យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋអូម៉ង់ បានឲ្យដឹងថា មនុស្ស ២នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រទេសអូម៉ង់ ក្រោយយានដ្រូនវាយប្រហារខេត្ត Sohar ស្របពេលដែលបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ ជាប់ផុងក្នុងសង្រ្គាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បង្កឲ្យមានការវាយប្រហារសងសឹកវិញនៅទូទាំងតំបន់ ។
ទីភ្នាក់ងារព័ត៌មានរដ្ឋអូម៉ង់រាយការណ៍ដោយឡើងពីប្រភពសន្តិសុខថា នៅព្រឹកថ្ងៃសុក្រនេះ យានដ្រូនមួយគ្រឿង ក្នុងចំណោមយានដ្រូនជាច្រើនគ្រឿងទៀត វាយប្រហារតំបន់ឧស្សាហកម្ម al-Awahi ដោយបានសម្លាប់ជនបរទេស ២នាក់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស ។

ចំណែកឯយានដ្រូនមួយគ្រឿងទៀត បានធ្លាក់លើកន្លែងទំនេរ ដោយគ្មានសេចក្តីរាយការណ៍ពីអ្នករងរបួសនោះទេ ខណៈដែលក្រុមអាជ្ញាធរកំពុងបើកការស៊ើបអង្កេតលើឧបទ្ទេវហេតុមួយនេះ ។
កាលពីថ្ងៃពុធកន្លងទៅ សារព័ត៌មានរដ្ឋអូម៉ង់រាយការណ៍ថា យានដ្រូនជាច្រើនគ្រឿង បានវាយប្រហារសឺទែនស្តុកប្រេងនៅកំពង់ផែ Salalah ប៉ុន្តែទីក្រុងតេអេរ៉ង់ ច្រានចោលការរួមចំណែកណាមួយនៅក្នុងការវាយប្រហារនេះ ។
មន្រ្តីក្រសួងថាមពលអូម៉ង់ និយាយថា ពុំមានការអាក់ខានអ្វីនោះទេ ដល់និរន្តរភាពនៃការផ្គត់ផ្គង់ប្រេង ឬការផលិតប្រេងនៅក្នុងប្រទេសមួយនេះ ។
ខណៈពេលនោះដែរ ក្រសួងការពារជាតិអារ៉ាប៊ីសាអ៊ូឌីត និយាយថា នៅថ្ងៃសុក្រនេះ កងកម្លាំងអារ៉ាប៊ីសាអ៊ូឌីត បានបាញ់ស្កាត់យានដ្រូនមួយគ្រឿង ដែលមានគោលដៅលើសង្កាត់ការទូតរបស់ទីក្រុង Riyadh និងជាទីតាំងមានស្ថានទូតបរទេសជាច្រើនស្ថិតនៅ ៕
