រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសៅរ៍ (ទី ១៤ ខែមីនា)នេះថា ជប៉ុននឹងធ្វើការរួមគ្នាជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដើម្បីប្រមូល និងវិភាគព័ត៌មាន បន្ទាប់ពីកូរ៉េខាងជើង បានបាញ់អ្វីដែលគេជឿថា ជាមីស៊ីលបាលីស្ទីក។
យោធាកូរ៉េខាងត្បូង បានប្រកាសថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីក។
លោក Koizumi បាននិយាយថា មីស៊ីលទាំងនោះ បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន ហើយមិនមានការខូចខាតណាមួយ ត្រូវបានរាយការណ៍នោះទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងកាលពីថ្ងៃសុក្រ (ទី ១៣ ខែមីនា) បានចោទប្រកាន់ជប៉ុនពីបទបង្កើនហានិភ័យសន្តិសុខក្នុងតំបន់ ដោយពន្លឿនការដាក់ពង្រាយ និងការអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ ដោយនិយាយថា ការកសាងយោធារបស់ទីក្រុងតូក្យូ គឺស្មើនឹងការរៀបចំសម្រាប់ការវាយប្រហារនាពេល អនាគត៕