លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) បាននិយាយនៅ ថ្ងៃសុក្រនេះថាការវាយប្រហារមួយ បានសម្លាប់ទាហានបារាំងម្នាក់ នៅទីក្រុង Erbil ក្នុងតំបន់ឃើដឌីស្តង់ស្វយ័តរបស់ប្រទេសអ៊ីរ៉ាក់។

លោក ម៉ាក្រុង បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយបញ្ជាក់ពីការស្លាប់របស់យោធាបារាំងលើកដំបូង នៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដែលបានចាប់ផ្តើមនៅចុងខែមុន នៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានវាយប្រហារអ៊ីរ៉ង់។
លោក ម៉ាក្រុង បានបន្ថែមថា ទាហានជាច្រើននាក់ផ្សេងទៀត បានរងរបួស នៅក្នុងហេតុការណ៍នេះ ដែលយោធាបារាំងបាននិយាយនាពេលមុននេះថា ជាការវាយប្រហារដោយយានដ្រូនលើកងទ័ពដែលកំពុងធ្វើសមយុទ្ធហ្វឹកហាត់។

អភិបាលក្រុង Erbil លោក Omed Koshnaw បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានទាំងនោះ បានរងរបួស នៅក្នុងការវាយប្រហារដោយដ្រូន ដែលកំណត់គោលដៅលើមូលដ្ឋានរួមរបស់កងកម្លាំងសន្តិសុខផ្ទៃក្នុងនៃតំបន់ឃើដឌីស្តង់ និងបារាំង នៅក្នុងតំបន់ Makhmour របស់ប្រទេសអ៊ីរ៉ាក់៕