នគរបាលបាននិយាយនៅថ្ងៃសៅរ៍នេះថា ការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់រុស្ស៊ី នៅជិតរដ្ឋធានីអ៊ុយក្រែន បានសម្លាប់មនុស្ស ៤នាក់ និង ១០នាក់រងរបួស។
នគរបាលអ៊ុយក្រែន បានបង្ហោះនៅលើបណ្តាញ Telegram ថា៖«កងកម្លាំងរុស្ស៊ីនៅតែបន្តវាយប្រហារលើតំបន់គីវ»។
ការបង្ហោះនោះ បានបន្ថែមថា៖«រហូតមកទល់ពេលនេះ មនុស្ស ៤នាក់ ត្រូវបានគេដឹងថា ត្រូវបានសម្លាប់ និង ១០នាក់ រងរបួស»។
នៅក្នុងការបង្ហោះនាពេលមុននេះ លោក Mykola Kalashnyk ប្រធានរដ្ឋបាលយោធាតំបន់គីវ បាននិយាយថា៖«ការវាយប្រហារទ្រង់ទ្រាយធំ» ដោយដ្រូន និងមីស៊ីល បានបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស នៅក្នុងតំបន់ជិតរដ្ឋធានីនេះ ពេញមួយយប់។
ការចរចាសន្តិភាពដែលដឹកនាំដោយសហរដ្ឋអាមេរិកដែលមានគោលបំណងបញ្ឈប់ការប្រយុទ្ធគ្នាជាង ៤ ឆ្នាំនេះ ត្រូវបានរារាំងដោយសង្គ្រាមរបស់អាមេរិកនិងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់៕