ប្រទេសកាតា បានច្រានចោលការអះអាងនៅក្នុងការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលថា ខ្លួនបានបញ្ឈប់ការផលិតឧស្ម័នធម្មជាតិរាវ (LNG) ដើម្បីធ្វើឲ្យប៉ះពាល់ដល់តម្លៃថាមពលនៅសហរដ្ឋអាមេរិក ដោយចាត់ទុកការចោទប្រកាន់បែបនេះថាជាការប៉ុនប៉ងជំរុញការ «បង្កជម្លោះ» រវាងប្រទេសកាតា និងសហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីជាន់ខ្ពស់ប្រទេសកាតាម្នាក់បានប្រាប់សារព័ត៌មាន Al Jazeera ថា «ប្រទេសកាតា តែងតែផ្តល់អាទិភាពដល់សុវត្ថិភាពរបស់ប្រជាជនជាងផលប្រយោជន៍នយោបាយ ឬសេដ្ឋកិច្ច»។

មន្ត្រីរូបនេះបាននិយាយថា «វាពុំមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលភ្នាក់ងារក្រៅផ្លូវការរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu កំពុងព្យាយាមទាញយកប្រយោជន៍ពីអំឡុងពេលនៃអស្ថិរភាពសកល ដើម្បីសាបព្រួសភាពតានតឹង និងការបែកបាក់បន្ថែមទៀតនៅទូទាំងតំបន់»។
ក្រុមហ៊ុន QatarEnergy បានផ្អាកការផលិតឧស្ម័នធម្មជាតិរាវ (LNG) កាលពីសប្តាហ៍មុន បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់អ៊ីរ៉ង់ ដែលធ្វើឱ្យទីផ្សារឧស្ម័នធម្មជាតិរាវនៅទូទាំងពិភពលោកជួបភាពតានតឹង ខណៈប្រទេសកាតា ផ្គត់ផ្គង់២០ភាគរយនៃឧស្ម័នធម្មជាតិរាវរបស់ពិភពលោក។
យោងតាមក្រសួងការពារជាតិប្រទេសកាតាបានឲ្យដឹងថា យានដ្រូនរបស់អ៊ីរ៉ង់ បានវាយប្រហារទីតាំងពីរ កន្លែង មានអាងទឹកនៅរោងចក្រថាមពលមួយកន្លែងក្នុងទីក្រុងឧស្សាហកម្ម Mesaieed និងរោងចក្រផលិតថាមពលមួយកន្លែងនៅទីក្រុង Ras Laffan ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន QatarEnergy ជាក្រុមហ៊ុនផលិតឧស្ម័នធម្មជាតិរាវធំបំផុតរបស់ពិភពលោក។ មន្ត្រីនិយាយថា «រយៈពេលជាងពីរឆ្នាំមកនេះ លោក Netanyahu បានបន្តរបៀបវារៈក្នុងតំបន់ដែលបានជំរុញឱ្យមានជម្លោះ និងភាពវឹកវរក្នុងការស្វែងរកមហិច្ឆតានយោបាយផ្ទាល់ខ្លួនរបស់លោក»។