នៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋឥណ្ឌា បានតម្រង់ជួរនៅក្រៅការិយាល័យចម្រាញ់ប្រេង និងមជ្ឈមណ្ឌលចែកចាយឧស្ម័ន ស្របពេលដែលពួកគេពិបាកទទួលបានបំពង់ហ្គាស LPG ខណៈការផ្គត់ផ្គង់ខ្វះខាត បន្ទាប់ពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។
ការផ្គត់ផ្គង់ខ្វះខាត បន្ទាប់ពីការបិទការដឹកជញ្ជូនដោយប្រសិទ្ធិភាពឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយ សម្រាប់ការដឹកជញ្ជូនឧស្ម័ន និងប្រេងសកល ។
អ៊ីរ៉ង់និយាយនៅក្នុងសេចក្តីថ្លែងការណ៍ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍រដ្ឋថា ពួកគេនឹងបន្តធ្វើសង្រ្គាម និងបន្តបិទច្រកសសមុទ្រ Hormuz រក្សាការផ្អាកដោយប្រសិទ្ធិភាព ១ភាគ ៥នៃការផ្គង់ផ្គង់ឧស្ម័នធម្មជាតិ និងប្រេងឆៅសកល ។

អតិថិជនមួយរូបដែលឈរតម្រង់ជួរជាមួយអតិថិជនផ្សេងទៀត និយាយថា ពិធីបុណ្យរបស់ពួកយើងជិតមកដល់ហើយ ពិធីបុណ្យ Eid ជិតមកដល់ហើយ។ តើឲ្យពួកយើងគួរធ្វើអ្វីទៅ? បើសិនជាគ្មានហ្គាសចម្អិនអាហារទេនោះ ពួកយើងនឹងឃ្លាន ។
ឥណ្ឌាដែលជាសមាជិករបស់ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA)នោះ បានមើលឃើញការផ្គត់ផ្គង់ប្រេងឆៅ ហ្គាស(LPG) និងឧស្ម័នធម្មជាតិរាវ (LNG) ត្រូវបានអាក់ខានដោយសារវិបត្តិដឹកជញ្ជូនសកលបង្កឡើងដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ។
ឥណ្ឌានាំចូលប្រេងរបស់ខ្លួនប្រហែល ៤០ភាគរយពីតំបន់មជ្ឈិមបូព៌ា កាត់តាមច្រកសមុទ្រ Hormuz ។ ពួកគេគឺជាប្រទេសនាំចូលហ្គាស LPG ធំបំផុតលំដាប់ទី ២របស់ពិភពលោក ។
កាលពីថ្ងៃពុធម្សិលមិញ ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ បានស្នើសុំឲ្យអ្នកប្រើប្រាស់មិនត្រូវតក់ស្លត់នោះទេ ពីការផ្គត់ផ្គង់ហ្គាស ហើយត្រូវចេះសន្សំសំចៃថាមពល ស្របពេលឥណ្ឌាពិបាកឈានដល់តម្រូវការក្នុងស្រុក ។
រដ្ឋាភិបាលបានប្រើប្រាស់អំណាចបន្ទាន់ផងដែរ បញ្ជាឲ្យរោងចក្រចម្រាញ់ប្រេង ផលិតហ្គាស LPGក្នុងកម្រិតអតិបរមា ហើយនិងកាត់បន្ថយការលក់ដល់ឧស្សាហកម្ម ៕
