កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានគំរាមកម្ទេចហេដ្ឋារចនាសម្ព័ន្ធប្រេងដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) បាននិយាយថា សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកលើកោះ Kharg ដែលជាមជ្ឈមណ្ឌលប្រេងរបស់អ៊ីរ៉ង់។
ទីស្នាក់ការកណ្តាល Al-Anbiya របស់យោធានេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ថា ហេដ្ឋារចនាសម្ព័ន្ធប្រេង និងថាមពលដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែលសហការជាមួយសហរដ្ឋអាមេរិកនឹង «ត្រូវបានបំផ្លាញភ្លាមៗ ហើយប្រែក្លាយទៅជាគំនរផេះផង់» ប្រសិនបើរោងចក្រថាមពលរបស់អ៊ីរ៉ង់ ត្រូវបានវាយប្រហារនោះ។
ដោយរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Fars និង Tasnim របស់អ៊ីរ៉ង់ ការប្រកាសនេះ គឺជា «ការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍» ដែលធ្វើឡើងដោយលោកប្រធានាធិបតីអាមេរិក ដែលបាននិយាយនាពេលមុននេះ នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការវាយប្រហារបាន «បំផ្លាញ» គោលដៅយោធា នៅលើកោះ Kharg។
លោក ត្រាំ ក៏បានគំរាមកម្ទេចហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់កោះនេះផងដែរ ប្រសិនបើទីក្រុងតេអេរ៉ង់មិនអនុញ្ញាតឲ្យនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ជាយុទ្ធសាស្ត្រ ដែលតាមរយៈច្រកនេះ ប្រេងឆៅ និងឧស្ម័នធម្មជាតិរាវមួយភាគប្រាំរបស់ពិភពលោក ជាធម្មតាឆ្លងកាត់៕