ក្រសួងការបរទេសអ៊ីរ៉ង់និយាយថា ស្រីលង្កានឹងធ្វើមាតុភូមិនិវត្តន៍សាកសពនាយទាហានជើងទឹកអ៊ីរ៉ង់ ៨៤នាក់ ដែលបានស្លាប់ ពេលដែលនាវាចម្បាំងរបស់ពួកគេ ត្រូវបានបាញ់ពន្លិចកាលពីរយៈពេល ៩ថ្ងៃមុន ដោយនាវាមុជទឹកសហរដ្ឋអាមេរិក ។
នាយទាហានជើងទឹកទាំងអស់នេះ ត្រូវបានសម្លាប់ ពេលនាវាចម្បាំង IRIS Dena រងការបាញ់ពន្លិចកាលពីថ្ងៃទី ៤ ខែមីនា ស្ថិតនៅជិតតំបន់ឆ្នេរប្រទេសស្រីលង្កា នៅក្នុងការវាយប្រហារមួយដែលអូសទាញសង្រ្គាមមជ្ឈិមបូព៌ាដល់មហាសមុទ្រឥណ្ឌា ។
លោក Thushara Rodrigo គឺជាអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា នីតិវិធីក្នុងស្រុកទាំងអស់ ត្រូវបានបញ្ចប់ ហើយនាយទាហានជើងទឹកអ៊ីរ៉ង់ទាំងនេះ នឹងត្រូវដឹកតាមយន្តហោះឈ្នួល សម្រាប់ការធ្វើមាតុភូមិនិវត្តន៍ ។

លោកបន្តថា ចំណែកឯនាយទាហានជើងទឹក ៣២នាក់ដែលត្រូវបានជួយសង្រ្គោះដោយកងទ័ពជើងទឹករបស់ពួកយើង នឹងបន្តស្នាក់នៅប្រទេសស្រីលង្កា ។
នាវាចម្បាំងទី ២ IRIS Bushehr របស់អ៊ីរ៉ង់ ត្រូវបានអនុញ្ញាតឲ្យចូលក្នុងដែនទឹកស្រីលង្កា រយៈពេល ១ថ្ងៃ ក្រោយនាវាចម្បាំង Dena បានលិច ។ ស្រីលង្កាផ្តល់កំពង់ផែសុវត្ថិភាពសម្រាប់នាវា និងក្រុមនាវិក ២១៩នាក់របស់ពួកគេ ។
ក្រុមមន្រ្តីស្រីលង្កា និយាយថា ពួកគេមិនទាន់បានចាប់ផ្តើមពិភាក្សាលើការធ្វើមាតុភូមិនិវត្តន៍ក្រុមនាវិករបស់នាវាចម្បាំង Bushehr និងអ្នកដែលត្រូវបានជួយសង្រ្គោះពីនាវាចម្បាំង Dena នោះទេ ប៉ុន្តែពួកគេនឹងធ្វើតាមកាតព្វកិច្ចសន្ធិសញ្ញារបស់ទីក្រុងកូឡុំបូ ៕
