ស្ថានទូតអាមេរិកនៅទីក្រុងបាកដាដនៃប្រទេសអ៊ីរ៉ាក់ ត្រូវបានវាយប្រហារនៅថ្ងៃសៅរ៍ (១៤ កុម្ភៈ)នេះ បន្ទាប់ពីការវាយប្រហារដែលបានសម្លាប់សមាជិកពីរនាក់នៃក្រុមដ៏មានឥទ្ធិពលដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងរដ្ឋធានីនេះ។ នេះបើយោងតាមប្រភពសន្តិសុខ។
ប្រទេសអ៊ីរ៉ាក់ ដែលជាសមរភូមិតំណាងជាយូរមកហើយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានអូសទាញចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាយ៉ាងឆាប់រហ័ស ដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។
អ្នកកាសែត AFP ម្នាក់ បាននិយាយថា ផ្សែងខ្មៅខ្មួលខ្មាញ់ បានហុយឡើងពីលើស្ថានទូតអាមេរិកភ្លាមៗ បន្ទាប់ពីសំឡេងផ្ទុះ នៅព្រឹកថ្ងៃសៅរ៍នេះ។
មន្ត្រីសន្តិសុខពីរនាក់ បានប្រាប់សារព័ត៌មាន AFP ថា អគារស្ថានទូត ត្រូវបានវាយប្រហារ ទោះបីជាមូលហេតុពិតប្រាកដ មិនទាន់បានដឹងច្បាស់ក៏ដោយ។ ប្រភពសន្តិសុខម្នាក់ បាននិយាយថា យានដ្រូនមួយគ្រឿង បានវាយប្រហារស្ថានទូត ខណៈពេលដែលម្នាក់ទៀត បាននិយាយថា គ្រាប់ផ្លោងមួយគ្រាប់ ដែលគេជឿថា ជាគ្រាប់រ៉ូកែត បានធ្លាក់លើអគារការទូតនោះ៕