ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ ថា លោកមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីធ្វើកិច្ចព្រមព្រៀងបញ្ចប់យុទ្ធនាការយោធាប្រឆាំងអ៊ីរ៉ង់នៅឡើយទេ ព្រោះលក្ខខណ្ឌមិនទាន់ល្អគ្រប់គ្រាន់។
លោកបាននិយាយអំពីការបញ្ចប់សង្គ្រាមប្រឆាំងអ៊ីរ៉ង់ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News ថា អ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀង តែលោកមិនចង់ទេ ព្រោះលក្ខខណ្ឌមិនទាន់ល្អគ្រប់គ្រាន់នៅឡើយទេ ដោយបន្ថែមថាលក្ខខណ្ឌណាមួយនឹងត្រូវតែរឹងមាំខ្លាំង។
លោក Trump ទោះបីជាបដិសេធមិនប្រាប់ពីលក្ខខណ្ឌរបស់លោកក៏ដោយ ក៏លោកបាននិយាយថា ការប្តេជ្ញាចិត្តពីអ៊ីរ៉ង់ក្នុងការបោះបង់ចោលមហិច្ឆតានុយក្លេអ៊ែរទាំងស្រុងនឹងជាផ្នែកមួយនៃលក្ខខណ្ឌទាំងនោះសម្រាប់បទឈប់បាញ់។
លោកនិយាយថា ការវាយប្រហាររួមគ្នាជាមួយអ៊ីស្រាអែលចាប់តាំងពីថ្ងៃទី២៨ខែកុម្ភៈមកបានធ្វើឱ្យសមត្ថភាពយោធារបស់អ៊ីរ៉ង់ចុះខ្សោយយ៉ាងខ្លាំង ដោយកត់សម្គាល់ថា យោធាអាមេរិកបានបំផ្លាញមីស៊ីល យានដ្រូន និងរោងចក្រផលិតពាក់ព័ន្ធភាគច្រើនរបស់អ៊ីរ៉ង់ ហើយសមត្ថភាពពាក់ព័ន្ធទាំងនោះនឹងត្រូវបំផ្លាញទាំងស្រុងក្នុងរយៈពេលពីរថ្ងៃ។
ខណៈជម្លោះរវាងអាមេរិក -អ៊ីស្រាអែល និងអ៊ីរ៉ង់បានចូលដល់ថ្ងៃទី ១៦នៅថ្ងៃអាទិត្យនេះ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់លោក Mohsen Rezaei បានគូសបញ្ជាក់ពីលក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់សម្រាប់ការបញ្ចប់ជម្លោះ ដោយទាមទារសំណងពេញលេញសម្រាប់ការខូចខាត និងការដកទ័ពអាមេរិកចេញពីឈូងសមុទ្រទាំងស្រុង។ចាប់តាំងពីអ៊ីស្រាអែល និងអាមេរិកបានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងអ៊ីរ៉ង់កាលពីពីរសប្តាហ៍មុន យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាង៧.៦០០ លើកលើទឹកដីអ៊ីរ៉ង់៕