រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein កាលពីថ្ងៃសុក្រ បានព្រមានថា ការអូសទាញប្រទេសនេះ ចូលទៅក្នុងសង្គ្រាមដែលកំពុងបន្ត អាចពង្រីកជម្លោះក្នុងតំបន់ ខណៈពេលដែលព្រមានថា ការរំខានណាមួយចំពោះលំហូរប្រេង តាមរយៈច្រកសមុទ្រ Hormuz អាចបង្កឲ្យមាន «វិបត្តិថាមពលដ៏ធ្ងន់ធ្ងរ»។
នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីតាលីរបស់ខ្លួន គឺលោក Antonio Tajani រដ្ឋមន្ត្រីអ៊ីរ៉ាក់ក៏បានថ្កោលទោសចំពោះការប៉ុនប៉ងវាយប្រហារលើអង្គភាពយោធាអ៊ីតាលីមួយ នៅក្នុងតំបន់ឃើដឌីស្តង់ ភាគខាងជើងប្រទេសនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ាក់។
សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា លោក Tajani បានបញ្ជាក់ពីសាមគ្គីភាពរបស់ប្រទេសអ៊ីតាលីជាមួយអ៊ីរ៉ាក់ ក្នុងការប្រឈមមុខនឹងការវាយប្រហារដែលកំណត់គោលដៅលើសន្តិសុខ និងស្ថិរភាពរបស់ខ្លួន។
ទាហានបារាំងម្នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារមួយនៅខេត្ត Erbil ដែលប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) បានបញ្ជាក់កាលពីថ្ងៃសុក្រ ដោយអះអាងថាទាហានរូបនេះ «បានស្លាប់ ដើម្បីបារាំង» និងមនុស្សជាច្រើននាក់ទៀត បានរងរបួស៕