នៅថ្ងៃសុក្រ (ទី១៣ ខែមីនា ឆ្នាំ២០២៦) នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានប្រាប់សន្និសីទសារព័ត៌មានថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានរងរបួស ហើយទំនងជាខូចកាយសម្បទា។
លោក Hegseth បានប្រាប់សន្និសីទសារព័ត៌មាននោះថា៖ «យើងដឹងថា មេដឹកនាំថ្មីដែលគេហៅមេដឹកនាំកំពូលនោះ បានរងរបួស ហើយទំនងជាខូចកាយសម្បទា»។
លោក Khamenei បានចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែនៅតែបង្ហាញខ្លួន ចាប់តាំងពីឡើងកាន់តំណែងបន្តពីឪពុករបស់លោក គឺលោក Ali Khamenei ដែលត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែកនៅពេលអាមេរិក-អ៊ីស្រាអែល ចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ មន្ត្រីអ៊ីរ៉ង់បានបញ្ជាក់ថា មេដឹកនាំថ្មីរូបនេះ បានរងរបួស ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ បានបន្ថែមថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារជាង ១៥.០០០គោលដៅ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមអ៊ីរ៉ង់ កាលពីចុងខែមុន។
លើសពីនោះទៀត អំឡុងពេលនិយាយនៅក្នុងសន្និសីទសារព័ត៌មាននោះ លោក Hegseth បាននិយាយថា ក្រុមហ៊ុនការពារជាតិទាំងអស់របស់អ៊ីរ៉ង់ នឹងត្រូវបំផ្លាញក្នុងពេលឆាប់ៗនេះ៕