អាជ្ញាធរប៉ាឡេស្ទីន បានចេញការព្រមានអំពីការបិទវិហារ Al-Aqsa ដោយអ៊ីស្រាអែល នៅភាគខាងកើតក្រុងហ្ស៊េរុយសាឡឹម ដែលបានចូលដល់ថ្ងៃទី ១៦ហើយ កាលពីថ្ងៃអាទិត្យ។

ខេត្តហ្ស៊េរុយសាឡឹម បានព្រមានថា ការរារាំងអ្នកគោរពបូជាមិនឲ្យចូលទៅកាន់វិហារនេះ ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខដែលទាក់ទងនឹងជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ គឺជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីជំរុញគោលដៅមនោគមវិជ្ជារបស់អ្នកតាំងលំនៅ ដើម្បីផ្លាស់ប្តូរឋានៈសាសនា ប្រវត្តិសាស្ត្រ និងផ្លូវច្បាប់របស់វិហារនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន WAFA បានឲ្យដឹងថា នេះគឺជារយៈពេលវែងបំផុតដែលទីតាំងនេះនៅតែបិទ ចាប់តាំងពីការកាន់កាប់របស់អ៊ីស្រាអែលលើទីក្រុងនេះ ក្នុងខែមិថុនា ឆ្នាំ ១៩៦៧។ វាក៏ជាលើកដំបូងផងដែរដែលអ្នកគោរពបូជាប៉ាឡេស្ទីន ត្រូវបានហាមឃាត់មិនឲ្យធ្វើការអធិស្ឋាននៅក្នុងវិហារ Al-Aqsa អំឡុងពេលថ្ងៃចុងក្រោយនៃបុណ្យរ៉ាម៉ាឌន ដែលបញ្ចប់នៅសប្តាហ៍នេះ។
ប្រទេសអារ៉ាប់ និងឥស្លាមជាច្រើន រួមទាំងអារ៉ាប៊ីសាអ៊ូឌីត និងហ្ស៊កដានី កាលពីសប្តាហ៍មុន បានថ្កោលទោសចំពោះវិធានការរបស់អ៊ីស្រាអែលក្នុងការបិទទ្វារវិហារ Al-Aqsa ។ ទីតាំងនេះ ត្រូវបានគ្រប់គ្រងដោយក្រសួង Awqaf របស់ហ្ស៊កដានី ដែលមានអំណាចផ្លូវច្បាប់ក្នុងការគ្រប់គ្រងនិងការចូលប្រើប្រាស់៕