បាល់ទាត់៖ ក្រុមយុវជន ១៧ក្រុមបានចូលរួមប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់យុវជនស្រុកល្វាឯមប្រចាំឆ្នាំ២០២២ ដែលបានបើកការប្រកួតកាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីចម្រាញ់កីឡាករឆ្នើមៗត្រៀមចូលរួមការប្រកួតពានផ្សេងៗ ពិសេសពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលគ្រោងប្រកួតនាពេលឆាប់ៗខាងមុខ។
លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯមបានបញ្ជាក់ថា ក្រុមបាល់ទាត់ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះគឺជាក្រុមតំណាងឃុំទាំង ១៧ នៃស្រុកល្វាឯម។ គោលបំណងនៃរៀបចំនេះដើម្បីបង្កើនស្មារតីសាមគ្គីភាព មិត្តភាពដល់យុវជន និងបំផុសយុវជនចូលរួមលេងកីឡា ពិសេសជ្រើសរើសកីឡាករល្អៗសម្រាប់ប្រមូលផ្ដុំត្រៀមចូលរួមពានរង្វាន់ថ្នាក់ដឹកនាំ និងពានរង្វាន់ថ្នាក់ខេត្តផ្សេងៗ។ ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយស្រុកល្វាឯម ទទួលបន្ទុកចលនាយុវជនមានប្រសាសន៍ថា ការប្រកួតបាល់ទាត់នេះអាចដំណើរការទៅបានដោយសារប្រទេសមានសន្តិភាព ដែលជំរុញឲ្យយុវជនបានចូលរួមគ្រប់សកម្មភាពក្នុងសង្គម ពិសេសវិស័យបាល់ទាត់។ តាមរយៈនេះ ឯកឧត្តមបានស្នើឲ្យក្រុមចូលរួមទាំងអស់លេងប្រកបដោយស្មារតី Fair-Play ទោះបីឈ្នះ ឬចាញ់ក៏ដោយ។
ទន្ទឹមជាមួយគ្នាឯកឧត្តមក៏បានជំរុញឲ្យក្រុមយុវជន និងប្រជាពលរដ្ឋគ្រប់ភូមិឃុំចូលរួមលេងកីឡាដើម្បីសុខភាព ហើយក៏ស្របតាមយុទ្ធនាការជាតិថ្នាក់ជាតិដែលប្រកាសដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺប្រជាជនម្នាក់ លេងកីឡាមួយប្រភេទ ដើម្បីគាំទ្រយុទ្ធនាការដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕
អត្ថបទ៖ លី ឈុនឡា