ប្រព័ន្ធផ្សព្វផ្សាយអាមេរិកកាលពីថ្ងៃសុក្រ ទី១៣ ខែមីនា បានរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងបញ្ជូនកងម៉ារីន និងនាវាបន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ាក្នុងរយៈពេលពីរសប្តាហ៍នៃយុទ្ធនាការរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រឆាំងប្រទេសអ៊ីរ៉ង់។
កាសែត Wall Street Journal បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលនិយាយថា នាវា USS Tripoli មានមូលដ្ឋាននៅប្រទេសជប៉ុន និងកងម៉ារីន កំពុងធ្វើដំណើរទៅកាន់តំបន់នោះ ខណៈកាសែត The New York Times បានរាយការណ៍ថា កងម៉ារីនប្រហែល២.៥០០នាក់នៅលើនាវារហូតដល់បីគ្រឿង បានធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា។
ប្រព័ន្ធផ្សាព្វផ្សាយ CNN បាននិយាយថា វាគឺជាអង្គភាពបេសកកម្មកងម៉ារីន ដែលជាធម្មតារួមមានកងម៉ារីន និងនាវិកប្រហែល២.៥០០នាក់ កំពុងត្រូវបានដាក់ពង្រាយ។ កាសែត Journal បាននិយាយថា សំណើសុំកងម៉ារីនបន្ថែមត្រូវបានធ្វើឡើងដោយទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក ដែលទទួលខុសត្រូវចំពោះកងទ័ពសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា និងត្រូវបានអនុម័តដោយប្រមុខមន្ទីរបញ្ចកោណ លោក Pete Hegseth។
កាសែតបាននិយាយបន្ថែមថា មានកងម៉ារីននៅក្នុងតំបន់នោះរួចហើយដែលគាំទ្រប្រតិបត្តិការប្រឆាំងប្រទេសអ៊ីរ៉ង់។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការតាមអាកាសទ្រង់ទ្រាយធំប្រឆាំងប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ ហើយទីក្រុងតេអេរ៉ង់ បានឆ្លើយតបវិញដោយយានដ្រូននិងមីស៊ីល ព្រមទាំងការវាយប្រហារលើនាវានៅក្នុងច្រកសមុទ្រហ័រមូស(Hormuz) ដែលត្រូវបានប្រើប្រាស់សម្រាប់ពាណិជ្ជកម្មប្រេងឆៅមួយភាគប្រាំរបស់ពិភពលោក។

