ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសដោយសម្តែងការហួសចិត្តចំពោះការផ្សព្វផ្សាយដ៏អកុសលថា «ការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងនាំឱ្យមានជំងឺមហារីកនៅពេលក្រោយ»។
ថ្លែងក្នុងពិធីម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ (មន្ទីរពេទ្យព្រះអង្គឌួង) រាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)នៅព្រឹកថ្ងៃទី២៨ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការផ្សព្វផ្សាយទាំងនោះ គឺជារឿងដែលមិនអាចទទួលយកបាន ខណៈដែលប្រទេសជាច្រើនលើពិភពលោកកំពុងតែចាក់ និងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩នេះជាបន្តបន្ទាប់ និងយ៉ាងសស្រាក់សស្រាំ ហើយថែមទាំងមានចំនួនច្រើនទៀតផង ដូចជា ប្រទេសចិន អាមេរិក ឥណ្ឌា កូរ៉េខាងត្បូង..។ល។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសក៏ធ្លាប់បានប្រកាសច្រានចោលផងដែរ ហើយលោកជំទាវ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលដល់វេនត្រូវចាក់ដូសទី២ ឫដូសទី៣ និងដូសទី៤ ត្រូវរួសរាន់មកចាក់នៅតាមទីតាំងមូលដ្ឋានសុខាភិបាលរបស់ខ្លួន ដែលនៅជិតផ្ទះ ដើម្បីបង្កើននូវកងការពារជំងឺកូវីដ-១៩។
ទន្ទឹមនឹងនោះ លោកជំទាវក៏បានអំពាវនាវដល់អ្នកដែលមានជំងឺប្រចាំកាយ ដូចជា អេសដ៍ ឬជំងឺផ្សេងៗទៀត ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាចាំបាច់ ដើម្បីការពារខ្លួនផងដែរ៕