ប្រណាំងកង់៖ ជើងឯក Tour de France ថ្មីថ្មោងកីឡាករស្លូវេនី Tadej Pogacar បានក្លាយជាជើងឯកព្រឹត្តិការណ៍ប្រណាំងកង់ Tirreno-Adriatico នៅប្រទេសអ៊ីតាលី ក្រោយបញ្ចប់ការប្រកួតដំណាក់កាលចុងក្រោយថ្ងៃអង្គារម្សិលមិញ។
ការប្រកួតដែលមានចំនួន ៧ដំណាក់កាល ក្នុងនោះដំណាក់កាលចុងក្រោយមានចំងាយផ្លូវត្រឹម ១១.១គីឡូម៉ែត្រប៉ុណ្ណោះ ជាដំណាក់កាលប្រណាំងយកថេរវេលាផ្ទាល់ខ្លួន កីឡាកររបស់ក្រុម UAE Team Emirate, Tadej Pogacar បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ ក្នុងដំណាក់កាល ខណៈអ្នកឈ្នះគឺកីឡាករប៊ែលហ្ស៊ិក Wout van Aert របស់ក្រុម Jumbo-Visma។
ដោយបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ ក្នុងដំណាក់កាលចុងក្រោយ Tadej Pogacar គ្រប់គ្រាន់ល្មមនឹងគ្រងជើងឯក Tirreno-Adriatico នេះក្រោយមានវេលាសរុបល្អជាងគេបូកទាំង ៧ដំណាក់កាល ២៦ម៉ោង ៣៦នាទី ១៧វិនាទី តាមពីក្រោយដោយ Wout van Aert ១នាទី ៣វិនាទី និងលេខ៣ បានទៅកីឡាករអេស្ប៉ាញ Mikel Landa របស់ក្រុម Bahrain Victoria យឺតជាង ៣នាទី ៥៣វិនាទី៕
អត្ថបទ៖នាង សុភាវុធ