គណៈកម្មការស៊ើបអង្កេតនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានរកឃើញថា អាជ្ញាធររុស្ស៊ីបានអនុវត្តការនិរទេសកុមារអ៊ុយក្រែន «យ៉ាងទូលំទូលាយនិងជាប្រព័ន្ធ» ដែលស្មើនឹង «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។

រដ្ឋាភិបាលអ៊ុយក្រែនអះអាងថា រុស្ស៊ីបាននាំយកកុមារជាង ១៩.០០០នាក់ចេញពីប្រទេសដោយបង្ខំ រួមទាំងតំបន់នានាដែលកាន់កាប់ដោយទីក្រុងមូស្គូចាប់តាំងពីការឈ្លានពានបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ គណៈកម្មការ បានពន្យល់ពីរបាយការណ៍ចុងក្រោយរបស់ខ្លួនលើបញ្ហានេះក្នុងអំឡុងសម័យប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍។
គណៈកម្មការបានសិក្សាករណីកុមារចំនួន ១.២០៥នាក់ដែលត្រូវបាននិរទេស ឬផ្ទេរកុមារ ហើយបានរកឃើញថា ៨០ ភាគរយក្នុងចំណោមកុមារពុំទាន់បានវិលត្រឡប់ទៅវិញនៅឡើយទេ។ របាយការណ៍នេះនិយាយថា កុមារដែលត្រូវបាននិរទេសត្រូវបានផ្តល់សញ្ជាតិរុស្ស៊ី និងបានបង្ហាញនៅលើមូលដ្ឋានទិន្នន័យទទួលយកមកចិញ្ចឹម។

គណៈកម្មការនិយាយថា អាជ្ញាធររុស្ស៊ីបានសំដៅទៅលើការផ្លាស់លំនៅឋានទ្រង់ទ្រាយធំនេះថាជា «ការជម្លៀស» ដែលចាត់ទុកថាត្រឹមត្រូវដោយសារតែហានិភ័យនៃជម្លោះប្រដាប់អាវុធ។ ទោះជាយ៉ាងណា គណៈកម្មការនិយាយថា ច្បាប់មនុស្សធម៌អន្តរជាតិ តម្រូវឱ្យការជម្លៀសត្រូវតែជាបណ្តោះអាសន្ន។ គណៈកម្មការអះអាងថា សកម្មភាពរបស់រុស្ស៊ីគឺស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាមជុំវិញ «ការពន្យារពេលដែលមិនមិនសមហេតុផលក្នុងការធ្វើមាតុភូមិនិវត្តន៍ជនស៊ីវិល»។