ការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ បានធ្វើឲ្យមានការខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើង នៅក្នុងរដ្ឋបាលអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Mehr។

យោងតាមទីភ្នាក់ងារនេះ មិនមានការឯកភាពគ្នាលើគោលបំណង ទំហំ និងផលវិបាកនៃប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ នៅក្នុងសេតវិមាននោះទេ។ សារព័ត៌មាន Mehr បានបញ្ជាក់ថា៖«ការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើអ៊ីរ៉ង់ មិនត្រឹមតែធ្វើឲ្យស្ថានការណ៍នៅមជ្ឈិមបូព៌ាស្មុកស្មញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការបែកបាក់ នៅក្នុងក្រុមឥស្សរជនកាន់អំណាច នៅទីក្រុងវ៉ាស៊ីនតោនផងដែរ»។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ សេតវិមានបានបង្ហាញភាពត្រឹមត្រូវនូវការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ កងឆ្មាំបដិវត្តន៍ឥស្លាម បានប្រកាសពីប្រតិបត្តិការសងសឹក ដោយកំណត់គោលដៅលើទីតាំងនានា នៅក្នុងប្រទេសអ៊ីស្រាអែល។ មូលដ្ឋានយោធាអាមេរិកនៅបារ៉ែន ហ្ស៊កដានី គូវ៉ែត កាតា អារ៉ាប៊ីសាអ៊ូឌីត និង អេមីរ៉ាតអារ៉ាប់រួម ក៏ត្រូវបានវាយប្រហារផងដែរ។ មេដឹកនាំកំពូល លោក Ayatollah Ali Khamenei និងមេដឹកនាំសំខាន់ៗអ៊ីរ៉ង់មួយចំនួនទៀត ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕