រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយថា ប្រទេសលោកមិនស្នើសុំបទឈប់បាញ់ ឬការចរចាជាមួយសហរដ្ឋអាមេរិកទេ ដោយបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ត្រៀមការពារខ្លួន ប្រឆាំងនឹងអ្វីដែលលោកបានពិពណ៌នាថាជា «សង្គ្រាមខុសច្បាប់»។

នៅក្នុងបទសម្ភាសន៍ជាមួយ ប្រព័ន្ធផ្សព្វផ្សាយCBS News ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ លោក Araghchi បានច្រានចោលការអះអាងថា អ៊ីរ៉ង់បានស្វែងរកការបញ្ចប់អរិភាព។ រដ្ឋមន្ត្រីរូបនេះបាននិយាយថា «យើងមិនដែលស្នើសុំបទឈប់បាញ់ទេ ហើយយើងក៏មិនដែលស្នើសុំសូម្បីតែការចរចា ដែរ។ យើងត្រៀមការពារខ្លួនរយៈពេលយូរតាមដែលអាចធ្វើទៅបាន»។ លោកបាននិយាយថា អ៊ីរ៉ង់នឹងបន្តប្រតិបត្តិការរបស់ខ្លួនរហូតដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump «ឈានដល់ចំណុចដែលថា នេះជាសង្គ្រាមខុសច្បាប់ដែលគ្មានជ័យជម្នះ»។ ចំពោះច្រកសមុទ្រ Hormuz រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនទាន់បានបិទផ្លូវទឹកនេះនៅឡើយទេ។

លោកនិយាយថា «រឿងនេះអាស្រ័យលើយោធារបស់យើងក្នុងការសម្រេចចិត្ត ហើយពួកគេបានសម្រេចចិត្តរួចហើយក្នុងការអនុញ្ញាតឱ្យក្រុមនាវាដែលជាកម្មសិទ្ធិរបស់ប្រទេសផ្សេងៗឆ្លងកាត់»។
ថ្លែងអំពីបញ្ហានុយក្លេអ៊ែរ លោក Araghchi បានបញ្ជាក់ជាថ្មីថា ទីក្រុងតេអេរ៉ង់ មិនដែលស្វែងរកអាវុធនុយក្លេអ៊ែរទេ។ ដោយបង្ហាញថា អ៊ីរ៉ង់បានព្រមព្រៀងកាត់បន្ថយអ៊ុយរ៉ានៅញ៉ូមដែលចម្រាញ់រួចរបស់ខ្លួនក្នុងអំឡុងពេលចរចាមុនការវាយប្រហារជាមួយសហរដ្ឋអាមេរិក រដ្ឋមន្ត្រីរូបនេះបាននិយាយថា សម្ភារៈចម្រាញ់ទាំងនោះពេលនេះ «ស្ថិតនៅក្រោមគំនរបាក់បែក» បន្ទាប់ពីការវាយប្រហារលើរោងចក្រនុយក្លេអ៊ែររបស់ខ្លួន។