ភ្នំពេញ៖ បន្ទាប់ពីទទួលបានដំណឹងអំពីការទទួលពាក្យស្នើសុំការចុះបញ្ជី ដើម្បីមានលទ្ធភាពក្នុងការនាំចេញផ្លៃមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិននោះ ប្រជាកសិករជាច្រើនគ្រួសារក្នុងខេត្តប៉ៃលិន បានសម្តែងក្តីសាទរ និងរីករាយបំផុត ព្រមទាំងអះអាងថា នឹងធ្វើការដាក់ពាក្យស្នើសុំចុះបញ្ជីជាផ្លូវការ ដើម្បីពិនិត្យលទ្ធភាពក្នុងការនាំចេញ។
លោក ស្រេង ស្រៀង សមាជិកទទួលបន្ទុកព័ត៌មានទីផ្សារសហគមន៍មៀនប៉ៃលិន នៅព្រឹកថ្ងៃទី២៨ មីនា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថា ក្នុងចំណោមសមាជិក ១៩៣គ្រួសារនៃសហគមន៍ក្នុងខេត្តចំនួន៤ រួមមាន ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ បាននិងកំពុង ទាក់ទងនិងលើការដាក់លើពាក្យទៅកាន់ក្រសួងដើម្បីធ្វើការនាំចេញ ហើយសង្ឃឹមទៀតថា នៅប៉ុន្មានខែខាងមុខទៀតនឹងមានទីផ្សារមៀនប៉ៃលិន ពីប្រទេសកម្ពុជា ទៅទីផ្សារប្រទេសចិន។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានឲ្យដឹងដែរថា គិតចាប់ពីការថ្ងៃជូនដំណឹង មន្ទីរកសិកម្មខេត្ត នៅមិនទាន់មានកសិករមកទាក់ទងនៅឡើយទេ។
ប៉ុន្តែមានប្រជាកសិករជាច្រើនគ្រួសារបានចាប់អារម្មណ៍ និងរីករាយចំពោះដំណឹងដ៏ល្អនេះ ក្រោយក្រុមការងារបានចុះ និងផ្សព្វផ្សាយព័ត៌មាននេះ ជូនប្រជាពលរដ្ឋ និងប្រជាកសិករដាំដុះមៀនក្នុងខេត្ត។
ពាក់ព័ន្ធដំណឹងខាងលើនេះ លោកប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន និងតំណាងសហគមន៍មៀនប៉ៃលិន បានអះអាងថា នឹងបង្កើនការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាបង្ហាត់ បង្ហាញនូវចំណេះដឹងពាក់ព័ន្ធការដាំដុះ ថែទាំ និងបច្ចេកទេសនានាជូនដល់ប្រជាកសិករ ដើម្បីជំរុញដល់ការនាំចេញ និងបង្កើនលទ្ធភាពក្នុងការផ្គត់ផ្គង់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះថ្ងៃទី២៥ ខែមីនាកន្លងទៅ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចូលជាធរមាន កាលពីថ្ងៃទី១៦ ខែមីនាកន្លងទៅថ្មីៗនេះ។
អនុវត្តតាមស្មារតីកិច្ចប្រជុំកំពូលរវាងកម្ពុជាជាមួយភាគីចិន កាលពីរសៀលថ្ងៃ១៨ ខែមីនា ស្ដីពីការជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ដែលបានចូលជាធរមានសម្រាប់អ្នកមានបំណងផលិតនិងកែច្នៃវេចខ្ចប់នាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិន សូមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការៈ និងរោងចក្រវេចខ្ចប់ផ្លែមៀនសម្រាប់នាំចេញ នៅអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ អត្ថបទ៖ ឈិត បូរ៉ាវី