ជប៉ុន អង់គ្លេស និងអូស្ត្រាលី បាននិយាយថា ពួកគេមិនមានគម្រោងបញ្ជូននាវាទៅជួយធានាសុវត្ថិភាពច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកដ៏សំខាន់ដែលអ៊ីរ៉ង់ភាគច្រើនបានរារាំងចរាចរណ៍កនាវាដឹកប្រេងនោះទេ ខណៈដែលលោក Donald Trump បង្កើនសម្ពាធលើសម្ព័ន្ធមិត្តឲ្យផ្តល់ការគាំទ្រ។

ការបិទច្រកសមុទ្រហ័រមូសដោយទីក្រុងតេអេរ៉ង់ ដើម្បីសងសឹកចំពោះការវាយប្រហារតាមអាកាសដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបង្ហាញឲ្យឃើញពីគ្រោះមហន្តរាយសម្រាប់លំហូរថាមពល និងពាណិជ្ជកម្មសកល ដែលបណ្តាលឲ្យមានការរំខានដល់ការផ្គត់ផ្គង់ប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ និងការកើនឡើងនៃតម្លៃប្រេងសកល។

លោក Trump កាលពីថ្ងៃអាទិត្យ បាននិយាយថា រដ្ឋបាលរបស់លោកបានទាក់ទងប្រទេសចំនួន ៧ រួចហើយសម្រាប់ការគាំទ្រ ប៉ុន្តែបានបដិសេធមិនកំណត់អត្តសញ្ញាណពួកគេ។ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនាពេមុននេះ លោកបាននិយាយថា លោកសង្ឃឹមថា ប្រទេសចិន បារាំង ជប៉ុន កូរ៉េខាងត្បូង អង់គ្លេស និងប្រទេសដទៃទៀតនឹងចូលរួម។
ថ្លែងនៅក្នុងសភា លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi បាននិយាយថា ប្រទេសជប៉ុនមិនមានគម្រោងបញ្ជូននាវាចម្បាំងទៅអមដំណើរនាវានៅមជ្ឈិមបូព៌ា នាពេលបច្ចុប្បន្ននេះទេ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer កំពុងបដិសេធមិនបញ្ជូននាវាចម្បាំង ដើម្បីជួយបើកច្រក សមុទ្រហ័រមូសឡើងវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានអំពាវនាវឲ្យមានការពង្រឹងកម្លាំង។ នេះបើយោងតាមសំណេររបស់កាសែត The Daily Telegraph៕