នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន
តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​

2026/11/05 08:03:58 pm        156
នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Jonathan T. M. Reckford នាយកប្រតិបត្តិនៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ (HFHI) ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានគោរពជម្រាបជូនអំពីបេសកកម្ម និងសកម្មភាពរបស់អង្គការ HFHI នៅតាមបណ្តាប្រទេសនានា ក៏ដូចជានៅកម្ពុជា ស្របតាមចក្ខុវិស័យ «ពិភពលោកដែលមនុស្សគ្រប់រូបមានទីកន្លែងសមរម្យសម្រាប់ការរស់នៅ»។ លោកនាយកប្រតិបត្តិ បានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ដែលបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍលំនៅឋានសមរម្យ ការពង្រឹងវិស័យសុខាភិបាល និងវិស័យអប់រំ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ លោកនាយកប្រតិបត្តិ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រដល់អង្គការ HFHI ក្នុងការបំពេញបេសកកម្មនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៣ មក។ លោកបានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវគោលនយោបាយផ្តល់លំនៅឋានជូន​ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ លើសពីនេះ នាយកប្រតិបត្តិអង្គការ HFHI បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អង្គការ ក្នុងការលើកកម្ពស់ជីវភាព​របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរយៈពេល ២៣ ឆ្នាំកន្លងមកនេះ។ សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ផ្តល់អាទិភាពខ្ពស់លើការពង្រឹងការអភិវឌ្ឍនគរូបនីយកម្ម ការកែលម្អលក្ខខណ្ឌរស់នៅ និងការលើកកម្ពស់លំនៅឋានដែលមានតម្លៃសមរម្យសម្រាប់គ្រួសារដែលមានចំណូលទាប និងគ្រួសារ​ក្រីក្រ​​ ដូចមានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ដោយមើលឃើញពីសារៈសំខាន់នៃកម្មសិទ្ធិដីធ្លីស្របច្បាប់របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានកំណត់ទិសដៅជំរុញការបញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លីនៅឆ្នាំ២០២៧ សំដៅបង្កលក្ខខណ្ឌអំណោយផលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់អចលនទ្រព្យរបស់ខ្លួន ដើម្បីប្រកបរបរចិញ្ចឹមជីវិត ព្រមទាំងផ្តល់ទំនុកចិត្តបន្ថែមដល់វិនិយោគិន។ ការណ៍នេះ នឹងផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាលក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីរយៈពេលវែង និងអនុវត្ត «ទស្សនាទាននៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល» ប្រកបដោយប្រសិទ្ធភាព។សម្ដេចធិបតី បានបន្ថែមទៀត​ថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធី និងគោលនយោបាយជាច្រើន ក្នុងការផ្តល់ដីធ្លី និងលំនៅឋានជូនពលរដ្ឋដែលគ្មានដីពិតប្រាកដ រួមមាន៖ កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ការផ្តល់ដីសម្បទានសង្គមកិច្ច និងគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ជាដើម។ ជាក់ស្ដែង​ សម្តេចធិបតីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការសាងសង់ជម្រកបណ្តោះអាសន្នប្រមាណ ៥ ០០០ ខ្នង ជូនដល់ជនភៀសសឹកដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ កន្លងមក។មុននឹងបញ្ចប់ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យនាយកប្រតិបត្តិនៃអង្គការ HFHI បន្តពិភាក្សា និងសហការឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យបាននូវជោគជ័យនៃគម្រោងនានារបស់អង្គការ ស្របតាមគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសមរម្យ ជូនប្រជាជនកម្ពុជា៕

ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ

2026/11/05 07:44:54 pm        112
នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងជំនួប ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ រហូតឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នាឆ្នាំ២០២៣ ព្រមទាំងប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ បន្ថែមលើនេះ ឯកឧត្តមបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន សន្តិសុខ និងការពារជាតិ ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការងារបោសសម្អាតមីន។ ជាការឆ្លើយតប សម្តេចធិបតី បានអបអរសាទរឯកឧត្តម ISHIZUKI Hideo ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា និងមានជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តត្រូវបានពូនជ្រំឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ សម្តេចធិបតី ក៏បានអរគុណជប៉ុន ដែលបានបន្តគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការបណ្តុះបណ្តាលមន្ត្រីយោយោធាកម្ពុជា កិច្ច​សហប្រតិបត្តិការស្តីពីការបញ្ជូនកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN PKO) និង​សកម្មភាពបោសសម្អាតមីន។ ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត និងការគាំទ្រប្រកបដោយភាពបត់បែនរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនវិនិយោគិនបរទេស រួមទាំងវិនិយោគិនជប៉ុន សំដៅពង្រឹង និងបង្កើនការផ្សារភ្ជាប់ទំនាក់ទំនងធុរកិច្ច និងធុរកិច្ច (B2B) មកបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូតបានពិភាក្សាអំពីសក្តានុពលសម្រាប់កិច្ចសហការលើវិស័យសំខាន់ៗមួយចំនួនរួមមាន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាបៃតង។មុននឹងបញ្ចប់ សម្តេចធិបតី បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីការវិវត្តថ្មីៗ នៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន

2026/11/04 08:02:00 pm        160
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភានាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ហៃ វណ្ណា ប្រធានសមាគមខ្មែរនៅជប៉ុន ចូលជួបសម្ដែងការគួរសម។​ថ្លែងក្រោយបញ្ចប់ជំនួបនេះ អ្នកនាំពាក្យព្រឹទ្ធសភាឯកឧត្ដម ជា ធីរិទ្ធ បានឱ្យដឹងថា នៅក្នុងឱកាសនៃជំ នួបនេះឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរាយការណ៍ជូនសម្ដេចតេជោអំ ពីវឌ្ឍនភាពរបស់សហព័ន្ធ ក៏ដូចជាផែនការអភិវឌ្ឍបន្តទៀត ដើម្បីលើកស្ទួយវិស័យគុនខ្មែរឱ្យកាន់តែរីកចម្រើនទាំងក្នុងកម្រិតជាតិ និងលើឆាកអន្តរជាតិ។ឯកឧត្ដមបន្តថា ក្នុងឱកាសនោះដែរលោក ហៃ វណ្ណា ប្រធានសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុនក៏បានរាយការណ៍ជូនសម្ដេចតេជោអំពីវឌ្ឍនភាពរបស់សមាគមចាប់តាំងពីពេលបង្កើតមក ហើយនិងទិសដៅបន្តរបស់សមាគមក្នុងការអនុវត្ត ដើម្បីធ្វើយ៉ាងណាឱ្យជនជាតិខ្មែររស់នៅប្រទេសជប៉ុនទាំងអស់មានការរួបរួមសាមគ្គីគ្នាក្នុងមហាគ្រួសារខ្មែរតែមួយ។ក្នុងឱកាសនោះដែរ សម្ដេចតេជោមានក្ដីរីករាយដោយបានដឹងអំពីវឌ្ឍនភាពរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដែលមានការរីកចម្រើនជាបន្តបន្ទាប់។សម្ដេចតេជោក៏បានផ្ដល់នូវអនុសាសន៍មួយចំនួនដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដើម្បីឱ្យដំណើរការកាន់តែល្អនៅពេលបន្តបន្ទាប់ទៀត ដោយសម្ដេចតេ ជោបានបញ្ជាក់ថា ការបង្កើតឡើងជារឿងដែលលំបាកទៅហើយ ហើយអ្វីដែលកាន់តែលំបាកទៅទៀ តនោះ គឺការធ្វើឱ្យមាននិរន្តរភាពនៃស្ថាប័ននោះ។សម្ដេចតេជោបានលើកទឹកចិត្ត និងឱ្យប្រតិភូទាំងអស់បន្តខិតខំប្រឹងប្រែងនៅក្នុងការងាររបស់ខ្លួនទាំងក្នុងក្របខណ្ឌសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុនបន្ថែមទៀត។សម្ដេចតេជោបានជូនពរដល់ប្រធានស្ថាប័នទាំងពីរ ឱ្យទទួលបានជោគជ័យ៕ដោយ៖ គង់ ឌិន

តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

2026/11/04 04:36:37 pm        147
នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Najat Maalla M’jid តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាអំពើហិង្សាលើកុមារ (UN SRSG on Violence against Children) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួប, លោកស្រីតំណាងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវកម្មវិធីកែទម្រង់ស៊ីជម្រៅ ដោយចាត់ទុកប្រជាពលរដ្ឋជាស្នូល ជាពិសេសការអនុវត្តប្រព័ន្ធគាំពារសង្គម និងសន្តិសុខសង្គម សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពរបស់កុមារ ក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយប្រសិទ្ធភាព និងទទួលបានការសាទរជាខ្លាំងពីប្រជាពលរដ្ឋ។ លោកស្រីតំណាងពិសេសក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ដែលជាឯកសារគោលនយោបាយជាតិដ៏សំខាន់របស់កម្ពុជាលើកិច្ចការពារកុមារ។ លោកស្រីតំណាងពិសេស បានគូសបញ្ជាក់ទៀតថា ការចាត់ទុកមនុស្សជាអាទិភាពចម្បងនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺពិតជាមានសារៈសំខាន់បំផុត ហើយដើម្បីឱ្យកិច្ចការនេះសម្រេចបានជោគជ័យ គឺត្រូវផ្តោតលើការរៀបចំរបៀបវារៈគោលនយោបាយដោយផ្អែកលើស្ថានភាពជាក់ស្តែង និងតម្រូវការរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន និង ការពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍ សំដៅពង្រឹងកិច្ចការពារកុមារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ជាការឆ្លើយតប, សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការស្តារ និងកសាងសន្តិភាព ស្ថិរភាពនៅកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតដល់ការអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ន។ សម្តេចធិបតី បានចាត់ទុកភាពជាដៃគូ, ការគាំទ្រ និងការរួមចំណែករបស់អង្គការសហប្រជាជាតិ គឺជាកត្តាចាំបាច់មិនអាចខ្វះបាន ក្នុងការឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ព្រមទាំងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវគោលដៅ SDGs តាមផែនការដែលបានកំណត់។ ទន្ទឹមនឹងនេះ, សម្តេចធិបតី បានគូសរំលេចពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់អំពើហិង្សា និងការការពារកុមារ តាមរយៈការដាក់ចេញនូវគោលនយោបាយគាំទ្រផ្សេងៗ និងការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារនៅកម្ពុជា ជាដើម។ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលមិនត្រឹមតែផ្តោតលើការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតបរិយាកាសគាំទ្រ ប្រកបដោយភាពកក់ក្តៅ តាមរយៈការដាក់ចេញនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ» ដែលអនុវត្តដោយមូលនិធិជាតិជំនួយសង្គម ដើម្បីគាំពារសុខភាពមាតា និងទារក រួមទាំងស្ត្រីមានផ្ទៃពោះ និងកុមារតូចៗដែលរស់នៅជាមួយម្តាយក្នុងពន្ធនាគារ ផងដែរ។ ជាមួយគ្នានេះ, សម្តេចធិបតី បានគូសបញ្ជាក់ពីអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលចាត់ទុក «មនុស្ស» ជាស្នូល ដោយរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់លើការកសាងមូលធនមនុស្ស តាមរយៈការពង្រឹងវិស័យសុខាភិបាល, ការពង្រីកសមត្ថភាពចំណេះដឹង ជំនាញ និង ការបង្កើតការងារជូនប្រជាពលរដ្ឋ៕

សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះជាអ្នកថែរក្សាការចងចាំ និងអត្តសញ្ញាណរបស់ជាតិ

2026/11/04 04:10:19 pm        114
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីពិព័រណ៍ខួប ១០០ ឆ្នាំ នៃបណ្ណសារដ្ឋានជាតិកម្ពុជា ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។ថ្លែងក្នុងឱកាសដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ, សម្ដេចធិបតីបានមានប្រសាសន៍ថា ឯកសារ បណ្ណសារ គឺជា «ឫសកែវនៃអត្តសញ្ញាណជាតិ និងជាចំណេះដឹងជាតិ» ដែលយើងទាំងអស់ត្រូវខិតខំអភិរក្ស និងចងក្រងទុក ទាំងឯកសាររូបវន្ត និងការធ្វើឌីជីថលូបនីយកម្មលើឯកសារ ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ​ ។ សម្ដេចធិបតីបានបញ្ជាក់បន្ថែមទៀតថា៖ «ធនាគារជាតិរក្សាមាស ប៉ុន្តែបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ រក្សាកេរមរតកឯកសារដែលមានតម្លៃជាងមាសដុំ ព្រោះជាអ្នកថែរក្សាការចងចាំ និងអត្តសញ្ញាណរបស់ជាតិយើង»។សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ការរៀបចំពិព័រណ៍នេះ នឹងប្រែក្លាយបរិវេណប្រវត្តិសាស្ត្រ នៃបណ្ណសារដ្ឋានជាតិ និង បណ្ណាល័យជាតិ ឱ្យទៅជា «បរិវេណបេតិកភណ្ឌសាធារណៈ» រយៈពេល ១ ខែពេញ, និងជាសក្ខីភាពដែលឆ្លុះបញ្ចាំងអំពីស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការថែរក្សាកេរមរតកឯកសារបណ្ណសារ និងបណ្ណសារដ្ឋាន ដែលជាទ្រព្យសម្បត្តិ និង ជាខ្សែច្រវាក់នៃការចងចាំ របស់ជាតិ មិនឱ្យបាត់បង់ ឬ ខូចខាត ដូចសុភាសិតខ្មែរពោលថា «ដើមឈើមានឫស ទើបឈរបានមាំ» ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ព្រឹត្តិការណ៍ពិព័រណ៍ខួបមួយសតវត្សរ៍ នៃបណ្ណសារដ្ឋានជាតិនេះ មិនត្រឹមតែជាការរំលឹកអនុស្សាវរីយ៍ប៉ុណ្ណោះទេ, ប៉ុន្តែ​ គឺជាវេទិកាថ្លែងការណ៍ជាតិដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការអភិរក្ស ថែរក្សា និង ធ្វើទំនើបកម្ម មរតកបេតិកភណ្ឌឯកសារ និង ការចងចាំរបស់ជាតិ ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ចាប់តាំងពីការបង្កើតអស់រយៈពេល ១០០ ឆ្នាំកន្លងមកនេះ, បណ្ណសារដ្ឋានជាតិនេះបានឆ្លងកាត់របត់ និង ព្យុះភ្លៀងប្រវត្តិសាស្ត្រជាច្រើន, ជាពិសេស ក្នុងយុគសម័យដ៏ខ្មៅងងឹតនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលនៅពេលនោះ ស្ថាប័ននេះត្រូវបានគេបោះបង់ចោល ហើយថែមទាំងយកធ្វើជាកន្លែងចិញ្ចឹមសត្វ ហើយឯកសារជាច្រើនត្រូវបានបំផ្លិចបំផ្លាញចោល ។ ជាមួយស្មារតីស្នេហាជាតិ និងភាពធន់ឥតរាថយរបស់ «អ្នកថែរក្សាការចងចាំ» របស់ជាតិយើង, ពោលគឺ មន្ត្រីទទួលបានការបណ្ដុះបណ្ដាលថ្មីនៅក្រោយសម័យសង្គ្រាម, បានពុះពារប្រមូលផ្តុំ និង រៀបចំឯកសារបណ្ណសារឡើងវិញ ពីគំនរផេះផង់ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតបង្កើតបានជាស្ថាប័នដ៏រឹងមាំដូចសព្វថ្ងៃ ។ មុននឹងបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា បច្ចុប្បន្ន, បណ្ណសារដ្ឋានជាតិ បានក្លាយជាទីតាំងបេតិកភណ្ឌជាតិដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអត្តសញ្ញាណជាតិ, អធិបតេយ្យភាព, និង បូរណភាពទឹកដី ។ តាមរយៈមុខងារបណ្ណសារដ្ឋានជាតិ ដែលជាទីតាំងតម្កល់ឯកសារប្រវត្តិសាស្ត្រ ផែនទី សន្ធិសញ្ញា និង កំណត់ត្រាផ្លូវការដែលមានប្រភពច្បាស់លាស់ បានធ្វើឱ្យទីតាំងនេះក្លាយជាប្រភពភស្តុតាងដ៏មានតម្លៃសម្រាប់គាំទ្រដល់ការសិក្សា ការកំណត់ជំហរផ្លូវច្បាប់ និង ការការពារផលប្រយោជន៍ជាតិ ។ ជាក់ស្ដែង, ករណីប្រាសាទព្រះវិហារ, ដែលបានបង្ហាញពីទំនាក់ទំនងដ៏សំខាន់រវាងបេតិកភណ្ឌប្រវត្តិសាស្ត្រ, ច្បាប់អន្តរជាតិ និង អធិបតេយ្យភាពជាតិ ។ ដូច្នេះ, ការថែរក្សាឯកសារបណ្ណសារដោយមានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ, ការធានាភាពពិតប្រាកដនៃឯកសារ, និង ការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ គឺជាការងារដែលមានតម្លៃ និង​ អាចរួមចំណែកដល់ការការពារផលប្រយោជន៍ជាតិបានយូរអង្វែង។ ជាទីបញ្ចប់បញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំឱ្យមានការគ្រប់គ្រងបណ្ណសារដ្ឋានជាតិ ក៏ដូចជាបណ្ណាល័យជាតិ ឱ្យបានល្អ តាមរយៈការពង្រឹងការគ្រប់គ្រង និងអភិបាលកិច្ច ដោយផ្សារភ្ជាប់ជាមួយនឹងការធ្វើទំនើបកម្មឌីជីថលក្នុងការថែរក្សា និងគ្រប់គ្រងឯកសារឱ្យបានល្អ និងមានសុវត្ថិភាព ។ បន្ថែមពីនេះ, ត្រូវបណ្ដុះបណ្ដាលធនធានមនុស្សក្នុងផ្នែកនេះបន្ថែម ជាពិសេស ជំរុញឱ្យមានការសិក្សាលើជំនាញគ្រប់គ្រងបណ្ណសារដ្ឋាន និងបណ្ណាល័យ ឱ្យបានដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬ ថ្នាក់បណ្ឌិត ដើម្បីកសាងធនធានបន្តវេនរបស់កម្ពុជាក្នុងការគ្រប់គ្រងបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ៕

សម្ដេចធិបតី បញ្ជាក់ថា បច្ចុប្បន្នមានសាលារៀនប្រមាណ ១៦១ សាលា អនុវត្តកម្មវិធីសិក្សារយៈពេល ៦ ម៉ោង

2026/11/03 06:09:40 pm        131
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន ៤ម៉ោង ខណៈបច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា ៦ម៉ោង ហើយសាលារៀន ៦ម៉ោង នឹងត្រូវពង្រីកជាជំហានៗ។ ចំពោះការអនុវត្តកម្មវិធីសិក្សា ៦ម៉ោងនេះ ដើម្បីលើកកម្ពស់គុណភាពអប់រំ។ ការលើកឡើងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើនៅព្រឹកថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន៥ ស្មើនឹង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង ២លានដុល្លារ ដែលទើបសាងសង់រួចរាល់។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «សាលារៀន ដែលមានគ្រូថែមម៉ោងសិក្សា យើងអនុវត្តសាកល្បងទៅ ឃើញថា សាលារៀន ៦ម៉ោង (២វេន) ការរៀបចំសមត្ថភាពម៉ោងសិស្សរៀនកម្រិតអាចទទួលបានខ្ពស់ ជាងសិស្សរៀន ៤ម៉ោង […] បច្ចុប្បន្ន មានសាលារៀនតែ ២០០ប៉ុណ្ណោះ ដែលមានលទ្ធភាពអនុវត្តកម្មវិធីសិក្សា « ៤ម៉ោង+២ » នៅទូទាំងប្រទេស»។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ។សម្តេចបរវធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងអនុវត្តសាកល្បងនូវពង្រីកម៉ោងសិក្សានេះតាមរូបមន្តសាលារៀនគំរូ ដើម្បីឈានទៅដល់ការពង្រីកម៉ោងរៀនដល់ ៦ម៉ោងក្នុងមួយនៅតាមសាលារៀនទូទាំងប្រទេស។បើតាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សាលារៀនទាំង ២០០ នេះនឹងត្រូវយកទៅអនុវត្តសាកល្បងនូវកម្មវិធីម៉ោងសិក្សា «៤ម៉ោង+២» មុនពង្រីកនៅទូទាំងប្រទេស។ យើងអត់ការចំណាយច្រើន អត់ត្រូវការបំពាកឧបករណ៍ទំនើបអ្វីច្រើនឡើយ។ យើងធ្វើតាមអ្វីដែលមានស្រាប់ដោយថែមតែពេលវេលា ម៉ោងសិក្សា គឺសិស្សអាចចូលរៀនបានហើយ។បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទិសដៅរបស់រដ្ឋាភិបាល គឺនឹងពង្រីកកម្មវិធីម៉ោងសិក្សា «៤ម៉ោង+២» ជាជំហានៗ ដោយធ្វើយ៉ាងណាឱ្យសាលារៀន ១២ឆ្នាំ របស់សិស្សមានលទ្ធភាពរៀន៦ម៉ោង ក្នុងមួយថ្ងៃ។ការបន្ថែមម៉ោងសិក្សានេះ មិនតែជាការពង្រឹងនូវការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា និងកសាងសមត្ថភាពយុវជនជំនាន់ក្រោយឱ្យកាន់តែប្រសើរប៉ុណ្ណោះទេ តែក៏ជាការជួយកាត់បន្ថយបញ្ហាគ្រួសារ និងសង្គមផងដែរ។ ជាពិសេស គឺជួយកាត់បន្ថយចំនួនក្មេងទំនើងបង្ហោះកង់ បង្ហោះម៉ូតូ នៅតាមផ្លូវ ដែលទំនេរពីម៉ោងរៀនសូត្រ។ ការបន្ថែមម៉ោងសិក្សានេះផ្តោតសំខាន់លើពង្រឹងមុខវិជ្ជាវិទ្យា ភាសាខ្មែរ គណិតវិទ្យា និងសីលធម៌។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ។សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបន្ថែមថា «យើងមិនអាចពង្រីកសាលារៀនម្តងទាំង ១ម៉ឺនសាលា ទាំងអនុវិទ្យាល័យ ទាំងវិទ្យាល័យ ទាំងបឋមបានទេ។ តែបច្ចុប្បន្ន យើងនឹងខិតខំធ្វើ ដោយត្រូវដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ដោះស្រាយចំនួនគ្រូ បំប៉នគុណភាពឱ្យបានសិន។ ប៉ុន្តែចក្ខុវិស័យរបស់យើងពីពេលនេះទៅសាលាដែលអាចរៀន ៦ម៉ោង បានត្រូវមានលទ្ធភាពកើនពី ២០០ សាលារៀន (៦ភាគរយ) ហើយឈានគ្របដណ្តប់នៅទូទាំងប្រទេស នេះយើងត្រូវតែធ្វើ»។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការសាងសង់សាលារៀន នឹងបែកចែកទៅតាមតំបន់ប្រជុំជន និងតំបន់ដាច់ស្រយាល។ ការធ្វើបែបនេះ ដើម្បីមានលទ្ធភាពសាងសង់សាលាបានកាន់តែច្រើន ឆ្លើយតបនឹងកំណើនសិស្ស៕

សម្ដេចធិបតី៖ ការលំបាកក្នុងការរៀនសូត្រពីអតីតកាល សម្ដេចតេជោ បានដាក់គោលនយោបាយពង្រាយសាលារៀន

2026/11/03 05:08:33 pm        119
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ភាពលំបាកលំបិននៃការស្វែងរកកន្លែងសិក្សារៀនសូត្ររបស់ក្មេងជំនាន់មុន រួមទាំងសម្ដេចតេជោ ហ៊ុន សែន ផងដែរ ទើបពេលកាន់ដំណែងជានាយករដ្ឋមន្ត្រីច្រើនអាណត្តិកន្លងមក សម្ដេចតេជោ បានដាក់ចេញនូវគោលនយោបាយពង្រាយសាលារៀន និងបានកសាងសាលារៀនរាប់ពាន់ខ្នងនៅទូទាំងប្រទេស ដើម្បីផ្ដល់ភាពងាយស្រួលដល់ក្មេងជំនាន់ក្រោយឱ្យទទួលបានការសិក្សារៀនសូត្រ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកា នេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាចំនួន៥ខ្នង ៥៥បន្ទប់ នៅក្នុងខេត្តកំពង់ធំ បានរំលឹកអំពីអតីតកាល នៃភាពកង្វះខាតសាលារៀន បានបង្កឧបសគ្គដល់ការសិក្សារបស់ក្មេងជំនាន់មុន ដោយត្រូវចាកចេញពីស្រុកកំណើត ដើម្បីស្វែងរកការសិក្សារៀនសូត្រ ដែលក្នុងចំណោមនោះ ក៏មានសម្ដេចតេជោ ហ៊ុន សែន ផងដែរ។ ដោយសារឆ្លងកាត់បទពិសោធន៍នៃឧបសគ្គនេះ ទើបសម្ដេចតេជោ ហ៊ុន សែន ពេលក្លាយខ្លួនជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍវិស័យអប់រំ និងខិតខំកសាងពង្រីកពង្រាយសាលាទៅកាន់តំបន់ឆ្ងាយៗនៅទូទាំងប្រទេស។សម្ដេចបានបញ្ជាក់ថា សម្រាប់ការកសាងសាលារៀន គឺមកដល់ពេលនេះក្នុង១៦៥២ឃុំ-សង្កាត់ទូទាំងប្រទេស គឺមានឃុំខ្លះ មានអនុវិទ្យាល័យច្រើនជាង១។ គ្រប់ស្រុក-ក្រុង មានវិទ្យាល័យ។សម្ដេចធិបតី បានបញ្ជាក់ថា ឧបសគ្គធំចំពោះវិស័យអប់រំ គឺកង្វះសាលារៀន ដែលកាលពីអតីតកាល មុនសង្គ្រាម ដើម្បីបានរៀនសូត្រ គឺកុមារជាច្រើនត្រូវទៅបួស និងចាកចេញពីស្រុកទៅឆ្ងាយ។ ហើយការសិក្សារៀនសូត្រ ក៏បានត្រឹមកម្រិតណាមួយប៉ុណ្ណោះ។ ដូច្នេះហើយបានជាក្រោយចប់សង្គ្រាម សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយក្នុងវិស័យអប់រំនេះ កុំឱ្យក្មេងៗជំនាន់ក្រោយ មានការលំបាកដូចក្មេងជំនាន់មុន គឺការពង្រាយសាលានៅទូទាំងប្រទេស។ ដើម្បីអភិវឌ្ឍវិស័យអប់រំ សម្ដេចតេជោ ហ៊ុន សែន ច្រើនអាណត្តិកន្លងមកនេះ បានកសាងសាលារៀនរាប់ពាន់ខ្នង ប៉ុន្តែល្បឿនកំណើនសាលារៀន នៅយឺតជាងមនុស្ស រួមទាំងការពង្រីកភូមិសាស្ត្រ ដែលបញ្ហានេះហើយបានជាគោលដៅរបស់យើង គឺត្រូវបន្ថែមសាលារៀន និងគ្រូ។ នេះជាគោលដៅអភិវឌ្ឍវិស័យអប់រំលើដីតែម្ដង មិនមានតែលើក្រដាសនោះទេ។ សម្ដេចធិបតី៖ ពិតណាស់ឥឡូវមានកំណើនប្រជាជន សាលារៀនមិនគ្រប់ បណ្ដាលឱ្យមានការបោះបង់ការសិក្សាខ្លះនៅថ្នាក់វិទ្យាល័យ ដោយសារសាលារៀនឆ្ងាយ ដូច្នេះត្រូវជំរុញពង្រីកបន្ថែម។ ក្រោមការជួយជ្រោមជ្រែងបពីវិស័យឯកជន សាលារៀននៅទីប្រជុំជនរីកច្រើន ដូច្នេះយើងអាចផ្ដោតអារម្មណ៍ទៅទីជនបទវិញ ព្រោះកន្លែងខ្លះកកើតភូមិថ្មី ដែលរាជរដ្ឋាភិបាលបានបង្កើតជូនពលរដ្ឋ និងផ្ដល់ដី ក្រោមគម្រោងផ្ដល់ដី និងLASED ជាដើម៕

លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា

2026/10/28 06:37:09 pm        182
នារសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Yang Jiemian ប្រធានកិត្តិយស និងជាប្រធានក្រុមប្រឹក្សាប្រឹក្សាយោបល់សិក្សាធិការ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រុងស៊ាងហៃ (SIIS) នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, លោកសាស្ត្រាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមសន្និសីទអន្តរជាតិ ស្ដីពីសណ្ដាប់ធ្នាប់ពិភពលោកថ្មី (The New World Order) នាពេលនេះ។ លោកសាស្ត្រាចារ្យបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា តែងតែមានការអភិវឌ្ឍ ជាបន្តបន្ទាប់​ ព្រមទាំងបានកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចធិបតី និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែតម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាពខ្ពស់ និងខិតខំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានផ្លែផ្កាពិតប្រាកដពីការអភិវឌ្ឍ។ លោកសាស្ត្រាចារ្យជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី, កម្ពុជានឹងបន្តរីកចម្រើនជឿនលឿនទៅមុខឥតឈប់ឈរ ទោះបីជាស្ថានភាពពិភពលោកជួបប្រទះនឹងការវិវត្តឥតឈប់ឈរយ៉ាងណាក៏ដោយ។ លោកសាស្ត្រាចារ្យបានលើកឡើងថា ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះ នៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា។ ក្នុងន័យនេះ, លោកសាស្ត្រាចារ្យបានលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងស្ថាប័នសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរ កម្ពុជា​-ចិន​ ព្រមទាំងបង្កើតនូវជំនួបពិភាក្សានានា​ ដើម្បីចែករំលែកបទពិសោធន៍, ទស្សនៈ និង គោលនយោបាយអភិវឌ្ឍន៍ជាតិធំៗ ឱ្យបានទៀតទាត់។ លោកសាស្ត្រាចារ្យបានបន្ថែមថា ការសិក្សា, ពិភាក្សា, ចែករំលែក និងការប្រៀបធៀបអំពីមាគ៌ាកំណើនសេដ្ឋកិច្ចនៃប្រទេសនីមួយៗ នឹងផ្តល់ជាធាតុចូល និងពុទ្ធិសំខាន់ៗ សម្រាប់ថ្នាក់ដឹកនាំក្នុងការពិនិត្យ, ដកស្រង់បទពិសោធន៍ និងទាញយកឧត្តមានុវត្តពីគ្នាទៅវិញទៅមក ដើម្បីយកមកអនុវត្តការអភិវឌ្ឍប្រទេសរៀងៗខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោកសាស្ត្រាចារ្យ ក្នុងសន្និសីទអន្តរជាតិ ស្ដីពីសណ្ដាប់ធ្នាប់ពិភពលោកថ្មី នៅកម្ពុជា។ សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍និរន្តរភាព (Continuity) និងសង្គតិភាព (Consistency) របស់កម្ពុជា​ ក្នុងទំនាក់ទំនងការទូត​ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី, តំបន់ និងអន្តរជាតិ។ ផ្អែកលើគោលការណ៍ទាំងពីរនេះ, កម្ពុជាបាននិងកំពុងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើរជាមួយប្រទេសចិន​ ក៏ដូចជាមួយបណ្ដាប្រទេសនានា លើសកលលោក។ មុននឹងបញ្ចប់​, សម្តេច​ធិបតី​បាន​លើកទឹកចិត្ត​ដល់​លោក​សាស្ត្រាចារ្យ​ បន្តផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ និង​សិក្សារៀន​សូត្រ​ពីគ្នាទៅវិញ​ទៅមក​ ដើម្បី​ចូលរួម​ចំណែកដល់ការ​ពង្រឹង​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា-ចិន ឱ្យកាន់តែរាំងមាំបន្ថែមទៀត៕

មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី ប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន

2026/10/28 04:35:53 pm        158
នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ទោ MARKOVCHIN Sergei Grigorievich មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តម ឧត្តមសេនីយ៍ទោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ។ ឯកឧត្តមក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ រវាងប្រទេសទាំងពីរ នាពេលកន្លងមក។ ជាមួយគ្នានោះ, ឯកឧត្តម ឧត្តមសេនីយ៍ទោ បានសម្តែងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏ល្អរវាងប្រទេសទាំងពីរ​ និងប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ រីកចម្រើន និងយូរអង្វែងបន្តទៀត។ជាការឆ្លើយតប, សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះសហព័ន្ធរុស្ស៊ី ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាជាបន្តបន្ទាប់​មក​ទល់​បច្ចុប្បន្ន​។ សម្ដេចធិបតីគូសបញ្ជាក់អំពី​ការ​គាំទ្រ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារជាតិ​រវាង​ប្រទេស​ទាំងពីរ។ មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តម ឧត្តមសេនីយ៍ទោ ក៏បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ តាមរយៈ​ការបន្តផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាង​នាយ​ទាហាន​នៃ​ប្រទេស​ទាំងពីរ​ និងការផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹង និងជំនាញ ដែលជាការបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់ជាឧត្តមប្រយោជន៍​ នៃប្រទេសទាំងពីរ៕

កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត

2026/10/27 08:00:23 pm        174
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នេះ។ ក្នុងឱកាសនោះ សម្ដេចតេជោ និងឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង ក៏បានលើកឡើង ដោយចង់បន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងទៅលើវិស័យសុខាភិបាល និងអាកាសចរស៊ីវិលបន្ថែមទៀត។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាក្នុងជំនួបសម្ដែងការគួរសមនាពេលនេះ។ សម្ដេចក៏បានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងបារាំងនាពេលបច្ចុប្បន្ន ដែលកំពុងតែមានភាពស្អិតរមួតជាមួយគ្នា។ នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតរបស់បារាំងប្រចាំកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តមនិងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោអំពីគោបំណងនៃការជួបជាមួយនឹងសម្ដេចតេជោនៅពេលនេះ គឺដើម្បីពិភាក្សាអំពីការត្រៀមរៀបចំនៃដំណើរទស្សនកិច្ចរបស់ ឯកឧត្តម អេម៉ានូអែលម៉ាក្រុង ប្រធានាធិបតីបារាំងមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខ នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមក៏បានពិភាក្សា និងស្នើទៅកាន់សម្ដេចតេជោទាក់ទងនឹងគម្រោងរបស់ឯកឧត្តមប្រធានាធិបតីបារាំង ដែលនឹងត្រូវជួបសន្ទនាជាមួយសម្ដេចផងដែរ។ សម្ដេចតេជោបាទសម្ដែងនូវការឯកភាពចំពោះការលើកឡើង ជាពិសេសគឺការត្រៀមលក្ខណៈនៅក្នុងការជួបពិភាក្សារវាងសម្ដេច ជាមួយនឹងឯកឧត្តមប្រធានាធិបតីបារាំងនាពេលខាងមុខ។ សម្ដេចក៏ត្រៀមនៅក្នុងការជជែកទៅលើចំណុចសំខាន់ៗទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគី និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត។ សម្ដេចតេជោ និងឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង ក៏បានលើកឡើងដោយចង់បន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងទៅលើវិស័យសុខាភិបាល និងអាកាសចរស៊ីវិលបន្ថែមទៀត។ សម្ដេចតេជោបានពេញចិត្តនៅក្នុងការពង្រឹងនូវកិច្ចការនេះជាមួយនឹងបារាំង ដើម្បីធ្វើយ៉ាងណាឲ្យកាន់តែល្អប្រសើរនៅក្នុងវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា។ជាចុងក្រោយ សម្ដេច ហ៊ុន សែន បានជូនពរឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ទទួលបានជោគជ័យ ជាបន្តបន្ទាប់ទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
11/07/2026 08:11 PM
សម្ដេចធិបតី៖ កីឡាជាសាលារៀនអប់រំមនុស្សឱ្យចេះ គោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញ
11/07/2026 08:11 PM
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
11/07/2026 08:11 PM
កម្ពុជាបាននិងកំពុងបើកការស៊ើបអង្កេតយ៉ាងស៊ីជម្រៅពាក់ព័ន្ធនឹងបណ្តាញ Prince Group
11/07/2026 05:11 PM
វិមានក្រឹមឡាំង៖អ្នកការទូត និងមន្ត្រីយោធារុស្ស៊ី និងចូលរួមការចរចាជាមួយអាមេរិក និងអ៊ុយក្រែន
11/07/2026 05:11 PM
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់លិចជំរំតង់ទូទាំងហ្កាហ្សា ធ្វើឱ្យការរស់នៅរបស់គ្រួសារភៀសខ្លួនកាន់តែលំបាក
11/07/2026 05:11 PM
ចិន ប្រឆាំងការដាក់ទណ្ឌកម្មរបស់អាមេរិកលើក្រុមហ៊ុនចិនដោយសារកិច្ចសហប្រតិបត្តិការជាមួយគុយបា
11/07/2026 05:11 PM
ក្រុមប្រឹក្សាភិបាលផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បើកប្រជុំលើកទី៤ បូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត
11/07/2026 05:11 PM
កាតា ជំរុញឲ្យអាមេរិក-អ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម កុំបាច់រង់ចាំដល់មានឱកាសល្អអី
11/07/2026 04:11 PM
ផ្សែងអ័ព្ទពុលដ៏ក្រាស់គ្របដណ្ដប់រដ្ឋធានី New Delhi ខណៈគុណភាពខ្យល់ក្នុងរដ្ឋធានីរបស់ ឥណ្ឌាកាន់តែយ៉ាប់យ៉ឺន
11/07/2026 04:11 PM