ប្រមុខសន្តិសុខជាតិអ៊ីរ៉ង់ លោក Ali Larijani នាថ្ងៃសុក្រ (ទី១៣ ខែមីនា ឆ្នាំ២០២៦) នេះ បានចូលរួមដោយបើកចំហក្នុងការជួបជុំដ៏ធំ នៅទីក្រុងតេអេរ៉ង់ ខណៈដែលចាត់ទុកការវាយប្រហារចុងក្រោយបំផុតរបស់អ៊ីស្រាអែល-អាមេរិក លើរដ្ឋធានីនេះថា «ជាការធ្វើឡើងដោយសារភាពអស់សង្ឃឹម»។
ខណៈពេលកំពុងដង្ហែក្បួន សម្រាប់ការជួបជុំប្រចាំឆ្នាំនៃទិវា Quds Day ជាព្រឹត្តិ្កការណ៍ដែលគាំទ្រដល់បុព្វហេតុប៉ាឡេស្ទីន លោក Larijani បានប្រាប់ទូរទស្សន៍រដ្ឋថា៖ «ការវាយប្រហារទាំងនេះ គឺដោយសារតែការភ័យខ្លាច ដោយសារតែភាពអស់សង្ឃឹម។ អ្នកដែលខ្លាំង នឹងមិនទម្លាក់គ្រាប់បែក លើបាតុកម្មនោះទេ។ វាគឺច្បាស់ណាស់ថា វាបានបរាជ័យហើយ»។

ដោយប្រើសំឡេងផ្គើន លោកបានបញ្ជាក់ថា៖ «ប្រធានាធិបតីអាមេរិក លោក Donald Trump មិនដឹងទេថា ប្រជាជនអ៊ីរ៉ង់ គឺជាប្រជាជតិដ៏ក្លាហាន ជាប្រជាជាតិដ៏រឹងមាំ ជាប្រជាជាតិមានការតាំងចិត្ត។ លោកកាន់តែដាក់សម្ពាធខ្លាំងកម្រិតណា ការតាំងចិត្តរបស់ប្រទេសនេះ នឹងកាន់តែខ្លាំងកម្រិតនោះដែរ»។
ការចូលរួមរបស់លោក Larijani គឺជាការបង្ហាញខ្លួនជាសាធារណៈដ៏លេចធ្លោបំផុតមួយពីសំណាក់មន្ត្រីអ៊ីរ៉ង់ម្នាក់ គិតចាប់តាំងពីមានការវាយប្រហារកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានសម្លាប់មេដឹកនាំកំពូល លោក Ali Khamenei និងមន្ត្រីជាន់ខ្ពស់ដទៃទៀត។
ហើយបើយោងតាមរូបភាពពីទូរទស្សន៍រដ្ឋ បានបង្ហាញឲ្យឃើញអគ្គស្នងការនគរបាលជាតិ លោកAhmad-Reza Radan ក៏បានចូលរួមផងដែរ៕
