ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែមីនា ឆ្នាំ២០២៦) បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួង លោក Scott Bessent នឹងជួបជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng នៅប្រទេសបារាំង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមីនា ខណៈដែលភាគីទាំង២ កំពុងរៀបចំសម្រាប់ជំនួបកំពូល រវាងប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយសមភាគីចិនរបស់លោក គឺលោក Xi Jinping នៅទីក្រុងប៉េកាំង នាចុងខែមីនានេះ។

លោក Bessent បានសរសរសារនៅលើបណ្ដាញសង្គម X ថា៖ «ចុងសប្តាហ៍នេះ ខ្ញុំនឹងជួបជាមួយឧបនាយករដ្ឋមន្ត្រី លោក He Lifeng ម្តងទៀត ដើម្បីបន្តការសន្ទនា អំពីពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងសហរដ្ឋអាមេរិក និងចិន នៅទីក្រុងប៉ារីស ប្រទេសបារាំង»។

ការិយាល័យរបស់លោក បានឲ្យដឹងថា តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer ក៏នឹងចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។ ក្រសួងរតនាគារ និង USTR បានផ្តល់ព័ត៌មានលម្អិតតិចតួច អំពីគោលបំណងរបស់ភាភីទាំង២ សម្រាប់កិច្ចប្រជុំនៅទីក្រុងប៉ារីស ដែលជាការសន្ទនាចុងក្រោយបំផុត នៅក្នុងការជជែកគ្នាជាបន្តបន្ទាប់ នៅក្នុងទីក្រុងរបស់តំបន់អឺរ៉ុប ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រវាងលោក Bessent លោក Greer លោក He និងអ្នកចរចាពាណិជ្ជកម្មចិន លោក Li Chenggang។
មន្ត្រីទាំង ៤រូបនៅឆ្នាំ ២០២៥ បានចរចាឲ្យមានការផ្អាកជម្លោះពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន បន្ទាប់ពីលោក Trump បានដាក់អត្រាពន្ធថ្មីយ៉ាងច្រើន លើការនាំចូលរបស់ចិន ដែលជំរុញឲ្យមានការកើនឡើងនូវការសងសឹកគ្នាទៅវិញទៅមក និងការគ្រប់គ្រងការនាំចេញរបស់ចិនយ៉ាងតឹងរ៉ឹងលើរ៉ែកម្រ និងដែលគំរាមកំហែងនាំឲ្យឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់របស់សហរដ្ឋអាមេរិកជាប់គាំង៕