កាសែត Global Times បានកត់សម្គាល់នៅក្នុងអត្ថបទមួយដែលអត្ថាធិប្បាយលើផែនការរបស់ជប៉ុនក្នុងការដាក់ពង្រាយមីស៊ីលបាញ់ចេញពីដីរយៈចម្ងាយឆ្ងាយថា ការដាក់ពង្រាយអាវុធវាយលុកយ៉ាងឆាប់រហ័ស និងការពង្រឹងគោលនយោបាយយោធានិយម នៅក្នុងប្រទេសនេះ គំរាមកំហែងដល់សន្តិសុខ និងសន្តិភាព ក្នុងតំបន់នៅអាស៊ី។
អត្ថបទអត្ថាធិប្បាយនោះ បានបញ្ជាក់ថា៖«យោធានិយមថ្មីនៅក្នុងប្រទេសជប៉ុន បានក្លាយជាមិនត្រឹមតែជាទំនោរដ៏គ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជាការគំរាមកំហែងពិតប្រាកដមួយដែលកំពុងធ្វើឲ្យសន្តិភាព និងសន្តិសុខក្នុងតំបន់កាន់តែមានហានិភ័យ។ វាពិតជាច្បាស់ណាស់ថា ការបង្កើនយោធាកាន់តែខ្លាំងឡើងថ្មីៗនេះរបស់ជប៉ុននៅកោះភាគនិរតីជិតកោះតៃវ៉ាន់របស់ប្រទេសចិន កំពុងក្លាយជាគោលដៅ»។
ដូចដែលអត្ថបទនោះ បានចង្អុលបង្ហាញថា៖«ការប្រញាប់ប្រញាល់របស់ជប៉ុនក្នុងការជំរុញ «ការធ្វើយោធូបនីយកម្មឡើងវិញ» គឺជាការបន្តគោលនយោបាយដែលជំរុញដោយកម្លាំងនយោបាយអភិរក្សនិយម ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីបំបែកការរឹតបន្តឹងក្រោយសង្គ្រាម និងបន្តឋានៈជាមហាអំណាចយោធាដ៏សំខាន់មួយ»។

ការបោះពុម្ពផ្សាយនេះ បានឲ្យដឹងថា «ឥឡូវនេះ ប្រទេសជប៉ុនកំពុងចូលរួមក្នុងល្បែងដ៏គ្រោះថ្នាក់មួយ ប្រទេសនេះព្យាយាមទាញយកប្រយោជន៍ពីឱកាសដែលបង្កើតឡើងដោយការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដោយដាក់ខ្លួនជាទីតាំងជួរមុខរបស់ទីក្រុងវ៉ាស៊ីនតោន នៅអាស៊ីប៉ាស៊ីហ្វិក និងក្រោមបដានៃ «ការចែករំលែកការទទួលខុសត្រូវសន្តិសុខសម្រាប់សហរដ្ឋអាមេរិក» ដោយព្យាយាមធានាការយល់ព្រមដោយសម្ងាត់ពីសហរដ្ឋអាមេរិកសម្រាប់ប្រទេសជប៉ុន ដើម្បីយកឈ្នះការរឹតបន្តឹងយោធារបស់ខ្លួន។ យ៉ាងណាក៏ដោយ ការយល់ព្រមរបស់សហរដ្ឋអាមេរិកនេះ នឹងធ្វើឲ្យគោលនយោបាយយោធានៃកងកម្លាំងស្តាំនិយមរបស់ប្រទេសជប៉ុនកាន់តែរឹងមាំឡើង»៕
