តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងកាលពីល្ងាចថ្ងៃអាទិត្យ១៥មីនា ខណៈរដ្ឋបាលលោក Trump កំពុងថ្លឹងថ្លែងការវាយប្រហារដោយយោធាលើមជ្ឈមណ្ឌលនាំចេញប្រេងសំខាន់ៗរបស់អ៊ីរ៉ង់ ដែលជាសមាជិក OPEC នៅលើកោះ Kharg។

ប្រេងឆៅរបស់អាមេរិកបានកើនឡើងដល់ជាង ១០០ ដុល្លារក្នុងមួយបារ៉ែល មុនពេលចុះមកនៅត្រឹមប្រហែល ៩៨,៩ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង១០:២៨នាទីយប់ថ្ងៃអាទិត្យ។តម្លៃប្រេងឆៅ Brent ដែលជាបទដ្ឋានអន្តរជាតិ បានកើនឡើង១,២% នៅត្រឹម ១០៤,២ ដុល្លារក្នុងមួយបារ៉ែល។

លោកប្រធានាធិបតី Donald Trump បានបញ្ជាឱ្យវាយប្រហារកាលពីថ្ងៃសុក្រប្រឆាំងនឹងទ្រព្យសម្បត្តិយោធាអ៊ីរ៉ង់នៅលើកោះ Kharg។ លោក Trump បាននិយាយថា ការវាយប្រហារទាំងនោះពុំបានធ្វើឱ្យផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធប្រេងទេ ប៉ុន្តែលោកបានព្រមានថា អាមេរិកនឹងពិចារណាវាយប្រហាររោងចក្រប្រេងឆៅនៅលើកោះនេះជាថ្មីទៀត ប្រសិនបើអ៊ីរ៉ង់បន្តវាយប្រហារនាវាដឹកប្រេងនៅក្នុងច្រកសមុទ្រ Hormuz ដ៏សំខាន់។

មន្ត្រីសហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មាន The Wall Street Journal ថា សេតវិមានមានគម្រោងប្រកាសឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅសប្តាហ៍នេះថា ប្រទេសជាច្រើនបានយល់ព្រមជួយអមដំណើរនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ។ ប៉ុន្តែពួកគេនៅតែកំពុងពិភាក្សាគ្នាថាតើប្រតិបត្តិការបែបនេះនឹងចាប់ផ្តើមមុន ឬក្រោយសង្គ្រាមបញ្ចប់ឬយ៉ាងណា ។
លោក Mike Waltz ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ជាថ្មីអំពីការគំរាមកំហែងរបស់លោក Trump ក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងនៅលើកោះនេះ។ យោងតាមក្រុមហ៊ុន JPMorgan ប្រហែល៩០% នៃការនាំចេញប្រេងរបស់អ៊ីរ៉ង់ត្រូវបានដឹកជញ្ជូនពីទីនោះ។ យោងតាមទិន្នន័យរបស់ OPEC អ៊ីរ៉ង់បានផលិតប្រេងប្រហែល៣,២ លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែកុម្ភៈកន្លងទៅថ្មីៗនេះ៕