យោងតាមសេចក្តីរាយការណ៍ក្នុងស្រុកជាច្រើនបានឲ្យដឹងថា មនុស្សរាប់សិបនាក់បានរងរបួស នៅតំបន់ភាគខាងជើងអ៊ីស្រាអែល ហើយផ្ទះជាច្រើនខ្នង រងការខូចខាតក្រោយរងការវាយប្រហារមីស៊ីលអ៊ីរ៉ង់ នៅព្រឹកថ្ងៃសុក្រនេះ ។

អង្គភាពឆ្លើយតបសង្រ្គោះបន្ទាន់(MDA)របស់អ៊ីស្រាអែល និយាយថា មនុស្សជាង ៥០នាក់ បានរងរបួស ទទួលបានការព្យាបាលនិងត្រូវបានជម្លៀសខ្លួនចេញ ក្រោយមីស៊ីលជាច្រើនគ្រាប់របស់អ៊ីរ៉ង់ធ្លាក់លើផ្ទះសម្បែងរបស់ពួកគេ ស្ថិតក្នុងភូមិ Zarzir នៅភាគខាងជើងប្រទេសអ៊ីស្រាអែល។អង្គភាព MDA និយាយទៀតថា ភាគច្រើននៃអ្នករងរបួស មានស្ថានភាពស្រាលប៉ុណ្ណោះ ដោយសារអំបែងកញ្ចក់ហើយស្រ្តីម្នាក់ រងរបួសធ្ងន់គ្រាន់បើ ដោយសារអំបែងគ្រាប់ ។ក្រុមមេដឹកនាំអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅតែរឹងមានះនិងសន្យាបន្តប្រយុទ្ធ ស្របពេលដែលសង្រ្គាមមជ្ឈិមបូព៌ា ជិតឈានដល់រយៈពេល ២សប្តាហ៍ នៅថ្ងៃសុក្រនេះហើយនិងកំពុងធ្វើឲ្យរង្គោះរង្គើរដល់ទីផ្សារហិរញ្ញវត្ថុ ៕
