ប្រទេសជប៉ុន កំពុងជួបការលំបាកខ្លាំង ដោយសារសង្គ្រាមអ៊ីរ៉ង់ មុនពេលមានដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍ក្រោយ។ មុនធ្វើដំណើរទៅ លោកស្រីបានសន្យាថា នឹង «និយាយដោយស្មោះត្រង់» ជាមួយប្រធានាធិបតីអាមេរិក ពាក់ព័ន្ធនឹងបញ្ហានេះ។
តែយ៉ាងណាក្ដី នាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុនរូបនេះ អាចមានលទ្ធភាពលៃលកបង្ហាញពីកង្វល់ នៅក្នុងកិច្ចប្រជុំ នាថ្ងៃទី១៩ ខែមីនា យ៉ាងដូចម្តេច និងថា តើលោកប្រធានាធិបតី Donald Trump នឹងបើកចំហកម្រិតណា នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ដដែល។

ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី៤ របស់ពិភពលោក ជប៉ុនគឺជាប្រទេសនាំចូលប្រេងធំបំផុតទី៥ ដោយ ៩៥ភាគរយមកពីតំបន់មជ្ឈិមបូព៌ា ហើយ ៧០ភាគរយឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលឥឡូវនេះត្រូវបានបិទ។
ក្រៅពីតម្លៃប្រេងឡើងលើសពី ១០០ដុល្លារ ក្នុងមួយបារ៉ែល ការចំណាយលើនាំចូលរបស់ជប៉ុន ក៏បានកើនឡើងផងដែរ ដោយសារតែរូបិយប័ណ្ណរបស់ខ្លួន បានធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារ ខណៈប្រេងឆៅនីមួយៗ ដែលត្រូវបានជួញដូរជារូបិយប័ណ្ណអាមេរិក ត្រូវចំណាយខ្ពស់សម្រាប់ការទិញជាប្រាក់យេន។
កាលពីថ្ងៃពុធ ជប៉ុន គឺជាប្រទេសដំបូងគេដែលបានប្រកាសពីការបញ្ចេញទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់ខ្លួន ដោយលោកស្រី Takaichi វ័យ ៦៥ឆ្នាំ បាននិយាយថា ប្រទេសជប៉ុនកំពុង «រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ»។
តម្លៃប្រេងឡើងថ្លៃ ក៏ដូចជាឧស្ម័នផងដែរ មានហានិភ័យធ្វើឲ្យជីវិតប្រចាំថ្ងៃចំណាយកាន់តែខ្ពស់ ទាំងសម្រាប់ក្រុមហ៊ុន និងគ្រួសារទាំងមូល ដែលអាចប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោកស្រី Takaichi៕
