ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមវាយប្រហារបន្ថែមទៀតលើមជ្ឈមណ្ឌលនាំចេញប្រេងកោះ Kharg របស់អ៊ីរ៉ង់ និងបានជំរុញសម្ព័ន្ធមិត្តឱ្យបញ្ជូននាវាចម្បាំងដើម្បីធានាសុវត្ថិភាពច្រកសមុទ្រ Hormuz ខណៈទីក្រុងតេអេរ៉ង់បានប្ដេជ្ញាថានឹងបង្កើនការឆ្លើយតបរបស់ខ្លួន ហើយសង្គ្រាមនេះពុំបានបង្ហាញសញ្ញាណាមួយនៃការឈានដល់ទីបញ្ចប់នោះទេគិតមកដល់ថ្ងៃអាទិត្យនេះ។
លោក Trump បាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកបាន "បំផ្លាញទាំងស្រុង" ភាគច្រើននៃកោះ Kharg ហើយបានព្រមានថា ការវាយប្រហារបន្ថែមទៀតអាចនឹងកើតឡើង ដោយប្រាប់ ទូរទស្សន៍ NBC News ថា ពួកលោកអាចវាយប្រហារកោះនោះពីរបីដងទៀតជាការសប្បាយ។ ខណៈលោកបាននិយាយថា ទីក្រុងតេអេរ៉ង់ហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ លោកបានបន្ថែមថាលក្ខខណ្ឌមិនទាន់ល្អគ្រប់គ្រាន់នៅឡើយទេ។
ការអត្ថាធិប្បាយទាំងនេះបាននាំឲ្យមានការកើនឡើងនៃវោហារសាស្ត្រពីប្រធានាធិបតី ដែលកន្លងមកបាននិយាយថា សហរដ្ឋអាមេរិកកំណត់គោលដៅតែទីតាំងយោធានៅលើកោះ Kharg ប៉ុណ្ណោះ។ ការវាយប្រហារទាំងនោះក៏បានធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតផងដែរ ដោយប្រភពបីដែលបានដឹងស្ថានភាពនេះបានប្រាប់សារព័ត៌មានរ៉យទ័រថា រដ្ឋបាលរបស់លោក Trump បានបដិសេធកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ារួចហើយ ដើម្បីចាប់ផ្តើមការចរចាដែលមានគោលបំណងបញ្ចប់សង្គ្រាម។
សមត្ថភាពរបស់ទីក្រុងតេអេរ៉ង់ក្នុងការបញ្ឈប់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដែលជាច្រកសំខាន់សម្រាប់ដឹកជញ្ជូនប្រេង និងឧស្ម័ន បង្កបញ្ហាលំបាកមួយសម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ តម្លៃថាមពលកំពុងកើនឡើងខ្ពស់ ខណៈសង្គ្រាមនេះបណ្តាលឱ្យមានការរំខានដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងការផ្គត់ផ្គង់ប្រេងសកល៕