លោកប្រធានាធិបតីអាមេរិក Donald Trump បានលើកឡើងថា លោកជឿថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ គឺលោក Mojtaba Khamenei គឺនៅមានជីវិតនៅឡើយទេ ប៉ុន្តែបាន «រងរបួស»។ លោក Mojtaba គឺជាកូនប្រុសរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ ដែលត្រូវបានសម្លាប់នៅក្នុងថ្ងៃដំបូងនៃសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ កន្លងទៅ។

លោក Mojtaba មិនត្រូវបានប្រជាជនអ៊ីរ៉ង់ឃើញវត្តមានឡើយ ចាប់តាំងពីលោកឡើងជាមេដឹកនាំកំពូលថ្មីកាលពីថ្ងៃអាទិត្យកន្លងទៅ ហើយសេចក្តីថ្លែងការណ៍ដំបូងរបស់លោក ត្រូវបានអានដោយអ្នកអានព័ត៌មានទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍។

មន្ត្រីអ៊ីរ៉ង់ម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធថា មេដឹកនាំកំពូលដែលទើបតែងតាំងថ្មីនេះ បានរងរបួសស្រាល ប៉ុន្តែកំពុងបន្តកិច្ចការ បន្ទាប់ពីទូរទស្សន៍រដ្ឋពណ៌នាថា លោករងរបួសដោយសារសង្គ្រាម។

ថ្លែងក្នុងបទសម្ភាសន៍មួយក្នុងកម្មវិធីរបស់ប៉ុស្តិ៍ Fox News ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (១២ មីនា) លោក Trump បាននិយាយថា៖ «លោកគិតថា លោក Mojtaba ប្រហែលជានៅមានជីវិតក្នុងស្ថានភាពណាមួយ ហើយនិងរងរបួស»។
ក្នុងសេចក្តីថ្លែងការណ៍ដំបូងរបស់ខ្លួន មេដឹកនាំកំពូលថ្មីរូបនោះ បានប្តេជ្ញាបន្តបិទច្រកសមុទ្រហ័រមូស និងអំពាវនាវឱ្យប្រទេសជិតខាង បិទមូលដ្ឋានទ័ពអាមេរិកលើទឹកដីរបស់ពួកគេ បើមិនដូច្នោះ មូលដ្ឋានក្នុងប្រទេសទាំងនោះនឹងជាគោលដៅវាយប្រហារពីសំណាក់អ៊ីរ៉ង់។ លោក Mojtaba មិនបានបង្ហាញខ្លួនដោយផ្ទាល់ទេ ហើយសេចក្ដីថ្លែងការណ៍នោះត្រូវអានដោយអ្នកអានព័ត៌មានទូរទស្សន៍រដ្ឋ។ ពុំមានរូបភាពថ្មីណាមួយរបស់លោកត្រូវបញ្ចេញឱ្យឃើញឡើយ ចាប់តាំងពីការវាយប្រហារនៅដើមសង្គ្រាម ដែលបានសម្លាប់សមាជិកគ្រួសារលោកជាច្រើននាក់ រួមទាំងឪពុក និងភរិយារបស់លោកផងដែរ៕