អគ្គសេនាធិការចម្រុះ (JCS)នៃកងទ័ពរបស់ទីក្រុងសេអ៊ូល បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកមិនស្គាល់អត្តសញ្ញាណប្រហែល ១០គ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុន នៅថ្ងៃសៅរ៍នេះ ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាង បានព្រមានអំពី «ផលវិបាកដ៏គួរឲ្យភ័យខ្លាច» ជុំវិញសមយុទ្ធយោធាកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក។
នាពេលថ្មីៗនេះ ទីក្រុងព្យុងយ៉ាងបានបំផ្លាញក្តីសង្ឃឹមនៃការផ្សះផ្សាការទូតជាមួយកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តសន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោន ដោយពណ៌នាអំពីកិច្ចខិតខំប្រឹងប្រែងសន្តិភាពចុងក្រោយរបស់ខ្លួនថា ជា «រឿងមិនសមរម្យ និងខ្វះភាពត្រឹមត្រូវ »។
អគ្គសេនាធិការចម្រុះនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធារបស់ទីក្រុងសេអ៊ូល បាន ឃើញ «មីស៊ីលបាលីស្ទីកមិនស្គាល់អត្តសញ្ញាណប្រហែល ១០គ្រាប់ដែលបានបាញ់ចេញពីតំបន់ Sunan ក្នុងប្រទេសកូរ៉េខាងជើងឆ្ពោះទៅសមុទ្រខាងកើត នៅម៉ោងប្រហែល ១:២០ រសៀល (ម៉ោង ០៤:២០ ម៉ោងសកល)»។
ក្រសួងការពារជាតិជប៉ុន ក៏បានបញ្ជាក់ពីការបាញ់មីស៊ីលទាំងនោះផងដែរ ដោយនិយាយនៅលើគណនី X ផ្លូវការរបស់ខ្លួនថា៖«អ្វីដែលអាចជាមីស៊ីលបាលីស្ទីក ត្រូវបានបាញ់ចេញពីកូរ៉េខាងជើង»៕