កាលពីថ្ងៃអាទិត្យ (១៥ មីនា) ក្រុមមន្ត្រីអាមេរិក បានឆ្លើយតបនឹងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ចជុំវិញបញ្ហាតម្លៃប្រេងឡើងខ្ពស់ ដោយព្យាករថា សង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ នឹងបញ្ចប់ក្នុងប៉ុន្មានសប្តាហ៍ទៀត ហើយតម្លៃថាមពលនឹងធ្លាក់ចុះមកវិញ បើទោះបីជាមានការអះអាងពីអ៊ីរ៉ង់ថា ខ្លួននៅតែ «មានស្ថិរភាព និងរឹងមាំ» ព្រមទាំងត្រៀមខ្លួនរួចជាស្រេចដើម្បីការពារខ្លួនក៏ដោយ។

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមវាយប្រហារបន្ថែមទៀតលើកោះ Kharg ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ កាលពីចុងសប្តាហ៍មុន ហើយបាននិយាយថា អ៊ីរ៉ង់ចង់ចរចា ប៉ុន្តែលោកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការសម្រេចកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាម ដែលបានបិទច្រកសមុទ្រហ័រមូសដ៏សំខាន់ និងបានអង្រួនទីផ្សារថាមពលសកលនោះទេ។

ស្របពេលដែលតម្លៃប្រេងឆៅកំពុងស្ថិតក្នុងរង្វង់ ១០០ ដុល្លារក្នុងមួយបារ៉ែល ក្រុមមន្ត្រីរដ្ឋបាលលោក ត្រាំ បានទទូចថា សញ្ញាទាំងអស់បង្ហាញពីការបញ្ចប់ជម្លោះក្នុងពេលឆាប់ៗ។ រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក លោក Chris Wright បានប្រាប់កម្មវិធីមួយរបស់ទូរទស្សន៍ ABC ថា៖ «ជម្លោះនេះពិតជានឹងឈានដល់ទីបញ្ចប់ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ ឬអាចឆាប់ជាងនេះទៅទៀត... ហើយគ្រប់គ្នានឹងមើលឃើញការងើបឡើងវិញនៃការផ្គត់ផ្គង់ និងការធ្លាក់ចុះនៃតម្លៃ បន្ទាប់ពីនោះ»។

យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានច្រានចោលការអះអាងអំពីការចរចា ដោយលើកឡើងថា៖ «អ៊ីរ៉ង់មិនដែលស្នើសុំបទឈប់បាញ់ ហើយក៏មិនដែលស្នើសុំអ្វីឡើយសូម្បីតែការចរចា»។ លោក Araqchi បានប្រាប់កម្មវិធីមួយរបស់ទូរទស្សន៍ CBS ថា៖ «អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចដើម្បីការពារខ្លួន ទោះបីជាត្រូវចំណាយពេលយូរប៉ុនណាក៏ដោយ»៕