អង្គការសហប្រជាជាតិ បានចាប់ផ្តើមការអំពាវនាវភ្លាមៗរកមូលនិធិចំនួន៣០៨លានដុល្លារអាមេរិកកាលពីថ្ងៃសុក្រ ទី១៣ ខែមីនា ដើម្បីជួយប្រទេសលីបង់ទប់ទល់នឹងផលវិបាកនៃសង្គ្រាមដែលបានបង្ខំឱ្យប្រជាជនជាង១ភាគ៧ របស់ខ្លួនភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយខណៈលោកបានប្រកាសពីយុទ្ធនាការពីទីក្រុងបេរូតថា «សាមគ្គីភាពជាពាក្យសម្ដី ត្រូវតែធ្វើឲ្យស៊ីគ្នាជាមួយនឹងសាមគ្គីភាពជាសកម្មភាព»។ អ៊ីស្រាអែល បានចាប់ផ្តើមការវាយលុកប្រឆាំងនឹងក្រុមហេសបូឡាកាលពីសប្តាហ៍មុន បន្ទាប់ពីក្រុមសកម្មប្រយុទ្ធលីបង់គាំទ្រដោយអ៊ីរ៉ង់មួយនេះ បានបើកការបាញ់ប្រហារលើពួកគេកាលពីថ្ងៃទី ២ ខែមីនា ដោយនិយាយថាខ្លួនកំពុងសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់។ ក្រុមហេសបូឡា បានបន្តការវាយប្រហារដោយរ៉ូក្កែត និងយានដ្រូនជារៀងរាល់ថ្ងៃ ខណៈអ៊ីស្រាអែលបានពង្រីកប្រតិបត្តិការតាមជើងគោក និងការវាយប្រហារតាមអាកាសរបស់ខ្លួន ដោយទម្លាក់គ្រាប់បែកលើរដ្ឋធានីកាលពីថ្ងៃព្រហស្បតិ៍ រួមជាមួយផ្នែកផ្សេងទៀតរបស់ប្រទេសកាលពីថ្ងៃសុក្រ។ មនុស្សជិត ៧០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ និងជាង ៨០០.០០០ នាក់ភៀសខ្លួនចេញដោយសារតែបទបញ្ជារបស់អ៊ីស្រាអែលឱ្យប្រជាជនចាកចេញពីតំបន់ធំៗរបស់ប្រទេសលីបង់។ ប៉ុន្តែអង្គការជំនួយនិយាយថា ការរឹតបន្តឹងផ្នែកមូលនិធិ បានបង្ខំពួកគេឱ្យបែងចែកការផ្គត់ផ្គង់រួចទៅហើយ ហើយការរួមចំណែកថ្មីយ៉ាងច្រើនគឺចាំបាច់។ លោក Carl Skau អនុប្រធានប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា «យើងកំពុងកំណត់គោលដៅតែលើអ្នកទាំងឡាយណាដែលពិតជាជិតឈានដល់ភាពអត់ឃ្លាន ឬស្ថិតក្នុងស្ថានភាពអត់ឃ្លាន»។ អង្គការមនុស្សធម៌និយាយថា វិបត្តិសកលបានរឹតត្បិតការឆ្លើយតបរបស់ពួកគេនៅក្នុងប្រទេសលីបង់ ជាប្រទេសមួយរងផលប៉ះពាល់យ៉ាងខ្លាំងរួចទៅហើយដោយការដួលរលំសេដ្ឋកិច្ចឆ្នាំ២០១៩ ការផ្ទុះនៅកំពង់ផែបេរូតឆ្នាំ២០២០ និងសង្គ្រាមឆ្នាំ២០២៤រវាងក្រុមហេសបូឡានិងអ៊ីស្រាអែល។