តំណាងរាស្ត្រអ៊ីរ៉ង់មួយរូប បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែនបានក្លាយជាគោលដៅសម្រាប់អ៊ីរ៉ង់ហើយដោយសារតែការជាប់ពាក់ព័ន្ធរបស់ខ្លួននៅក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះ។
លោក Ebrahim Azizi ប្រធានគណៈកម្មាធិការសភាអ៊ីរ៉ង់ស្តីពីសន្តិសុខជាតិ និងគោលនយោបាយការបរទេស បានប្រកាសថា អ៊ុយក្រែនបានក្លាយជា "គោលដៅស្របច្បាប់" របស់អ៊ីរ៉ង់ដោយសារតែការគាំទ្ររបស់ខ្លួនចំពោះអ៊ីស្រាអែល។
នៅក្នុងសារបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ លោក Azizi បានប្រកាសថា ដោយផ្តល់ការគាំទ្រយានដ្រូនដល់របបអ៊ីស្រាអែល អ៊ុយក្រែនបានប្រែក្លាយទឹកដីទាំងមូលរបស់ខ្លួនទៅជាគោលដៅស្របច្បាប់សម្រាប់អ៊ីរ៉ង់។
ជាការឆ្លើយតប ក្រសួងការបរទេសអ៊ុយក្រែនបានហៅការគំរាមកំហែងនេះថា មិនសមហេតុផលនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយជាច្រើនដងមកហើយថា អ៊ុយក្រែនមានឆន្ទៈជួយប្រទេសពាក់ព័ន្ធក្នុងការស្ទាក់ចាប់យានដ្រូនរបស់អ៊ីរ៉ង់។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះបាននិយាយថា អ៊ុយក្រែនបានបញ្ជូនក្រុមអ្នកជំនាញប្រឆាំងយានដ្រូនទៅកាន់មជ្ឈិមបូព៌ាដើម្បីចាប់ផ្តើមប្រតិបត្តិការក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ៕