លោកប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងអមដំណើរនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ប្រសិនបើចាំបាច់ ដោយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News ដែលបានចាក់ផ្សាយនៅថ្ងៃសុក្រ (ទី១៣ ខែមីនា ឆ្នាំ២០២៦) នេះ លោកបានបន្ថែមថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់ «យ៉ាងខ្លាំងក្លា នៅសប្តាហ៍បន្ទាប់»។
នៅពេលត្រូវបានសួរអំពីការជួយនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រដឹកជញ្ជូនដ៏សំខាន់ លោក Trump បាននិយាយថា៖ «យើងនឹងធ្វើវា ប្រសិនបើចាំបាច់ត្រូវធ្វើ។ ប៉ុន្តែ អ្នកដឹងទេ សង្ឃឹមថា អ្វីៗនឹងដំណើរការទៅយ៉ាងល្អប្រសើរ។ យើងនឹងឃើញថា តើអ្វីនឹងកើតឡើង»។
ដោយមិនបានផ្តល់សេចក្ដីលម្អិតផ្សេងទៀត នៅក្នុងបទសម្ភាសន៍ជាមួយពិធីករលោក Brian Kilmeade របស់ប្រព័ន្ធផ្សព្វផ្សាយ Fox ដែលបានចាក់ផ្សាយមួយផ្នែក នៅលើកម្មវិធី «Fox & Friends» លោកបានបន្ថែមថា៖ «យើងនឹងវាយប្រហារពួកគេយ៉ាងខ្លាំងក្លា នៅសប្តាហ៍បន្ទាប់»។
ការអត្ថាធិប្បាយរបស់លោកបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ប្រឈមនឹងតម្លៃប្រេង និងឧស្ម័នហក់ឡើងខ្ពស់ ដោយសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានចូលដល់ថ្ងៃទី១៤ ហើយ ខណៈតម្លៃប្រេងនៅតែស្ថិតក្នុងរង្វង់ជិត ១០០ដុល្លារ ក្នុងមួយបារ៉ែល នាថ្ងៃសុក្រនេះ៕