ដោយដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែល គេហទំព័រព័ត៌មាន Axios បានរាយការណ៍ថា ប្រតិបត្តិការរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ នឹងមានរយៈពេលយ៉ាងហោចណាស់ ២-៣ សប្តាហ៍ទៀត។
មន្ត្រីទាំងនោះ ជឿជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនមានគម្រោងបញ្ចប់សង្គ្រាមក្នុង រយៈពេលពីរទៅបីសប្តាហ៍ខាងមុខទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេកំពុង «គិតគូរពីលទ្ធភាពដែលលោកធ្វើការសម្រេចចិត្តភ្លាមៗ ប្រសិនបើលោកសន្និដ្ឋានថា គោលបំណងរបស់លោក ត្រូវបានសម្រេច»។

ប្រភពមួយដែលបាននិយាយជាមួយលោក ត្រាំ កាលពីល្ងាចថ្ងៃអង្គារ «បានពិពណ៌នាអំពីប្រធានាធិបតីថា «រីករាយ» អំពីការបន្តសង្គ្រាមយ៉ាងហោចណាស់ ៣-៥ សប្តាហ៍ទៀត មុនពេលធ្វើការសម្រេចចិត្ត»។ សហរដ្ឋអាមេរិក នឹងផ្តោតលើកងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ ដើម្បីធ្វើឲ្យភ្នាក់ងាររដ្ឋាភិបាលចុះខ្សោយ និងបង្កឲ្យមានការបះបោរផ្ទៃក្នុង។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ សេតវិមានបានបង្ហាញភាពត្រឹមត្រូវនូវការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ មេដឹកនាំកំពូល លោក Ayatollah Ali Khamenei និងមេដឹកនាំសំខាន់ៗអ៊ីរ៉ង់មួយចំនួនទៀត ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ កងឆ្មាំបដិវត្តន៍ឥស្លាម បានប្រកាសពីប្រតិបត្តិការសងសឹក ដោយកំណត់គោលដៅលើទីតាំងនានា នៅក្នុងប្រទេសអ៊ីស្រាអែល។ មូលដ្ឋានយោធាអាមេ រិកនៅបារ៉ែន ហ្ស៊កដានី គូវ៉ែត កាតា អារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម ក៏ត្រូវបានវាយប្រហារផងដែរ៕
