រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បានប្រាប់សារព័ត៌មាន AP ក្នុងបទសម្ភាសន៍មួយថា អ៊ី ស្រាអែល នឹងតែងតែស្វែងរកសត្រូវមួយផ្សេងទៀត ដរាបណាលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅបន្តកាន់អំណាច។

លោកបានថ្លែងថា៖«ដរាបណាលោក ណេតាន់យ៉ាហ៊ូ នៅកាន់តំណែង អ៊ីស្រាអែលនឹងតែងតែកំណត់អត្តសញ្ញាណនរណាម្នាក់ ជាសត្រូវ»។ “ពីព្រោះពួកគេត្រូវការវា ដើម្បីជំរុញរបៀបវារៈផ្ទាល់ខ្លួនរបស់ពួកគេ។ ប្រសិនបើមិនមែនទួរគីទេ ពួកគេនឹងដាក់ឈ្មោះប្រទេសផ្សេងទៀត នៅក្នុងតំបន់»។

លោក Fidan ក៏បានរិះគន់នយោបាយរបស់រដ្ឋជ្វីហ្វលើប្រទេសស៊ីរី រួមទាំងការវាយប្រហាររបស់ខ្លួនលើមូលដ្ឋានយោធា និងការសម្រេចចិត្តដណ្តើមយកដីមួយផ្នែកធំ នៅភាគខាងត្បូងប្រទេសស៊ីរី។
លោក Fidan បាននិយាយថា៖«ពួកគេមិនកំពុងស្វែងរកសន្តិសុខទេ ពួកគេកំពុងស្វែងរកការពង្រីកទឹកដីបន្ថែមទៀត»។ «ដូច្នេះ ដរាបណាពួកគេ មិនបោះបង់ចោលគំនិតនេះទេ នឹងមានសង្គ្រាមនៅមជ្ឈិមបូព៌ាជានិច្ច»៕