នៅថ្ងៃសុក្រ (ទី១៣ ខែមីនា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានរិះគន់ការស៊ើបអង្កេតពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជុំវិញការសង្ស័យលើផលិតផលលើសតម្រូវការទីផ្សារ ហើយបានបញ្ជាក់ថា ខ្លួនរក្សាសិទ្ធិក្នុងការចាត់វិធានការតបត ដែលធ្វើឲ្យប៉ះពាល់ដល់ក្ដីរំពឹង សម្រាប់កិច្ចចរចាពាណិជ្ជកម្មជុំថ្មីដែលគ្រោងចាប់ផ្តើមនៅចុងសប្តាហ៍នេះ។
ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក មិនមានសិទ្ធិ «ជាឯកតោភាគី» ក្នុងការកំណត់ថា តើដៃគូពាណិជ្ជកម្មមាន «ផលិតផលលើសតម្រូវការទីផ្សារ» តាមរយៈការស៊ើបអង្កេតក្នុងកថាខណ្ឌ ៣០១ របស់ខ្លួនដែរ ឬអត់ ហើយចាត់វិធានការរឹតបន្តឹងជាឯកតោភាគីនោះឡើយ។
ចិនត្រូវបានចាត់ទុកថា ជាដៃគូពាណិជ្ជកម្មមួយ ក្នុងចំណោមដៃគូពាណិជ្ជកម្មដែលត្រូវបានសហរដ្ឋអាមេរិកកំណត់គោលដៅ នៅពេលដែលខ្លួនបានបង្ហាញកាលពីថ្ងៃពុធ អំពីការស៊ើបអង្កេត លើការផ្គត់ផ្គង់ឧស្សាហកម្មលើសតម្រូវការ និងការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។

ក្រសួងបានឲ្យដឹងថា ប្រទេសចិនកំពុងធ្វើការវាយតម្លៃ ពាក់ព័ន្ធការស៊ើបអង្កេតទាំងនេះ ហើយរក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន។ នៅថ្ងៃសុក្រនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបដិសេធការចោទប្រកាន់ពីការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ដោយចាត់ទុកការលើកឡើងនេះថា «ជាការនិយាយកុហកដែលប្រឌិតឡើងដោយសហរដ្ឋអាមេរិក»។
ការស៊ើបអង្កេតពាណិជ្ជកម្មទាំងនេះ បានធ្វើឲ្យមានបញ្ហាស្មុគស្មាញថែមទៀតដែលទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន នឹងត្រូវពិភាក្សាគ្នា ខណៈដែលភាគីទាំង២ កំពុងត្រៀមសម្រាប់ទស្សនកិច្ចដែលបានគ្រោងទុករបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅទីក្រុងប៉េកាំង នាចុងខែមីនានេះ ដើម្បីជួបជាមួយសមភាគីចិន លោក Xi Jinping។
ហើយកិច្ចចរចាពាណិជ្ជកម្ម នៅប្រទេសបារាំង ដែលត្រូវបានបញ្ជាក់ដោយក្រសួងពាណិជ្ជកម្មចិន នាថ្ងៃសុក្រនេះ ត្រូវបានគេរំពឹងថា នឹងរៀបចំមូលដ្ឋានចាំបាច់ សម្រាប់កិច្ចប្រជុំកំពូល។ ប្រទេសចិនបានប្រាប់ថា ឧបនាយករដ្ឋមន្ត្រី លោក He Lifeng នឹងដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសបារាំង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមីនា សម្រាប់កិច្ចចរចានានា ខណៈដែលគណៈប្រតិភូអាមេរិកត្រូវបានគេរំពឹងថា នឹងមានរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent និងតំណាងពាណិជ្ជកម្ម លោក Jamieson Greer៕
