026 06:09 PM
អូម៉ង់៖ នាវាដឹកប្រេងរងការវាយប្រហារ ត្រូវបានអូសចូលកំពង់ផែ ខណៈនាវិក ២នាក់ នៅតែបាត់ខ្លួន
09/15/2026 06:09 PM
នាយអគ្គសេនាធិការកងទ័ព៖ បេឡារុសគ្មានផែនការវាយប្រហារទេ ហើយសមយុទ្ធគ្រាន់តែជាការត្រួតពិនិត្យការត្រៀមខ្លួន
09/15/2026 06:09 PM
ជប៉ុនអាចនឹងចំណាយ ៣,៥% នៃ GDP លើវិស័យការពារជាតិ បន្ទាប់ពីមានសម្ពាធពីសហរដ្ឋអាមេរិក
09/15/2026 06:09 PM
ឯកអគ្គរដ្ឋទូតអាមេរិកទៅទស្សនកិច្ច «តំបន់សាកល្បង» ដែលកងទ័ពលីបង់គ្រប់គ្រង នៅក្បែរអ៊ីស្រាអែល
09/15/2026 06:09 PM
អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
09/15/2026 06:09 PM
អ៊ីរ៉ង់​បដិសេធ​មិន​មាន​ការចរចាណាមួយ​ជាមួយអាមេរិក ក្រោយការលើកឡើងរបស់លោក Trump
09/15/2026 06:09 PM
អេហ្ស៊ីប និងក្រិក ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា នៅសមុទ្រមេឌីទែរ៉ាណេ
09/15/2026 06:09 PM
ក្រុមសង្រ្គោះរកឃើញសាកសព ខណៈឥណ្ឌូនេស៊ីបង្កើនប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួន ១២៩នាក់ ក្រោយនាវាលិច
09/15/2026 06:09 PM