កីឡាជនពិការ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានធ្វើការជំរុញ និងលើកទឹកចិត្តដល់ក្រុមកីឡាករ-កីឡាការិនីជនពិការត្រូវបន្ដខិតខំហ្វឹកហាត់ឲ្យបានខ្លាំងក្លា ដើម្បីទទួលបាននូវភាពរឹងមាំ និងគុណតម្លៃនៃជីវិត ហើយឈានទៅដណ្ដើមកិត្តិយសជូនជាតិថែមទៀត។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាអត្តពលកម្មជនពិការកម្ពុជាលើកទី៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោកាលពីចុងសប្ដាហ៍កន្លងទៅ។ ឯកឧត្តមមានប្រសាសន៍ថា កីឡាមានអត្ថប្រយោជន៍ណាស់សម្រាប់គុណតម្លៃនៃជីវិត ហើយជនពិការត្រូវបានលើកទឹកចិត្តជាពិសេសក្នុងវិស័យកីឡា ដើម្បីលើកកម្ពស់ភាពរឹងមាំរបស់ខ្លួន។ ដូច្នេះកីឡាករ-កីឡាការិនីជនពិការទាំងអស់ត្រូវខំប្រឹងហ្វឹកហាត់ដោយឆន្ទៈ និងភាពក្លាហាន ពិសេសសម្រួចទិសដៅត្រៀមធ្វើម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេមនាឆ្នាំ២០២៣។ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដដែលបានបន្ថែមថា ការហ្វឹកហាត់កីឡាធ្វើឲ្យបងប្អូនពិការទាំងអស់ ក្លាយទៅជាមនុស្សរឹងមាំ បើទោះបីខ្លួនមានពិការភាពនៅក្នុងផ្នែកណាមួយនៃរាងកាយក៏ដោយ ប៉ុន្តែកីឡាអាចជួយឲ្យរឹងមាំ ទាំងកម្លាំងកាយ និងប្រាជ្ញាស្មារតី។
ការហ្វឹកហាត់កីឡាដើម្បីសម្រួចគោលដៅឆ្ពោះទៅដណ្តើមមេដាយ ប៉ុន្តែមេដាយមិនមែនជារឿងសំខាន់បំផុតនោះទេ។ អ្វីដែលសំខាន់បំផុតនៃការលេងកីឡា គឺដើម្បីការកសាងគុណតម្លៃនៃជីវិតតែម្ដង។ ដោយហេតុនេះ ឯកឧត្តម វ៉ាត់ ចំរើន ក្នុងនាមអ្នកជំនាញកីឡាមួយរូប ក៏មិនខុសពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាដែរ គឺបានផ្ដល់នូវការគាំទ្រ និងលើកទឹកចិត្តដល់ក្រុមកីឡាករ-កីឡាការិនីជនពិការក្នុងការលេងកីឡា ហើយខំប្រឹងដោយមោទនភាពជាតិដើម្បីមានឱកាសចូលរួមប្រកួតលើកឆាកអន្ដរជាតិ និងដណ្ដើមកិត្តិយសជូនជាតិ ពិសេសដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ក្រោយបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ឯកឧត្តមរំពឹងថា ក្រុមកីឡាជនពិការកម្ពុជានឹងទទួលបានលទ្ធផលល្អប្រសើរ៕
អត្ថបទ៖ លី ឈុនឡា