ការ៉ាតេ៖ កម្ពុជាបានសម្រេចជោគជ័យលើសពីការរំពឹងទុកទាំងការរៀបចំ និងលទ្ធផលទទួលបានក្នុងនាមម្ចាស់ផ្ទះ នៃការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៩ ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងអាស៊ាន។
ការថ្លែងនេះ ក្រោយព្រឹត្តិការណ៍ថ្នាក់តំបន់លើកដំបូងនៅកម្ពុជានេះបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការប្រកួតរយៈពេល ៣ថ្ងៃពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនានៅមជ្ឈមណ្ឌលកីឡាការ៉ាតេនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយលទ្ធផលក្រុមអត្តពលិកវៀតណាមឈរកំពូលតារាងមេដាយ ខណៈកម្ពុជាឈរលេខរៀងទី៤ លើក្រុមអត្តពលិកថៃ។ ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា បានគូសបញ្ជាក់ថា ការរៀបចំគឺជាជោគជ័យមួយដែលត្រូវបានអ្នកជំនាញអន្ដរជាតិកោតសរសើរ និងវាយតម្លៃខ្ពស់ ពិសេសប្រតិភូ និងអត្តពលិកចូលរួមដែលបានសម្ដែងការពេញចិត្ត និងសប្បាយចិត្តចំពោះការទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ ទាំងការស្នាក់នៅ ហូបចុក និងការដឹកជញ្ជូនជាដើម។ អ្វីដែលគួរចាប់អារម្មណ៍បំផុត គឺការសម្រេចបាននូវលទ្ធផលលើសពីការរំពឹងរបស់កីឡាករ-កីឡាការិនី ដែលសហព័ន្ធរំពឹងខ្ពស់បំផុតត្រឹមដណ្ដើមមេដាយប្រាក់ តែជាលទ្ធផលកម្ពុជាឈ្នះមេដាយមាស ១ ប្រាក់ ១ និងមេដាយសំរឹទ្ធ ៥គ្រឿង។ លទ្ធផលនេះសបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើន និងការវិឌ្ឍន៍ថ្មីមួយទៀតរបស់កីឡាការ៉ាតេកម្ពុជាក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ២លើកចំពោះមុខ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាការ៉ាតេលើកដំបូងនៅកម្ពុជានេះ ដំបូងឡើយគ្រោងមានប្រតិភូ និងអត្តពលិកជាង ២០០នាក់មកពី ៩ប្រទេសចូលរួមលើកលែងមីយ៉ាន់ម៉ា និងទីម័រខាងកើត តែដោយសារបញ្ហាកូវីដ-១៩ បានបង្ខំឲ្យប្រ៊ុយណេដកខ្លួនពីការប្រកួតនេះមួយទៀតនៅសល់ត្រឹម ៨ប្រទេសប៉ុណ្ណោះ។ ចំពោះលទ្ធផលនៃការប្រកួតវិញ ក្រុមអត្តពលិកវៀតណាមឈ្នះមេដាយច្រើនជាងគេសរុប ១៣គ្រឿង (មាស ៥, ប្រាក់ ៥ និងសំរឹទ្ធ ៣)។ ចំណែកក្រុមអត្តពលិកឥណ្ឌូនេស៊ីឈរលេខ២ ឈ្នះមេដាយសរុប ១៤គ្រឿង (មាស ៥, ប្រាក់ ៣ និងសំរឹទ្ធ ៦) ខណៈក្រុមអត្តពលិកម៉ាឡេស៊ីឈរលេខ៣ ឈ្នះមេដាយសរុប ១២គ្រឿង (មាស ៥, ប្រាក់ ៣ និងសំរឹទ្ធ ៤)។ រីឯក្រុមកីឡាការ៉ាតេជម្រើសជាតិកម្ពុជាបានឈរលេខ៤ ដណ្ដើមបានមេដាយសរុប ៧គ្រឿង (មាស ១, ប្រាក់ ១ និងសំរឹទ្ធ ៥) លើក្រុមអត្តពលិកថៃដែលឈរលេខ៥ ឈ្នះមេដាយសរុប ៩គ្រឿង (ប្រាក់ ៣ និងសំរឹទ្ធ ៦)។ ឯហ្វីលីពីនឈរលេខ៦ ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ២ ស្របពេលឡាវឈរលេខ៧ ឈ្នះមេដាយសំរឹទ្ធ ២គ្រឿង។ លើកលែងតែសិង្ហបុរីប៉ុណ្ណោះដែលមិនទទួលបានមេដាយ៕
អត្ថបទ៖ លី ឈុនឡា