អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយនៅថ្ងៃសុក្រនេះថា រុស្ស៊ីយល់ឃើញថា ការលើកលែងទណ្ឌកម្មសហរដ្ឋអាមេរិកលើប្រេងរបស់ខ្លួន គឺការប៉ុនប៉ងមួយដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើឲ្យស្ថិរភាពទីផ្សារថាមពលសកល ហើយប្រទេសទាំង ២ បានចែករំលែផលប្រយោជន៍ក្នុងបញ្ហានេះ ។

សហរដ្ឋអាមេរិក បានចេញការលើកលែងរយៈពេល ៣០ថ្ងៃ សម្រាប់បណ្តាប្រទេសនានាក្នុងការទិញប្រេងឆៅ និងផលិតផលប្រេងជាប់ទណ្ឌកម្មរបស់រុស្ស៊ី ដែលកំពុងជាប់គាំងនៅតាមសមុទ្រ ។
លោក Scott Bessent គឺជារដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បាននិយាយថា នេះគឺជាជំហានមួយ ដើម្បីធ្វើឲ្យទីផ្សារថាមពលសកលមានស្ថិរភាពឡើងវិញ បន្ទាប់ពីមានភាពរង្គោះរង្គើដោយសារសង្គ្រាមអ៊ីរ៉ង់។
បន្ទាប់ពីការប្រកាសលើកលែងរបស់សហរដ្ឋអាមេរិក តម្លៃប្រេងបានធ្លាក់ចុះនៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា នេះក្នុងទីផ្សារនៅតំបន់អាស៊ី ហើយវិធានការនេះគឺជាការប៉ុនប៉ងចុងក្រោយបង្អស់របស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីទប់ស្កាត់តម្លៃថាមពល បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ និងការឆ្លើយតបជាបន្តបន្ទាប់ពីទីក្រុងតេអេរ៉ង់ ដែលបានធ្វើឲ្យភាពតានតឹងក្នុងតំបន់កាន់តែរីកធំឡើង និងបង្កឲ្យមានការកកស្ទះដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដោយរំខានដល់លំហូរប្រេង និងឧស្ម័នដ៏សំខាន់នៅមជ្ឈិមបូព៌ា និងធ្វើឲ្យតម្លៃថាមពលហក់ឡើងខ្ពស់ទូទាំងពិភពលោក។
លោក Peskov និយាយទៀតថា បើគ្មានទំហំប្រេងរុស្ស៊ីច្រើនចូលទីផ្សារទេនោះ ស្ថិរភាពបែបនេះ នឹងមិនអាចកើតឡើងបាននោះទេ ហើយពួកយើងយល់ឃើញថា វិធានការរបស់សហរដ្ឋអាមេរិក មានគោលបំណងព្យាយាមធ្វើឲ្យមានស្ថិរភាពទីផ្សារថាមពល ។ ក្នុងការគោរពមួយនេះ ផលប្រយោជន៍របស់ពួកយើង គឺស្របគ្នាផងដែរ ៕
