ផ្សែងហុយចេញពីគំនរបាក់បែកនៅមជ្ឈមណ្ឌលថែទាំសុខភាពបឋមមួយកន្លែងនៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ ទី ១៥ ខែមីនា រយៈពេលពីរថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសកំណត់គោលដៅដែលបានសម្លាប់បុគ្គលិកពេទ្យសង្គ្រោះបឋម ១២ នាក់ និងបានបំផ្លាញអគារមជ្ឈមណ្ឌល។

ប្រមុខអង្គការសុខភាពពិភពលោក បាននិយាយថា ស្ថាប័នបានផ្ទៀងផ្ទាត់ថា វេជ្ជបណ្ឌិត គ្រូពេទ្យសង្គ្រោះបឋម និងគិលានុបដ្ឋាក ១២ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលីបង់ លោក Rakan Nasseredine បានថ្កោលទោសកាលពីថ្ងៃអាទិត្យ ចំពោះការកំណត់គោលដៅលើក្រុមថែទាំសុខភាព ដោយនិយាយថា វាមិនអាចទទួលយកបានទាំងស្រុង និងមិនសមហេតុផលទាល់តែសោះ។

អ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងរាលដាលប្រឆាំងក្រុមប្រដាប់អាវុធនៅលីបង់ដ៏មានឥទ្ធិពល គឺក្រុមហេសបូឡា ដែលបានសម្លាប់មនុស្សជាង ៧៧០ នាក់ និងធ្វើឱ្យមនុស្សរាប់រយពាន់នាក់ទៀតត្រូវភៀសខ្លួនចេញ ខណៈក្រុមហេសបូឡា បានបាញ់រ៉ុក្កែតរាប់រយគ្រាប់ឆ្លងកាត់ព្រំដែន។
ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ចាប់តាំងពីថ្ងៃទី ២ ខែមីនា បានកើនឡើងដល់ ៨៥០ នាក់។ អង្គការសុខភាពពិភពលោក បាននិយាយថា យ៉ាងហោចណាស់ ៩៨ នាក់ក្នុងចំណោមអ្នកស្លាប់ទាំងនោះ គឺជាកុមារ។