លោកនាយករដ្ឋមន្ត្រី លោក Mark Carney បានបង្ហាញផែនការទឹកប្រាក់ចំនួន ៣៥ ពាន់លានដុល្លារកាណាដា (២៥,៧ ពាន់លានដុល្លារ) កាលពីថ្ងៃព្រហស្បតិ៍ ទី ១២ ខែមីនា ដើម្បីជំរុញវិស័យការពារជាតិរបស់ប្រទេសកាណាដា នៅក្នុងតំបន់មហាសមុទ្រអាកទិកដ៏ធំល្វឹងល្វើយ ខណៈប្រទេសនេះព្យាយាមកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក។

ជាធម្មតា ប្រទេសកាណាដា ពឹងផ្អែកលើជំនួយរបស់សហរដ្ឋអាមេរិក ដើម្បីត្រួតពិនិត្យតំបន់សមហាសមុទ្រអាកទិកកាណាដា ដែលគ្របដណ្តប់លើផ្ទៃដី ៤,៤ លានគីឡូម៉ែត្រក្រឡានៃដីគោក និងសមុទ្រ ដែលធំជាងប្រទេសឥណ្ឌា ហើយស្ទើរតែគ្មានមនុស្សរស់នៅទាំងស្រុង។ ការដំឡើងពន្ធ និងការគិតស្រម៉ៃរបស់ប្រធានាធិបតី លោក Donald Trump អំពីការភ្ជាប់ឧបសម្ព័ន្ធប្រទេសកាណាដា បានធ្វើឱ្យទំនាក់ទំនងស្ថិតនៅក្រោមភាពតានតឹង។

លោក Carney បាននិយាយថា «យើងនឹងលែងពឹងផ្អែកលើប្រទេសដទៃ ដើម្បីការពារសន្តិសុខតំបន់អាកទិករបស់យើង ឬដើម្បីជំរុញសេដ្ឋកិច្ចរបស់យើង។ យើងកំពុងទទួលខុសត្រូវទាំងស្រុងចំពោះការការពារដែនអធិបតេយ្យភាពរបស់យើង»។ ប្រទេសកាណាដា មានមូលដ្ឋានអាកាសនៅតំបន់អាកទិកចំនួនបួនកន្លែង ដែលអាចផ្ទុកយន្តហោះចម្បាំងចំនួន៦គ្រឿងនីមួយៗ និងទាហានប្រហែល ២.០០០ នាក់នៅជុំវិញតំបន់នោះ។ ផែនការរបស់លោក Carney អំពាវនាវឱ្យមានការវិនិយោគចំនួន៣២ពាន់លានដុល្លារកាណាដា ដើម្បីពង្រីកមូលដ្ឋានអាកាសរបស់យោធានៅក្នុងតំបន់ និងដើម្បីសាងសង់មជ្ឈមណ្ឌលគាំទ្រប្រតិបត្តិការចំនួនបួនកន្លែង។ ផែនការនេះ ក៏នឹងធ្វើឱ្យប្រសើរឡើងនូវអាកាសយានដ្ឋានពាណិជ្ជកម្មចំនួនពីរកន្លែងផងដែរ។ តំបន់អាកទិករបស់ប្រទេសកាណាដា មានប្រហែល២៥% នៃតំបន់អាកទិកសកល។ ទោះបីជាតំបន់នេះសម្បូរទៅដោយរ៉ែកម្រក៏ដោយ វាមានហេដ្ឋារចនាសម្ព័ន្ធតិចតួចណាស់ ដែលរួមផ្សំជាមួយនឹងភាពត្រជាក់ខ្លាំង ធ្វើឱ្យប្រតិបត្តិការរុករករ៉ែមានភាពស្មុគស្មាញ និងចំណាយច្រើន។